បើ Apple Watch ជំនាន់​ទី 4 មាន​រចនាបថ​អេក្រង់​បែប​នេះ​មែន មុខ​ជា​ត្រូវ​ត្រៀម​លុយ​ទៀត​ហើយ

Published Date: Wednesday, July 25, 2018 08:51 AM

ស្របពេលដែល ការប្រកាសចេញទូរសព្ទ iPhone ជំនាន់ថ្មី កាន់តែខិតជិតមកដល់ នាពេលខាងមុខនោះ យើងក៏បានដឹងដែរថា ក្រុមហ៊ុន Apple បាននឹងកំពុងត្រៀមខ្លួន រួចជាស្រេច ដើម្បីនាំយក Apple Watch ជំនាន់ទី 4 មកបង្ហាញអោយ ពិភពលោក បានឃើញជាបន្តទៀត។ ក្នុងនោះ ក្រុមការងារយើង ក៏ធ្លាប់បានចុះផ្សាយ ពីព័ត៌មានលេចធ្លាយមួយចំនួន ពាក់ព័ន្ធនឹងលក្ខណៈសម្បត្តិ របស់នាឡិកាឆ្លាតវៃនេះ មកចែករំលែកអោយ អ្នករាល់គ្នាបានដឹង ផងដែរ។

ថ្មីៗនេះ ស្រាប់តែមានប្រភពមួយ បានបញ្ចេញវីដេអូ Concept រូបរាងរបស់ Apple Watch Series 4 ជំនាន់ថ្មី ហើយវាក៏ជាអ្នក នឹងស្នងតំណែង បន្តពី Series 3 ផងដែរ។ តាមរយៈវីដេអូ ដែលបង្ហាញរូបរាង Concept របស់ នាឡិកាឆ្លាតវៃ ជំនាន់ទី 4 ដែលគេបានឌីហ្សាញ មកនេះ គឺគេបានរចនាឡើង ទៅតាមព័ត៌មាន លេចធ្លាយ ចុងក្រោយមួយ ដែលបង្ហាញថា វាអាចនឹងមានទំហំ អេក្រង់ ធំជាងស៊េរីមុនៗ ដល់ទៅ 15 ភាគរយ។ ចំពោះរូបរាង និងកម្រាស់របស់វាវិញ ហាក់មិនសូវ ខុសគ្នាប៉ុន្មានពី Apple Watch ជំនាន់ទី 3 នោះទេ ប៉ុន្តែវាមានទំហំតួខ្លួន រាងធំជាងមុន។ យ៉ាងណា ដើម្បីអោយកាន់តែ ច្បាស់ពី Concept រូបរាងរបស់ Apple Watch Series 4 ជំនាន់ថ្មីនេះ សូមទស្សនាវីដេអូដូចខាងក្រោម៖

 

សរុបមក នេះគ្រាន់តែជា Concept រូបរាងនាឡិកាឆ្លាតវៃ Apple Watch ជំនាន់ទី 4 ដែលត្រូវបានគេឌីហ្សាញ ជាមួយទំហំអេក្រង់ធំ សម្រាប់ជាគំនិតពិចារណាមួយ ហើយយើងក៏មិនអាច សនិដ្នានបានដែរថា តើវាអាចនឹងដូច ទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬយ៉ាងណា។ ហើយប្រសិនបើ វាមានរូបរាង និង រចនាបថបែបហ្នឹងមែន ខ្ញុំគិតថា វាពិតជាស្អាតមែនទែន ថែមទាំងមើលទៅ ទាក់ទាញទៀតផង។ ចុះអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ?

ប្រភពៈ​ CAMBO REPORT