បញ្ហា​អវិជ្ជមាន​ទាំង ៥ យ៉ាង ដែល​ស្មាតហ្វូន​កំពុង​វិវឌ្ឍន៍​ខ្លួន​ទៅរក!

Published Date: Friday, April 20, 2018 09:11 AM

យើងអាចទទួលស្គាល់បានថា ស្មាតហ្វូននាពេលបច្ចុប្បន្ននេះបានវិវឌ្ឍន៍ ខ្លួនកាន់តែប្រសើរទៅហើយ ពីមួយឆ្នាំ ទៅមួយឆ្នាំ ព្រោះយើងបានឃើញ ស្មាតហ្វូនកាន់តែមាន រូបរាងស្រស់ស្អាត មានអេក្រង់លាតធំនៅក្នុង ទំហំតូច ហើយជាពិសេស គឺគុណភាពកម្លាំងម៉ាស៊ីន កាមេរ៉ា និងមុខងារថ្មីៗ។ ប៉ុន្តែទន្ទឹងនឹងការរីកចម្រើននិង វិវឌ្ឍន៍ខ្លួនទៅកាន់ សភាពប្រសើរទាំងនោះ វាក៏មានចំណុចមួយចំនួន កំពុងតែធ្វើឲ្យកើតជាការ រំខានផងដែរ ដែលមើលទៅ វាមិនទំនងកើតឡើង ទាល់តែសោះ ដែលក្រុមហ៊ុនព្យាយាម មានមុខងារដូចៗគ្នា និងមានរូបរាងស្ទើរ តែច្រលំគ្នាទៅវិញ។

 

1.    អេក្រង់ឆក

 

យើងមិនអាចប្រកែកបានទេថា ទូរសព្ទនាពេលបច្ចុប្បន្ននេះ មានរូបរាងកាន់តែតូច និងបំពាក់អេក្រង់លាតបានធំ ប៉ុន្ដែទូរសព្ទទាំងនោះ ព្យាយាមពង្រីកអេក្រង់ រហូតដល់ បែរជានាំគ្នាវិវឌ្ឍន៍ អេក្រង់ឆកទៅវិញ។ យើងពិតជាទទួលបាននូវ អេក្រង់ធំជាងមុន ប៉ុន្តែរូបរាង អេក្រង់ឆក វាហាក់ដូចជាទើសបន្ដិច ហើយអេក្រង់ឆក មិនមែនមានតែមួយ ឬពីរក្រុមហ៊ុនឡើយ ពោលទូរសព្ទបំពាក់អេក្រង់ឆក មានស្ទើរគ្រប់ក្រុមហ៊ុនទៅហើយ ដោយភាគច្រើន គឺក្រុមហ៊ុនចិន កូរ៉េ និងអាមេរិច ធ្វើឲ្យរូបរាងខាងមុខ របស់វាដូចៗគ្នា និងមិនអាចបែងចែក ទូរសព្ទម៉ូឌែលអ្វី ឲ្យច្បាស់លាស់ឡើយ។

2.    ការបំបាត់រន្ធដោតកាស

ការបំបាត់រន្ធដោតកាស ៣.៥ មីលីម៉ែត្រគឺជារឿងមិនសមហេតុផលទាល់តែសោះ ចំពោះក្រុមហ៊ុនមួយចំនួន។ យើងអាចនិយាយបានថា ក្រុមហ៊ុនបំបាត់ រន្ធដោតកាសនេះ ព្រោះទូរសព្ទមួយចំនួន ត្រូវបានបំពាក់នូវ អាវក្រោះការពារទឹក តែមិនចង់ចំណាយច្រើន លើគុណភាពផលិត ឬមួយចំនួនទៀត មានកម្រាស់ស្ដើងរកកន្លែង បំពាក់រន្ធដោតកាស មិនបាន ជាដើម។ ប៉ុន្តែទូរសព្ទមួយ ចំនួនទៀតវិញ មានកម្រាស់ក្រាស់ ហើយក៏មិនមានបំពាក់ នូវអាវក្រោះការពារ អ្វីសោះឡើយ (ឧទាហរណ៍ Razer Phone, HTC U Ultra, Mi Mix 2 ជាដើម) ប៉ុន្តែបែរជានាំគ្នា បំបាត់រន្ធដោតកាស ចោលទៅវិញ។

