ចង់ដឹង​អត់​ថា Galaxy S10 Lite នឹង​មាន​ថាមពល​ថ្ម​ទំហំ​ប៉ុណ្ណា?

Published Date: Wednesday, January 9, 2019 08:31 AM

មានប្រភពបរទេសជាច្រើន បានបង្ហាញថា សម្រាប់ដើមឆ្នាំ 2019 នេះ ទូរសព្ទខ្សែស្រឡាយ Galaxy S10 ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung អាចនឹងមានច្រើនម៉ូឌែល និងមានចំនុចប្លែកខុសពីគ្នារៀងៗខ្លួន ផងដែរ។ យោងតាមប្រភពលេចធ្លាយចុងក្រោយមួយ បាន​លើកឡើងថា Galaxy S10 ដែលត្រៀមចេញដើមឆ្នាំនេះ អាចនឹងមានដល់ទៅ 5 ម៉ូឌែល រួមមាន Galaxy S10 Lite, Galaxy S10, Galaxy S10+, Galaxy S10 5G និង Galaxy S10 Bolt ជាដើម។

តួយ៉ាង សម្រាប់ម៉ូឌែល Galaxy S10 Lite ត្រូវបានគេបញ្ជាក់ថា វាមានលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន រាងទាបជាងម៉ូឌែល S10 ផ្សេងៗ ដោយអេក្រង់របស់វា អាចមានទំហំ 5.8 អ៊ីញ រាបស្មើរ អត់មានកោងគែមសងខាងទេ, មានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ និងកាមេរ៉ាខាងមុខចំនួន 1 គ្រាប់។ ចំណែកឯបន្ទះឈីបវិញ Galaxy S10 Lite អាចនឹងឈានដល់ការប្រើប្រាស់ Snapdragon 855 / Exynos 9820 ដូចបងប្អូនរបស់វាដែរ ប៉ុន្តែសម្រាប់ដំណើរការកម្រិតសេវាអ៊ីនធើណេត គឺបានត្រឹម 4G ប៉ុណ្ណោះ។

ឥលូវ​នេះ ចំនុចមួយថ្មីទៀត ត្រូវបានបង្ហាញបន្ថែមលើម៉ូឌែល Galaxy S10 Lite នេះដដែល ពាក់ព័ន្ធនឹងទំហំនៃកម្លាំងថាមពលថ្ម។ យោងតាមរូបភាពលេចធ្លាយមួយសន្លឹក ដែលបានមកពីទីភ្នាក់ងារផ្តល់វិញ្ញាប័នប័ត្រ បញ្ជាក់ពីសមត្ថភាពថ្មរបស់ទូរសព្ទ នៅកូរ៉េខាងត្បូង បាន​បង្ហាញថា ថាមពលថ្មរបស់ Galaxy S10 Lite មានទំហំ 3100mAh ដោយទំហំប៉ុណ្ណោះ បើយើងធៀបជាមួយស្មាតហ្វូន Android លំដាប់ៗ ផ្សេងៗទៀត គឺរាងទាបជាងគេ បន្តិចទៅហើយ។

អញ្ចឹង អ្វីដែលយើងទទួលបាន និងចង់បង្ហាញដល់ប្រិយមិត្តអ្នកអាន និងអ្នកគាំទ្ររបស់ Samsung គឺទាក់ទងទៅនឹងកម្លាំង​ថាមពលថ្ម​របស់​ទូរសព្ទ Galaxy S10 Lite ប៉ុណ្ណោះ ចំណែកឯម៉ូឌែលផ្សេងៗទៀត នៅមិនទាន់ដឹងនៅឡើយទេ។ ចុះប្រិយមិត្តគិតយ៉ាងណាដែរ ចំពោះទំហំថាមពលថ្មប៉ុននេះ សម្រាប់ Galaxy S10 Lite? តើវាសមមាត្រទេ ជាមួយលក្ខណៈសម្បត្តិទំហំអេក្រង់ និងកម្លាំងម៉ាស៊ីន ដែលវាអាចនឹងមាន ដូចដែលបង្ហាញពីខាងលើនោះ?

ប្រភព៖ CAMBO REPORT