កាន់​តែ​ច្បាស់​ហើយ​ថា Xiaomi Mi 7 មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​កញ្ចក់​អេក្រង់!

Published Date: Saturday, April 7, 2018 05:41 PM

មានក្រុមហ៊ុនតិចតួចណាស់ ដែលកំពុងចាប់អារម្មណ៍ យកបច្ចេកវិទ្យានេះ មកប្រើប្រាស់ បន្ទាប់ពី ក្រុមហ៊ុន Vivo បានបង្កើតឡើង នូវស្មាតហ្វូន ដែលមានទ្រនាប់ស្កេន ម្រាមដៃ ក្រោមកញ្ចក់អេក្រង់ បង្ហាញរូបភាពមុនគេ ទើបចាប់ផ្តើមមាន ព័ត៌មានផ្សេងៗ ថាក្រុមហ៊ុនដទៃទៀត ក៏កំពុងតែអភិវឌ្ឍន៍ បច្ចេកវិទ្យានេះដែរ ស្របពេលមានព័ត៌មាន ចុងក្រោយមួយទៀត បង្ហាញពីស្មាតហ្វូន Mi 7 ជំនាន់ក្រោយ របស់ Xiaomi ក៏អាចឲ្យអ្នកប្រើប្រាស់ ស្កេនម្រាមដៃ លើកញ្ចក់អេក្រង់ បានដែរ។

 

ជំហ៊ានដំបូង វាគ្រាន់តែជាព័ត៌មានបែកធ្លាយ ស្ថិតក្នុងការ សង្ស័យប៉ុណ្ណោះ ប៉ុន្តែដំណឹងចុងក្រោយបាន បង្ហាញពីការតប មតិរបស់អ្នកគាំទ្រ ដោយនាយកប្រតិបត្តិ ផ្ទាល់តែម្តង លោក Lei Jun ជាអ្នកតបមតិនោះ ព្រោះមានអ្នកគាំទ្រ ជជែកវែកញែក ពីស្មាតហ្វូន Mi 7 ជំនាន់ក្រោយ អាចនឹងមានទ្រនាប់ ស្កេនសម្រាមដៃក្រោម កញ្ចក់អេក្រង់ ទើបពេលនេះ អស់ចម្ងល់ និងការសង្ស័យទៀតហើយ។ អំឡុងពេលនេះ យើងមិនទាន់បានឃើញរូបរាង បែកធ្លាយរបស់ស្មាតហ្វូន នេះនៅឡើយទេ ដូច្នេះយើងក៏មិន អាចបញ្ជាក់ថា វាជាការពិត ឬយ៉ាងណាទេ តែយើងអាចជឿនូវអ្វី ដែលយើងបានឃើញ ការតបមតិរបស់នាយក ប្រតិបត្តិបាន។ គ្រាន់តែដំណឹងប៉ុណ្ណេះ ក៏អាចធ្វើឲ្យអ្នកគាំទ្រ ផលិតផល Xiaomi ទទួលបានអារម្មណ៍ សប្បាយចិត្ត និងគេងលក់ស្រួលដែរ យប់នេះ។

 

នៅមានព័ត៌មានបែកធ្លាយខ្លះៗ បានបង្ហើបថា Mi 7 ក្រោយនេះ អាចមានអេក្រង់ដល់ 5.65 អ៊ីញ, មានក្បាលឆក, ប្រើឈីប Snapdragon 845, រ៉េមទំហំ 8GB និងតម្លៃខ្ទង់ 475 ដុល្លារប៉ុណ្ណោះ ដូច្នេះយើងអាចតាមដាន បន្តទៀត ព្រោះនេះ មិនមែនជាដំណឹងច្បាស់ការ នៅឡើយទេ។ បន្ទាប់ពីបានដឹង ដំណឹងនេះ អ្នកគាំទ្រ ក៏កាន់តែរំជួលចិត្ត ចង់ឃើញរូបរាងពិត របស់ស្មាតហ្វូននេះ។

សរុបសេចក្តីមក មានដំណឹងចុងក្រោយមួយ បានបង្ហាញពីការតបមតិ របស់នាយកប្រតិបត្តិ Lei Jun របស់ Xiaomi តបការជជែកវែកញែក របស់អ្នកគាំទ្រថា ស្មាតហ្វូន Mi 7 ជំនាន់ក្រោយ អាចមានមកជាមួយ ទ្រនាប់ស្កេនម្រាមដៃក្រោម កញ្ចក់អេក្រង់ ហើយនេះ ពិតជាអាចទៅរួច បន្ទាប់ពីយើងបាន ឃើញការតបមតិ របស់លោក។

Credit: Cambo Report