ទូរសព្ទប្រើ​កម្រិត​សេវា​អ៊ីនធើណេត 5G របស់ OnePlus អាច​នឹង​​​​ថ្លៃជាង​ជំនាន់​មុន​ខ្ទង់ 100 ដុល្លារ

Published Date: Monday, November 26, 2018 08:27 AM

ក្នុងឆ្នាំ 2019 ខាងមុខនេះ យើងសង្គេតឃើញថា មានបណ្តាក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើន បាននឹងកំពុងតម្រង់​កាណុង​តម្លើង​សេវាអ៊ីនធើណេតថ្មី ទៅកាន់កម្រិត 5G សម្រាប់បំពាក់អោយប្រើប្រាស់នៅលើទូរសព្ទជំនាន់ក្រោយ របស់ពួកគេ  ដើម្បី​ប្រកួត​ប្រជែងគ្នា ដោយក្នុងនោះ ក៏រាប់បញ្ចូលទាំងក្រុមហ៊ុន OnePlus ផងដែរ។

ជាក់ស្តែង កាលពីមួយរយៈមុន ក៏មានប្រភពមួយចំនួន បានធ្វើការចុះផ្សាយដោយបង្ហាញថា ក្រុមហ៊ុន OnePlus នឹងនាំយកទូរសព្ទ​ដែល​អាច​ប្រើប្រាស់ កម្រិតសេវា 5G មកកាន់ទីផ្សារស្មាតហ្វូន សម្រាប់ឆ្នាំក្រោយ (2019) ដែលវាអាចជាស្មាតហ្វូន OnePlus 7 ឬអាចចេញមួយម៉ូឌែលណាផ្សេងទៀត ស្ថិតនៅ​ធុនកណ្ដាល (ដែលប្រើខួរក្បាល Snapdragon 675 ថ្មី) ដើម្បីអោយអតិជន​របស់ខ្លួន បានទទួលអារម្មណ៍ថ្មី នៃល្បឿនអ៊ីនធើណេត។ ក្នុងនោះ ជំនួបរវាងលោក Cristiano Amon ដែលជាអគ្គនាយករបស់ Qualcomm ជាមួយលោក Carl Pei អគ្គនាយក OnePlus ក៏បានបញ្ជាក់ និងទទួលស្គាល់លើចំនុចមួយនេះ ផងដែរ។

ចំនុចចុងក្រោយ ដែលយើងទើបទទួលបាន និងចង់បង្ហាញប្រិយមិត្តអ្នកអានទាំងអស់នោះ គឺថាស្មាតហ្វូន OnePlus ដែលនឹង​បំពាក់​សេវាអ៊ីនធើណេតកម្រិត 5G នេះ អាចនឹងមានតម្លៃថ្លៃជាងមុនខ្ទង់ 100 ដុល្លារ ដោយនេះបើធៀបជាមួយតម្លៃដើមរបស់ OnePlus 6T ជំនាន់ថ្មីនេះ។ ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ លើតម្លៃនេះ?

ប្រភពៈ​ CAMBO REPORT