បែកធ្លាយរូបភាពរបស់ OnePlus 6 ដែលប្រើប្រាស់ Notch នៅលើអេក្រង់ និងបន្ទះឈីប Snapdragon 845

Published Date: Monday, April 9, 2018 08:28 AM

នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានបង្ហោះនូវរូបភាព Teaser របស់ស្មាតហ្វូនស៊េរីថ្មី OnePlus 6 ឃើញថា ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ ក៏ត្រូវបានគេមើលឃើញយ៉ាងច្បាស់ផងដែរ។ ប្រសិនបើលោកអ្នកពិនិត្យមើលទៅលើរូបភាពដែលបែកធ្លាយនេះ អ្នកនឹងឃើញស្មាតហ្វូននេះ មានគែមស្រដៀងគ្នាទៅនឹងស្មាតហ្វូន OPPO R15 ដែលទើបតែប្រកាសបង្ហាញខ្លួននៅក្នុងពេលថ្មីៗនេះ។

 

ផ្នែកខាងមុខរបស់ស្មាតហ្វូន OnePlus 6 ត្រូវបានគេរំពឹងថា នឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងស្មាតហ្វូន OPPO R15 ដូចនេះ មិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ប៉ុន្តែនេះ គឺជាលើកដំបូងបំផុត ដែលយើងឃើញនូវរូបភាពពិតប្រាកដនៃផ្នែកខាងមុខរបស់ស្មាតហ្វូន OnePlus 6 នេះនោះ។

 

ពេលនេះ ដូចអ្វីដែលអ្នកបានឃើញ ស្មាតហ្វូននេះ បានប្រើប្រាស់នូវ Notch នៅលើអេក្រង់ ដែលមិនមានអ្វីដែលថ្មីនោះទេ ពីព្រោះថា លោក Carl Pei ធ្លាប់បានបញ្ជាក់រួចមកហើយថា ការប្រើប្រាស់នូវ Notch នេះ ពិតជាកើតឡើង ហើយអ្នកគាំទ្ររបស់ក្រុមហ៊ុន OnePlus ក៏បានបញ្ចេញនូវអារម្មណ៍របស់ពួកគេនៅលើ Twitter ផងដែរ សម្រាប់រឿងនេះ។ ស្មាតហ្វូននេះមានស៊ុមព័ទ្ធអេក្រង់ ពិតជាស្តើងមែនទែន ហើយផ្អែកទៅលើព័ត៌មានដែលបង្ហាញនៅលើអេក្រង់របស់ស្មាតហ្វូននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ បានប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 64-bit octa-core។

 

ផ្នែកខាងក្រោយរបស់ស្មាតហ្វូន OnePlus 6 ក៏ទើបតែបានបែកធ្លាយកាលពីពេលថ្មីៗនេះផងដែរ តាមការទម្លាយរបស់ Evan Blass។ ប្រសិនបើរូបភាពនេះ គឺជាការពិតនោះ ស្មាតហ្វូន OnePlus 6 នឹងមានផ្នែកខាងក្រោយខុសប្លែកពីស្មាតហ្វូន OPPO R15 តែស្រដៀងគ្នាទៅនឹងសម្បកស្រោមផ្លូវការរបស់ស្មាតហ្វូន OnePlus 5Tl នោះ។

 

កាលពីពេលមុននេះ ស្មាតហ្វូនស៊េរីថ្មី OnePlus 6 ត្រូវបានគេរំពឹងថា នឹងមកដល់នៅខែមិថុនាខាងមុខនេះ ប៉ុន្តែគេសង្ស័យថា អាចនឹងបង្ហាញខ្លួននៅមុនខែមេសានេះ ដោយសារតែស្មាតហ្វូននេះ មានការបែកធ្លាយព័ត៌មានជាច្រើន ហើយក៏មានការបង្ហោះនូវរូបភាព Teaser របស់ក្រុមហ៊ុន OnePlus ផងដែរ។

 

ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវមុខងារ navigation gestures ស្របពេលដែលមុខងារថ្មីៗជាច្រើនទៀត ក៏បានបន្ថែមទៅលើស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះ មានរន្ធដោតកាសស្តាប់ 3.5mm headphone jack រ៉េមផ្ទុកទិន្នន័យទំហំ 6GB និង 8GB ។ ស្មាតហ្វូនស៊េរីថ្មីនេះមានអេក្រង់ទំហំ 6.28-inch Full-HD+ (2280×1080 ភិចសែល) ហើយវាក៏ប្រើប្រាស់នូវបច្ចេកវិទ្យា Dash Charge fast charging ផងដែរ៕

Credit: Electronic World Magazine