ផ្លូវ​ការ​ហើយ OnePlus 6T អាច​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់ តែ​គ្មាន​រន្ធដោត​កាស 3.5mm ទេ

Published Date: Friday, October 5, 2018 09:59 AM

បើយើងគិតពី OnePlus 6T បន្តិច យើងអាចដឹងថា វានឹងមានអេក្រង់ល្អ កាត់គែមសល់ខ្លី, បន្ទាប់ពីកាត់គែមខ្លីហើយ វាក៏នៅកាត់ឆកចោលទៀត និងប្រើ Notch តំណក់ទឹកជំនួសវិញ, បន្ទាប់ពីនោះ វានឹងបន្ថែមបច្ចេកវិទ្យា ស្កេនម្រាមដៃ លើអេក្រង់ទៀតផង។ ដូចនេះអ្នកកាន់ OnePlus 6T នឹងមិនច្រលំ ជាមួយ OnePlus 6 នោះទេ។ ក្រុមហ៊ុន OnePlus ព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ នៅលើកំពូលទូរសព្ទ របស់ពួកគេ បានលឿនល្អមែន និងមិនធ្វើឲ្យពួកវា នៅមួយកន្លែងឡើយ ជាក់ស្ដែងម៉ូឌែល T នៅលើលេខ 6 ដែលត្រៀមបង្ហាញខ្លួននេះ វានឹងលេចធ្លោ កាន់តែច្រើនទៀតហើយ ទៅលើផ្នែក រចនាបថខាងមុខ។

OnePlus ដឹងច្បាស់ថា ល្បឿននិងតម្លៃ វាប្រហែលជាមិនធ្វើឲ្យ អ្នកគាំទ្រគ្រប់គ្នា ភ្ញាក់ផ្អើលនោះទេ ព្រោះគេដឹងទម្លាប់ របស់ OnePlus ទៅហើយ ដូចនេះគេនឹង ព្យាយាមបំពាក់ បច្ចេកវិទ្យាថ្មីៗបន្ថែម ដើម្បីឲ្យទឹកលុយ សាកសមនឹងទទួលបាន ការគាំទ្រកាន់តែច្រើន ដោយសារតែ POCOPHONE បានមកលុកលុយ។ អញ្ចឹងយើងដឹងហើយថា OnePlus 6T មានកម្លាំងម៉ាស៊ីន ដូចទៅនឹង OnePlus 6 ដែរ ប៉ុន្តែមានអេក្រង់ថ្មី, កាមេរ៉ាភ្លោះ ខាងក្រោយថ្មី, អាចនឹងពាក់អាវក្រោះ ការពារទឹក ប៉ុន្តែរន្ធដោតកាស 3.5 មីលីម៉ែត្រ ត្រូវបានសម្លាប់ ចោលហើយ។ OnePlus 6T មានពាក្យស្លោកទូរសព្ទគឺ Unlock the Speed និងបច្ចេកវិទ្យា ស្កេនម្រាមដៃ Unlock the Future ទៀត បញ្ជាក់ថាពួកវា នឹងលឿនណាស់។ វីដេអូខាងក្រោម ដែលក្រុមហ៊ុន OnePlus បានបង្ហាញនោះ គឺបញ្ជាក់យ៉ាងច្បាស់ថា OnePlus 6T នឹងប្រើប្រាស់បច្ចេកវិទ្យា ស្កេនម្រាមដៃលើ អេក្រង់ផ្ទាល់ និងយើងឃើញ ថាមិនមានរន្ធ ដោតកាស 3.5mm ទៀតទេ។

វីដេអូខាងក្រោម៖ 

 

ការស្កេនម្រាមដៃ នៅខាងក្រោយ វាពិតជាពិបាក នៅពេលដែលអ្នកដាក់ទូរសព្ទ នៅលើតុ អញ្ចឹងការស្កេនលើ អេក្រង់នេះ វាឡូយ និងងាយស្រួលស្កេន ណាមួយរចនាបថ រូបរាងរបស់ស្មាតហ្វូន ក៏កាន់តែស្រស់ស្អាត និងមិនទើសភ្នែក នៅពេលដែលស្កេន ម្រាមដៃបង្កប់ក្នុង អេក្រង់បែបនេះ។

 

ប្រភពៈ CAMBO REPORT