ទូរសព្ទ​ចេក​របស់ Nokia ត្រៀម​ដាក់​លក់​លើ​ទឹក​ដី​អាស៊ី​ចុង​ខែនេះ!

Published Date: Monday, May 14, 2018 01:42 PM

ក្រុមហ៊ុន HMD Global បានដាក់បង្ហាញទូរសព្ទរហ័សនាមថា ទូរសព្ទចេក ព្រោះវាមានរូបរាង កោងបន្តិច ស្រដៀងទៅនឹងផ្លែចេក ជាពិសេសវាក៏មាន ជម្រើសពណ៌លឿងដែរ ឬយើងហៅ ឈ្មោះផ្លូវការថា Nokia 8110 តាំងពីខែមីនា ក្នុងព្រឹត្តិការណ៍ Mobile World Congress (MWC)។ ទើបមកដល់ពេលនេះ បានមានព័ត៌មាន ច្បាស់ការថា ទូរសព្ទនេះ នឹងមានដាក់លក់ នៅចុងខែនេះ នៅក្នុងតំបន់អាស៊ីយើង ដោយការដាក់លក់ក្នុងប្រទេស សាំងហ្គាពួរ និងវៀតណាមមុនគេ ជាមួយតម្លៃខ្ទង់ 80 ដុល្លារ សហរដ្ឋអាមេរិក។

ទូរសព្ទនេះ មានអេក្រង់បង្ហាញរូបភាពធម្មតា មិនមែនថាច់ស្រ្គីនទេ ទំហំ 2.4 អ៊ីញ ប្រើកញ្ចក់ប្រភេទ QVGA, មានកាមេរ៉ាក្រោយទំហំ 2 មេហ្គាភិចសែល, អ្នកប្រើប្រាស់អាចលេង ហ្គេមពស់បានដោយសេរី, បើនិយាយពី ថាមពលវិញ ទូរសព្ទនេះ អាចប្រើប្រាស់បានដល់ 25 ថ្ងៃឯណោះ ព្រោះជាគ្រាន់តែ ទូរសព្ទធម្មតា មិនមែនជាស្មាតហ្វូន ដែលត្រូវការ ថ្មច្រើននោះទេ។ សព្វថ្ងៃនេះ មានក្រុមហ៊ុជាច្រើន ដែលកំពុងខំប្រឹងផលិតតែ ស្មាតហ្វូន តែបែរជាបោះបង់ការ ផលិតទូរសព្ទធម្មតាៗ បែបនេះទើប Nokia ដែលធ្លាប់ល្បីល្បាញខាង ផលិតទូរសព្ទប្រភេទនេះ នៅតែបន្តការផលិត របស់ពួកគេ ហើយយើងក៏ចង់ឃើញ ក្រុមហ៊ុននេះ ល្បីឈ្មោះម្តងទៀតដែរ នៅពេលខាងមុខ។

 

វីដេអូខាងក្រោម៖

 

 

សរុបមក ទូរសព្ទ Nokia 8110 ដែលមានរហ័សនាមថា ទូរសព្ទចេក ឬទូរសព្ទដែលមានរូបរាង ស្រដៀងទៅនឹងផ្លែចេក ត្រូវបានក្រុមហ៊ុន បញ្ជាក់ហើយថា នឹងមានដាក់លក់នៅ តំបន់អាស៊ី នាចុងខែឧសភានេះ ដោយការដាក់លក់ នៅក្នុងប្រទេស សាំងហ្គាពួរ និងវៀតណាម មុនគេ ជាមួយតម្លៃខ្ទង់ 80 ដុល្លារ សហរដ្ឋអាមេរិក ដូច្នេះវាក៏អាច ឆាប់មកដល់ទីផ្សារ ស្រុកយើងដែរ រីឯតម្លៃអាចថ្លៃ ជាងបន្តិច។

ប្រភពៈ CAMBO REPORT