ជួប​ជាមួយ DJI Osmo កាមេរ៉ា​ល្អ​បំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​ថត​វីដេអូ ឬធ្វើ Vlog

Published Date: Friday, November 30, 2018 01:05 PM

យើងធ្លាប់តែឃើញក្រុមហ៊ុន DJI ផលិតនូវម៉ាស៊ីន Drone ហោះលើមេឃ ដើម្បីថតរូបភាព ពិសេសថតវីដេអូកម្រិតច្បាស់ ជា​ច្រើន​ម៉ូឌែល ដេញស៊េរីទៅតាមឆ្នាំ ក៏ដូចជាឧបករណ៍ត្រកូល Osmo សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនកាន់ថតពេញៗដៃ ដែល​ជួយ​ច្រើន​ទៅ​ដល់​ការផលិតវីដេអូ។ មកដល់ចុងឆ្នាំ 2018 នេះ វាគឺជារឿងភ្ញាក់ផ្អើលមួយទៀតនៅពេល DJI លូកដៃចូលកាន់តែជ្រៅ ចូល​ទីផ្សារ​កាមេរ៉ា ដែលនឹងធ្វើឲ្យបទពិសោធន៍ប្រើប្រាស់កាន់តែប្រសើរជាងមុនថែមមួយកម្រិតទៀត។

ជួបជាមួយ DJI Osmo Pocket កាមេរ៉ាសម្រាប់ថតវីដេអូ ដែលមានទំហំតូច ងាយស្រួលទុកដាក់ យកតាមខ្លួន និងផ្ដល់នូវភាពងាយ​ស្រួល​ក្នុងការប្រើប្រាស់ ដោយវាជាប្រភេទកាមេរ៉ាតូច តែមានដងកាន់ ងាយស្រួលដេញថតសកម្មភាពប្រើប្រាស់តែដៃម្ខាង មិនចាំ​បាច់​ប្រើ​ដៃពីរ។ DJI OSmo Pocket បំពាក់មកជាមួយនឹងសេនស័រទំហំ 1/2.3 ជាប្រភេទ CMOS មានកែវលែន ដែលមានកម្រិត Aperture ធំបំផុត f/2.0 អាចថតក្នុងកម្រិតមុំ 80 ឌឺក្រេ និងអាចថតរូបសន្លឹកបានក្នុងទំហំ 12 មេហ្គាភិចសែល។ ជាងនេះទៅទៀត មុខងារថតវីដេអូគឺជាចំនុចស្នូល ដែលវាអាចថតបានរហូតដល់កម្រិត 4K ក្នុងល្បឿន 60fps ពិតជាពិសេស ហើយក៏អាច​កំណត់​ធ្លាក់​មក​ថតត្រឹម 30fps ក៏បាន ឬចង់ទំលាក់កម្រិត Resolution ចុះមក 2K ឬ 1080p ក៏បានតាមការកំណត់ ដែលវាមានមុខងារ​ទប់​លំនឹង 3-axis ជួយការពាររំញ័របានយ៉ាងប្រសើរ ដូច្នេះអ្នកប្រើប្រាស់មិនត្រឹមតែអាចកាន់វាជាប់ដៃនោះទេ វាអាចភ្ជាប់​ទៅ​កាន់​ឧបករណ៍​ផ្សេងៗទៀតបាន អាចភ្ជាប់ជាមួយនឹងសត្វ វត្ថុ ឬចុះមុជទឹកសាប ទឹកប្រៃបានទាំងអស់ ជាមួយនឹងជំនួយកែវ​លែន​ការពារទឹក និងធូលីដូចវីដេអូខាងក្រោម៖

 

កាន់តែពិសេសទៀតនោះ ដើម្បីផ្ដល់ភាពងាយស្រួល DJI Osmo Pocket មានភ្ជាប់មកជាមួយនឹងអេក្រង់ពណ៌ Touchscreen មួយមករួចជាស្រេច អំណោយផលដល់ការថតរូប Selfie ឬថតវីដេអូខ្លួនឯង ហើយកាន់តែអស្ចារ្យសម្រាប់អ្នកថត Vlog ទៀតផង ព្រោះវាមិនត្រឹមតែការពាររំញ័របានល្អប៉ុណ្ណោះទេ វាក៏មានមុខងារ Tracking ដេញចាប់មុខទៀតផង ដែលនេះពិតជាពិសេសសម្រាប់ Vlogger ឬអ្នកថតវីដេអូកម្សាន្ត ដើម្បីធ្វើជាកម្រងអនុស្សាវរីយ៍ជាដើម ។ល។ DJI ក៏បើកសិទ្ធិឲ្យម្ចាស់កាមេរ៉ាមួយនេះភ្ជាប់ Osmo Pocket ទៅកាន់ស្មាតហ្វូនតាមឌុយ USB C និងរន្ធ Lightning ទៀតផង មានន័យថាម្ចាស់ iPhone ក៏ដូចជា Android អាចភ្ជាប់​កាមេរ៉ានេះដើម្បីថត ដោយមើលតាមរយៈអេក្រង់ទំហំធំរបស់អ្នកបានយ៉ាងមានភាពងាយស្រួល ថែមទាំងរន្ធ Mic ស្រូបសម្លេង ដើម្បី​ធ្វើ​ឲ្យប្រព័ន្ធសម្លេងកាន់តែល្អប្រសើរ។

Osmo Pocket ចាប់ផ្ដើមចេញលក់ហើយគិតចាប់ពីថ្ងៃនេះតទៅ តាមគេហទំព័រផ្លូវការរបស់ DJI ផ្ទាល់ក្នុងតម្លៃ USD 349$ ដែល​នឹង​ត្រៀមដឹកជញ្ជូនទៅតាមបណ្ដាប្រទេសក្នុងរយៈពេល 2 សប្ដាហ៍ ហើយវាក៏នឹងមានលក់នៅតាមហាងលក់កាមេរ៉ាផ្សេងៗទៀត ក្នុង​ពេលឆាប់ៗខាងមុខនេះ!

ប្រភពៈ​ CAMBO REPORT