ទាំងនេះជាលក្ខណៈសម្បត្តិមួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​មុន​ខ្លះ​ពី Galaxy A80 ថ្មី​របស់ Samsung

Published Date: Wednesday, April 10, 2019 03:44 PM

ក្រុមហ៊ុន Samsung បានប្រកាសចេញស្មាតហ្វូន Galaxy ត្រកូល A ថ្មី មានលេខពីរខ្ទង់ បានចំនួន 6 ម៉ូឌែលហើយ រួមមាន Galaxy A10, Galaxy A20, Galaxy A30, Galaxy A40, Galaxy A50 និង Galaxy A70 ឯតម្លៃវិញ ក៏សមរម្យដែរ ដោយ​អាស្រ័យ​ទៅតាមលក្ខណៈសម្បត្តិ លើម៉ូឌែលនីមួយៗ។ សម្រាប់ការបញ្ចេញវត្តមាន Galaxy A(xx) មកជាបន្តបន្ទាប់បែបនេះ គឺ​ដើម្បីប្រកួតប្រជែងដណ្តើមទីផ្សារ ជាមួយក្រុមហ៊ុនចិន ដែលកំពុងវាយលុកតម្លៃលក់ និងឆក់យកទឹកចិត្តអ្នកប្រើប្រាស់ អោយទិញ​ផលិតផល​របស់ពួកគេ។

ក្រៅពី Galaxy A10, A20, A30, A40, A50 និង A70 នោះ ក្រុមហ៊ុន Samsung ក៏នៅមាន Galaxy ត្រកូល A ចំនួន 3 ម៉ូឌែល​ទៀត ដូចជា Galaxy A60, A80 និង A90 ដែលអាចនឹងបង្ហាញវត្តមាន នៅពេលឆាប់ៗខាងមុខនេះ។ ក្នុងនោះ យើង​ក៏​ទទួល​បាន​ព័ត៌មាន​លេចធ្លាយ លើលក្ខណៈសម្បត្តិខ្លះៗ ពី Galaxy A60 និង A90 ដែរ នៅឡើយតែ Galaxy A80 ប៉ុណ្ណោះ។

 

នៅក្នុងពេលថ្មីៗនេះ ស្រាប់តែយើងបានប្រទះឃើញ ការធ្វើតេស្តមួយនៅលើ Geekbench ដែលមានភ្ជាប់ជាមួយលេខសម្គាល់ SM-A85F ដោយគេបានបញ្ជាក់ថា វាជាម៉ូឌែល Galaxy A80។ តាមការធ្វើតេស្ត បានបង្ហាញថាទូរសព្ទ Galaxy A80 អាចនឹង​ប្រើប្រាស់​បន្ទះឈីប Snapdragon 675, មាន CPU ចំនួន 8 គ្រាប់ អាចរត់ក្នុងល្បឿន 1.8GHz, ទទូលបានពិន្ទុ Single-core 2488 និង ពិន្ទុ Multi-core 6732។ ស្មាតហ្វូននេះ អាចនឹងមាន RAM ទំហំ 8 GB ដោយទំហំរ៉េមប៉ុណ្ណេះ វាអាចជួយអោយកម្លាំងម៉ាស៊ីន ដំណើរការ​បានល្អគួរសម សម្រាប់ការប្រើប្រាស់។ សម្រាប់លក្ខណៈសម្បត្តិវិញ ត្រូវបានបង្ហើបថា វាអាចនឹងមានអេក្រង់ទំហំធំ 6.7 អ៊ីញ ប្រភេទ OLED ជាមួយកម្រិតបង្ហាញរូបភាព Full HD+។ វាអាចនឹងមានថាមពលថ្មទំហំ 3700mAh ទ្រទ្រង់ជាមួយកម្លាំងសាក 27W បាន និងដំណើរដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 9 Pie ចេញពីប្រអប់។

សរុបមក យើងក៏មិនទាន់ដឹងច្បាស់ថា វាអាចនឹងដូចការបង្ហាញពីខាងលើ ទាំងស្រុង ឬអត់នោះដែរ គឺមានតែរង់ចាំព័ត៌មានផ្លូវការ ពីក្រុមហ៊ុន Samsung ផ្ទាល់ប៉ុណ្ណោះ ទើបអាចប្រាកដក្នុងចិត្តបាន។ យ៉ាងណា យើងនឹងធ្វើការអាប់ដេតជាព័ត៌មានជាបន្តទៀត មកចែករំលែកអោយប្រិយមិត្តទាំងអស់គ្នាបានដឹង ពេលទូរសព្ទនេះ ចេញប្រកាសផ្លូវការ។

ប្រភព៖ CAMBO REPORT