3.    ខ្នងខាងក្រោយជាកញ្ចក់

 

ទូរសព្ទមួយចំនួនធំ ដែលបំពាក់ខ្នង ខាងក្រោយជាកញ្ចក់ ភាគច្រើនគេបំពាក់នូវ បច្ចេកវិទ្យាសាកថ្មឥតខ្សែ ដោយសារតែវាងាយ បំពាក់បន្ទះឈីប និងបញ្ជូន ថាមពលបានល្អ។ ប៉ុន្តែខ្នងកញ្ចក់នេះ ក៏បង្កើតជាបញ្ហា ច្រើនផងដែរ ដូចជាវាងាយនឹង ប្រឡាក់ស្នាមដៃ ងាយរអិល និងងាយបាក់បែក ទៀតផង បើទោះយើងធ្វើប្រហែស ធ្លាក់ល្មមៗ ក៏វាប្រេះស្រាំ ឬបាក់បែកដែរ។

4.    កាមេរ៉ាលៀន

 

មនុស្សភាគច្រើនមិនចូលចិត្ត ទូរសព្ទណា ដែលមានកាមេរ៉ាលៀន ចេញនោះទេ ព្រោះវានឹងអាចសឹក ទ្រទាប់កញ្ចក់ ខាងក្រៅ នៅពេលដាក់នៅលើ ផ្ទៃរាបស្មើ។ ការរចនាកាមេរ៉ាលៀន ចេញមកក្រៅ ក្រុមហ៊ុន Samsung បានព្យាយាម បំបាត់តាំងពីជំនាន់ Galaxy S7 មក ផ្ទុយទៅវិញក្រុមហ៊ុន មួយចំនួនដូចជា Apple បែជាព្យាយាម ពន្លៀនចេញកាន់តែខ្លាំង តាំងពីជំនាន់ iPhone 7 ចំណែកក្រុមហ៊ុន មួយចំនួនទៀតដូចជា Huawei និង Xiaomi ដែលមិនធ្លាប់មាន កាមេរ៉ាលៀន ក៏បញ្ចេញកាមេរ៉ាលៀន ដែរពេលនេះ។

5.    មុខងារជំនួយការសម្លេង

 

មុខងារជំនួយការសម្លេង មានច្រើនប្រភេទណាស់ដូចជា Siri, Google Assistant, Alexa -ល- គឺជាមុខងារវៃឆ្លាត សម្រួលដល់ការប្រើប្រាស់ របស់យើង ជាពិសេសនៅពេល ប្រើប្រាស់ អ៊ីនធើណេត ហើយក្រុមហ៊ុននីមួយៗ បានព្យាយាម បញ្ចេញមុខងារ Assistant ដែលផលិតដោយខ្លួនឯង ដើម្បីបន្ថែមពីលើអ្វី ដែលមានស្រាប់។ បើយើងលើកលែង iPhone ចេញ ឃើញថាទូរសព្ទ Android ទាំងអស់ ដែលប្រើប្រាស់ Android Marshmallow ឡើងទៅ សុទ្ធសឹងតែមាន មុខងារ Google Assistant ទាំងអស់ ប៉ុន្តែគេបានព្យាយាម ចំណាយលុយបន្ថែម ដើម្បីផលិត Assistant ផ្ទាល់ខ្លួន បន្ថែមទៀត ជាន់ពីលើទៅវិញ។ ជាក់ស្ដែងយើងបាន ឃើញក្រុមហ៊ុន Samsung (Bixby), Xiaomi (XiaoAI), HTC (HTC Sense Companion), ហើយក៏បានឃើញ LG ព្យាយាមធ្វើ ThinQ ទៀត។ នេះមិនមែនជា ចំណុចអាក្រក់នោះទេ ប៉ុន្តែពិតជាចំណាយ លុយច្រើន ទើបក្រុមហ៊ុន ដូចជា OnePlus, Google គេប្រើប្រាស់តែ Google Assistant គឺគ្រប់គ្រាន់។

ប្រភពៈ​ Cambo Report