កុំព្យូទ័រ​កូន​កាត់ Surface Pro 6 ស៊េរី 2018 ចេញ​ថ្មីជាមួយ​ខ្លួន​ខ្មៅ​ក្រឹប និង​ល្បឿន​លឿន​ជាង​មុន

Published Date: Thursday, October 4, 2018 02:28 PM

បន្ទាប់ពីមានការបែកធ្លាយជាច្រើនដងកន្លងមក ទីបំផុតក្រុមហ៊ុន Microsoft បានប្រកាសចេញ ជាផ្លូវការនូវកុំព្យូទ័រកូនកាត់ ដែលបានចេញ ជាច្រើនឆ្នាំ មានច្រើនជំនាន់ កន្លងទៅ នូវជំនាន់ថ្មី ដែលទទួលបានការបង្កើន សមត្ថភាពខាងក្នុង កាន់តែប្រសើរ នោះគឺ Surface Pro 6។ ជាមួយនឹង Surface Pro 6 ម្ចាស់របស់វា អាចធ្វើការបានច្រើនជាងមុន ទទួលបាននូវល្បឿន ដែលពួកគេត្រូវការ ជាមួយរូបរាងស្រដៀងទៅនឹង Surface Pro និង Surface RT ជំនាន់មុនៗផងដែរ អាចឲ្យយើងប្រើប្រាស់ វាជាថេប្លេត និងកុំព្យូទ័របាន ដោយគ្រាន់តែបន្ថែម ជាមួយក្ដារចុចពីខាងក្រៅ។

Surface Pro 6 មានតួខ្លួនប្រណិត ស្រោប និងការពារឡើងដោយលោហៈ ជាមួយនឹងការបន្ថែមនូវ ពណ៌ខ្មៅស្រអាប់ បន្ថែមមួយទៀត ជាការវិលត្រឡប់មកវិញ នៃខ្សែស្រឡាយ Surface ដែលវាមើលទៅទាក់ទាញ ថែមទាំងមិនតោង ស្នាមម្រាមដៃច្រើន នៅពេលចាប់កាន់ដោយដៃទទេ រួមជាមួយនឹងទម្ងន់សរុប 775 ក្រាម។ នៅផ្ទៃខាងមុខ វាប្រើប្រាស់អេក្រង់ IPS ទំហំ 12.5 អ៊ីញដដែល បង្ហាញរូបភាព ក្នុងកម្រិត 2736 x 1824p ច្បាស់ម៉ដ្ឋ បង្ហាញពណ៌ដិតល្អ មានល្បឿន 60Hz អាចចុចបញ្ជា ដោយម្រាមដៃចំនួន 10  (Touchscreen) ជាមួយនឹងការប្រើប្រាស់បាន 13.5 ម៉ោង សម្រាប់ការ ប្រើប្រាស់ទូទៅ ឬបានតិចជាងនេះ សម្រាប់ការប្រើប្រាស់ធ្ងន់ៗ ទៅលើការអូសក្រាហ្វិច ឬទស្សនាវីដេអូ កម្រិតច្បាស់ 4K ជាដើម។

សម្រាប់កម្លាំងម៉ាស៊ីនវិញ Surface Pro 6 បានបង្កើនល្បឿនប្រសើរ ជាងជំនាន់មុនច្រើន ដោយវេចខ្ចប់មកជាមួយនឹង ខួរក្បាលរបស់ Intel ជំនាន់ទី 8 ថ្មី ជាប្រភេទ Core i5 មាន Core ចំនួន 4 គ្រាប់ ដោយ Microsoft អះអាងថា វារត់លឿនជាង CPU នៅលើ Surface ជំនាន់មុនដល់ទៅ 67% ថែមទាំងកាត់បន្ថយកម្ដៅ បានយ៉ាងល្អប្រសើរផងដែរ អមមកជាមួយនឹង RAM DDR4L ទំហំ 8GB ឡើងទៅ 16GB តាមការជ្រើសរើស និងអង្គផ្ទុកទិន្នន័យចាប់ពី 128GB ឡើង។ ជាងនេះទៅទៀត កាមេរ៉ាក៏ត្រូវបានកែសម្រួល បន្ថែមឡើងដល់ 8 មេហ្គាភិចសែល នៅខាងក្រោយ និង 5 មេហ្គាភិចសែល នៅខាងមុខ សម្រាប់ធ្វើការថតរូប វីដេអូ ឬ Call តាមរយៈ Online ដែលត្រូវការ Webcam តែរន្ធ I/O វិញ នៅរក្សាដដែល មានន័យថា Surface Pro 6 នៅមិនទាន់មានរន្ធ USB C នៅឡើយទេ ដែលអាចដើរតួ ជារន្ធ Thunderbolt 3 គួរឲ្យសោកស្ដាយផង។

 

Microsoft នឹងបញ្ចេញ Surface Pro 6 មានពីរពណ៌គឺទឹកប្រាក់ និងខ្មៅស្រអាប់ លក់ក្នុងតម្លៃ ចាប់ផ្ដើម USD 899 ឡើងទៅនៅថ្ងៃទី 16 ខែតុលា តទៅនេះ ដែលមាន CPU Core i5 មាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB តែនៅមិនទាន់រាប់បញ្ចូល តម្លៃក្ដារចុចខាងក្រៅឡើយ ដោយយើងត្រូវចំនាយប្រាក់ ក្រៅបន្ថែមទៀត ទិញខាងក្រៅ ដែលមាន 4 ពណ៌សម្រាប់ជ្រើសរើស។

 

 

ប្រភពៈ CAMBO REPORT