ផ្សារ​អនឡាញ Amazon ទើប​ទម្លាយ​រូប​រាង​ និង​បង្ហាញ​គ្រប់​ជ្រុង​នៃ OnePlus 6​ ដែល​សន្និដ្ឋាន​ថា​វា​អាច​ជា​រូប​រាង​ពិត!

Published Date: Wednesday, May 16, 2018 09:11 AM

នៅសល់តែប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះ ក្នុងថ្ងៃទី 16 ខែនេះ ស្មាតហ្វូនកំពូល OnePlus 6 នឹងបង្ហាញវត្តមានជាផ្លូវការ លើទឹកដីទីក្រុងឡុងដ៍ ហើយអាចគិត ម៉ោងស្រុកយើង ចូលដល់ថ្ងៃទី 17 ហើយ ដូច្នេះយើងអាចរង់ចាំ តាមដានព្រឹត្តិការណ៍នោះ នៅក្នុងថ្ងៃទី 17 សម្រាប់ស្រុកយើង។ យើងបានដឹងដំណឹង ជាច្រើនហើយ ទាំងព័ត៌មានបែកធ្លាយ ពាក្យចចាមអារ៉ាម និងព័ត៌មានពិត ដូច្នេះយើងបានដឹងពី កម្លាំងម៉ាស៊ីនរបស់ ស្មាតហ្វូននេះ និងរូបរាងមួយចំនួនហើយ ទើបមកដល់ព័ត៌មាន ចុងក្រោយនេះ យើងអាចជឿ ជាក់បានកាន់តែច្បាស់ថា វាពិតជាមានរូបរៀងបែបនេះ ព្រោះរូបភាពត្រូវ បានចេញផ្សាយដោយ ផ្សារអនឡាញ Amazon តែម្តង រួចត្រូវបានលុបទៅវិញ តែសំណាងមាន គេដោនឡូដរូបទាំងនោះ ទុកទាន់ពេល។

 

បើនិយាយពីរូបរាងរបស់វា យើងអាចជឿជាក់បាន 99.99 ភាគរយ ថាវាជាការពិត បើយើងមើលឃើញរូបទាំងនេះ។ ស្មាតហ្វូននេះ មានអេក្រង់ខាងមុខ លាតសន្ធឹង ស្ទើរតែគ្មានសល់គែមសងខាង និងមានថ្ងាស់ឆកបន្តិច, ផ្នែកខាងក្រោយ ក្រាលដោយកញ្ចក់ រលើបរលោង អមជាមួយកាមេរ៉ាភ្លោះ ដាក់នៅចំកណ្តាល ផ្នែកខាងលើ ក្រោមបន្តិចមាន Flash បញ្ចេញពន្លឺ និងទ្រនាប់ស្កេន សម្រាមដៃនៅខាង ក្រោមនោះទៀត, គន្លឹះ Alert Slider បានដូរមកដាក់ នៅផ្នែកខាងស្តាំវិញ ក្រោមនោះបន្តិចជាប៊ូតុង Power, រីឯកន្លែងដាក់ស៊ីម មកនៅផ្នែកខាងឆ្វេង ដោយនៅក្រោមនោះ ជាប៊ូតុងសម្លេង, ផ្នែកខាងក្រោម យើងឃើញនៅមាន រន្ធដោតកាស រន្ធសាកថ្ម រន្ធបំពងសម្លេង និងផ្នែកខាងលើ ទទេរស្អាតមានរន្ធ គ្មានប៊ូតុងអ្វីឡើយ។

តាមប្រភពដដែល បានលើកឡើងថា OnePlus 6 នេះ នឹងមានដាក់លក់នៅថ្ងៃទី 22 ខែឧសភា សម្រាប់ហាងសាខា របស់ពួកគេនៅក្នុង ប្រទេសអាល្លឺម៉ង់ ដោយតម្លៃ 519 យ៉ូរូ ឬស្មើ 621 ដុល្លារ សម្រាប់អង្គផ្ទុកទិន្នន័យ 64GB និងតម្លៃ 569 យ៉ូរូ ឬស្មើ 680 ដុល្លារ អង្គផ្ទុកទិន្នន័យ 128GB ព្រមទាំងមាន ជម្រើសពណ៌ Midnight-black និង Mirror Black ដោយមិនទាន់ដាក់ លក់ពណ៌សនៅឡើយទេ។

 

សរុបមក យើងអាចជឿជាក់ បានកាន់តែច្បាស់ ថារូបរាងរបស់ OnePlus 6 ពិតជាមានរូបរាងបែបនេះ ដោយសារតែប្រភពជាច្រើន បានចេញផ្សាយមក រូបរាងដូចៗគ្នា ជាពិសេសយើង ជឿជាក់បាន ដោយទីផ្សារ Amazon ទំលាយ រូបទាំងនេះមកទៀត ដូច្នេះអ្នកដែលមានចិត្ត ស្រលាញ់ស្មាតហ្វូន នេះហើយ គួរចាប់ផ្តើមសន្សំប្រាក់ ដើម្បីធ្វើជាម្ចាស់ស្មាតហ្វូននេះ ដោយវាអាចមក ដល់ស្រុកយើង បន្ទាប់ពីដាក់លក់នៅស្រុកគេខ្ទង់ មួយសប្តាហ៍អីហ្នឹង។

ប្រភពៈ CAMBO REPORT