កាន់​តែ​មែន​ទែន​ហើយ​ Huawei​ ព្រោះ​ពេល​នេះ​​ចូល​ដល់​វេន​របស់​ Microsoft​ ម្តង​!

Published Date: Thursday, May 23, 2019 09:04 AM

យើងបានដឹងហើយថា ជម្លោះពាណិជ្ជកម្មរវាង Trump និង Huawei កាន់តែរីករាលដាល ធំទៅៗ ពីមួយទៅមួយថ្ងៃ ធ្វើអោយអ្នកចូលចិត្តព័ត៌មានបច្ចេកវិទ្យា មិនអាចសម្ងំ មិនតាមដានមិនបាន។ ក្រុមហ៊ុនល្បីៗ ជាច្រើន ដូចជា Google, Qualcomm និង Intel បានធ្វើការប្រកាស ជាសាធារណៈថា ពួកគេនឹងបញ្ឈប់ការសហការគ្នា ជាមួយក្រុមហ៊ុនចិន Huawei។ សូម្បីតែ ក្រុមហ៊ុនអង់គ្លេស ARM ដែលជួយផ្នែកបច្ចេកវិទ្យា ទៅលើការផលិតឈីប Kirin នោះ ក៏ត្រូវបានកាត់ផ្តាច់ដែរ។

ប៉ុន្តែអ្វីដែលកាន់តែក្តៅគគុកនោះ គឺថាក្រុមហ៊ុន Microsoft ដែលធ្លាប់តែបញ្ជាក់ និងបង្ហាញពីភាពមិនទាន់ច្បាស់លាស់ ថាព្រម ឬមិនព្រម ធ្វើតាមក្រុមហ៊ុនដទៃ លើបំរាមចំពោះក្រុមហ៊ុន Huawei តាមរយៈច្បាប់ថ្មី ដែលចែងដោយសហរដ្ឋអាមេរិក (Trump) នោះ គឺបានបញ្ចេញចម្លើយ មកហើយ។ មែនហើយ ពេលនេះ Microsoft បានធ្វើការបញ្ឈប់ ការលក់កុំព្យូទ័រ Huawei MateBook X Pro នៅក្នុងអនឡាញ Store របស់ខ្លួន ជាផ្លូវការហើយ ក៏ប៉ុន្តែ Microsoft នឹងនៅតែបន្តអោយលក់ ផលិតផលកុំព្យូទ័រជាម៉ាករបស់ Huawei នេះ ដែលកំពុងមានស្រាប់ រហូតដល់អស់ពីស្តុក។ ត្រង់ចំនុចនេះ យើងអាចសនិដ្ឋានបានថា អ្វីដែល Microsoft កំពុងតែធ្វើពេលនេះ ប្រហែលមកការមិនអាចទ្រាំ ជាមួយសម្ពាធដែល ដូណាល់ ត្រាំ បានចាត់បញ្ជូលក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ ដូចទៅនឹងគម្រូរបស់ ក្រុមហ៊ុនល្បីៗ មុនៗ ដូចជា Google, Qualcomm, Intel និង ARM អញ្ចឹងដែរ។

ជាចុងក្រោយ យើងមានតែរង់ចាំ តាមដានភាគបន្តទៀត ថាក្រោយពីក្រុមហ៊ុនធំៗ ជាច្រើន នៅសហរដ្ឋអាមេរិច នាំគ្នាបញ្ឈប់ការសហការគ្នា ជាមួយ Huawei បែបនេះ! តើក្រុមហ៊ុនចិនមួយនេះ អាចនឹងមានដំណោះស្រាយ យ៉ាងណា? តើសង្គ្រាមពាណិជ្ជកម្ម រវាងជើងខ្លាំងទាំងពីរនេះ នឹងទៅជាបែបណា?