ផ្ទាំង​ផូស្ទ័រ​ស្មាតហ្វូន OPPO F11 Pro ត្រូវ​បាន​លេច​ធ្លាយ​ពី​រូប​រាង​ទាំង​មូល​តែ​ម្តង

Published Date: Monday, February 11, 2019 08:43 AM

Find X គឺជាស្មាតហ្វូនបោះជំហ៊ានលើកដំបូងរបស់ក្រុមហ៊ុន OPPO ដែលបានបំពាក់អេក្រង់លាតធំ 93.8% សល់គែមកាន់តែខ្លីបំផុត និងគ្មានម៉ូតឆក ណាមួយឡើយ។ អ្វីដែលកាន់តែពិសេស ទៀតនោះ វាក៏មានប្រើប្រាស់បច្ចេកវិទ្យាថ្មី ដែលអាចលាក់បង្កប់កាមេរ៉ា ទាំងកាមេរ៉ាមុខ ទាំងកាមេរ៉ាខាងក្រោយ នៅក្នុងតួខ្លួន ដោយទាល់តែពេលប្រើប្រាស់ ទើបវាហូតចេញមកក្រៅ។

ចាប់តាំងពីវត្តមាន Find X មក គឺមានបណ្តាអ្នកគាំទ្រជាច្រើន បានរំពឹង និងសង្ឃឹមថា ខាងក្រុមហ៊ុន OPPO នឹងនាំយកស្មាតហ្វូនម៉ូឌែលផ្សេងៗ ស្ថិតនៅជំនាន់ក្រោយៗ ដែលមានអេក្រង់លាតធំ និងគ្មានបំពាក់ម៉ូតឆក មកជាបន្តទៀត។

មើលទៅគ្រប់យ៉ាង អាចនឹងក្លាយជាការពិតហើយ សម្រាប់ឆ្នាំ 2019 នេះ ព្រោះថា នៅពេលថ្មីៗនេះ ស្រាប់តែមានរូបភាព Poster មួយសន្លឹក ត្រូវបានលេចធ្លាយ និងមានគេ Share ចែកចាយបន្តព្រោងព្រាតតែម្តង។ នៅក្នុងរូបភាពនោះដែរ គឺបានបង្ហាញរូបរាង ស្មាតហ្វូនមួយម៉ូឌែល មានឈ្មោះថា F11 Pro មានអេក្រង់លាត គ្មានឆកដូចទៅនឹង OPPO Find X ដែរ ចំណែកឯម៉ូត កាមេរ៉ានៅខ្នងខាងក្រោយ គឺស្ថិតនៅចំជួរកណ្តាល រាងបញ្ឈរចុះក្រោម ជាមួយកាណុងកាមេរ៉ាភ្លោះ មានអមដោយ Flash LED នៅខាងលើ និងមានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោមកាមេរ៉ា។ លើសពីនេះ នៅក្នុង Poster បានសរសេរបញ្ជាក់ បន្ថែមទៀតគឺ 48 MP និង Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយ នៃស្មាតហ្វូននេះ នឹងមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល អាចនឹងប្រើប្រាស់សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។

ជាចុងក្រោយ ពាក់ព័ន្ធនឹងកាមេរ៉ាខាងមុខ មិនត្រូវបានបង្ហាញនោះទេ ថាវាជាកាមេរ៉ាហូតដូច OPPO Find X ឬជាម៉ូតកាមេរ៉ាលៀន ដូចទៅនឹងស្មាតហ្វូន របស់ក្រុមហ៊ុនផ្សេងៗ ឬក៏យ៉ាងណានោះឡើយ ប៉ុន្តែមានប្រភព មួយបានបង្ហើបថា កាមេរ៉ាមុខរបស់ F11 Pro នេះ អាចនឹងមានទំហំលោត ដល់ទៅ 32 មេហ្គាភិចសែលឯណោះ។ ចុះប្រិយមិត្តអ្នកអានវិញ ពេញចិត្តនឹងរូបរាងរបស់ OPPO F11 Pro នេះទេ?

ប្រភព៖ CAMBO REPORT