ទូរស័ព្ទដើរដោយប្រព័ន្ធAndroidបានផ្ញើរទិន្នន័យទីតាំងរបស់អ្នកទៅឱ្យGoogleដោយអ្នកមិនដឹងខ្លួន
Published Date: Wednesday, November 22, 2017 04:03 PMរបាយការណ៍ស៊ើបអង្កេតរបស់គេហទំព័រQuartzកាលពីពេលថ្មីៗនេះបានបង្ហាញថា ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធAndroidបានផ្ញើរទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុនGoogle បើទោះបីជាអ្នកប្រើប្រាស់បានបិទមុខងារទីតាំង (Location) ឬទោះជាអ្នកមិនកំពុងប្រើប្រាស់កម្មវិធីណាមួយ ឬក៏ទូរស័ព្ទនោះមិនមានស៊ីមកាតក៏ដោយ។
របាយការណ៍នោះបញ្ជាក់ទៀតថា ក្រុមហ៊ុនGoogle បានប្រមូលទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់តាំងពីដើមឆ្នាំ២០១៧មកម្លេះ។ នៅរាល់ពេលដែលអ្នកភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយប្រព័ន្ធអ៊ីនធើណេត ពេលនោះទូរស័ព្ទរបស់អ្នកនឹងបញ្ជូនទិន្នន័យទីតាំងលោកអ្នកទៅឱ្យក្រុមហ៊ុនGoogle ដោយស្វ័យប្រវត្តិ។

រូបភាពពីGadget
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុនGoogleបានបញ្ជាក់ប្រាប់គេហទំព័រ Quartz ថា មូលហេតុដែលGoogleប្រមូលទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ ព្រោះGoogleចង់ដឹងអំពីទីតាំងអង់តែនទូរស័ព្ទនៅក្នុងតំបន់របស់អ្នកប្រើប្រាស់ក្នុងគោលបំណងពង្រឹងមុខងារផ្តល់Notification និង Messageឱ្យកាន់តែប្រសើរ នៅលើប្រព័ន្ធដំណើរការAndroid។ ការប្រមូលយកទិន្នន័យនោះទៀតសោត គឺធ្វើឡើងត្រឹមរយៈពេល១១ខែតែប៉ុណ្ណោះ។ អ្នកនាំពាក្យដដែលបានបន្តថា ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ទាំងអស់ នឹងមិនត្រូវបានរក្សាទុកក្នុងគោលបំណងផ្សេងនោះទេហើយGoogle នឹងឈប់ប្រមូលទិន្នន័យនេះនៅបំណាច់ខែវិច្ឆិកាខាងមុខ។
យ៉ាងណាក៏ដោយ ការទាញយកទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញាតិពីសមីខ្លួន អាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ទូរស័ព្ទផ្ទាល់ខ្លួន។ ម្យ៉ាងទៀត ការធ្វើបែបនេះ អាចធ្វើឱ្យប៉ះពាល់ដល់អ្នកដែលចង់រក្សាការសម្ងាត់ទីតាំងរបស់ខ្លួនផងដែរ។
គេនៅមិនទាន់ប្រាកដទេថា តើការប្រមូលទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធAndroidនោះ អាចក្នុងគោលបំណងដើម្បីកំណត់គោលដៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មឬយ៉ាងណានោះទេ៕
គួរបញ្ជាក់ផងដែរថា នៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់សេវារបស់Google បានបញ្ជាក់យ៉ាងច្បាស់ថា “នៅពេលលោកអ្នកប្រើប្រាស់សេវារបស់Google យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការប្រមូលយកព័ត៌មានអំពីទីតាំងរបស់លោកអ្នក។ យើងអាចប្រើប្រាស់បច្ចេកវិទ្យាផ្សេងៗដើម្បីប្រមូលទិន្នន័យដែលក្នុងនោះមានដូចជា IP Address, GPS, និងសេនស័រផ្សេងៗ ដើម្បីកំណត់ទីតាំងរបស់ឧបករណ៍Android”៕
ប្រភព: gadgets.ndtv.com & Quartz
ប្រែសម្រួលដោយ: KoungY Phone Shop