ពេលនេះ​ទទួល​បាន​រូប​ភាព​បែក​ធ្លាយ​រូប​រាង Galaxy Sport ជា​លើក​ដំបូង​ហើយ!

Published Date: Friday, February 8, 2019 11:35 AM

កាលពីសប្ដាហ៍មុននេះ ខេមបូរីផត បានចេញផ្សាយរួចម្ដង ហើយអំពីដំណឹងក្ដៅៗ ដែលនិយាយអំពីការត្រៀម បង្ហាញខ្លួននៃនាឡិកាវៃឆ្លាតជំនាន់ថ្មី 2 ផ្សេងទៀតគឺ Galaxy Sport ក្នុងខែកុម្ភៈនេះ ដោយដំណឹងនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីវា ត្រូវបានយកទៅបញ្ជាក់ អំពីគុណភាព និងសុវត្ថិភាពដោយគណៈកម្មាធិការ សំខាន់ៗជាច្រើន ដោយក្នុងនោះក៏មាន រូបភាពបែកធ្លាយ បង្ហាញឲ្យដឹងអំពីម៉ូឌែល និងសមត្ថភាពមួយចំនួនផងដែរ។

មកដល់សប្ដាហ៍នេះទីបំផុត យើងទទួលបាននូវរូបភាព បែកធ្លាយជាលើកដំបូង ដោយអះអាងថា វាគឺជារូបរាងនៃ Galaxy Sport ដែលក្រុមហ៊ុន Samsung អាចនឹងប្រកាសចេញជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ Galaxy S10 ត្រៀមនឹងមកដល់នា រយៈពេលប្រហែល 2 សប្ដាហ៍ខាងមុខ។ យោងតាមប្រភព ព័ត៌មានអន្តរជាតិ បានចេញផ្សាយឲ្យដឹងថា Galaxy Sport ជំនាន់ថ្មីនេះ មានចំនួន 3 ពណ៌សម្រាប់ជ្រើសរើសដូចជា ខ្មៅ ខៀវ និងទឹកមាសផ្កាឈូក ជាមួយនឹងរចនាបទមុខមូល ការពារដោយលោហៈ និងមានខ្សែជ័រ ការពារជើស និងធន់ ពាក់ប្រើប្រាស់បានយូរ មិនថារត់ ត្រូវថ្ងៃខ្លាំង ឬទឹកឡើយ។

ប្រភពដដែលបានបន្តទៀតថា Galaxy Sport អាចនឹងប្រើប្រាស់អេក្រង់ OLED ដើម្បីធានាទៅដល់ពណ៌ច្បាស់ដុតល្អ ពិសេសងាយស្រួលមើលនៅក្រោមពន្លឺថ្ងៃ យ៉ាងណាក៏ដោយសម្រាប់កម្លាំងម៉ាស៊ីន មុខងារវៃឆ្លាត និងពិសេសៗផ្សេងទៀត នៅមិនទាន់បែកធ្លាយ ច្រើនប៉ុន្មានទេ តែមិនយូរនោះទេ អាចថាប៉ុន្មានថ្ងៃខាងមុខទៀត យើងនឹងទទួលបានព័ត៌មានបន្ថែមអំពីវា តែបើតាមការសន្និដ្ឋាន វាអាចនឹងប្រើប្រាស់ឈីប ក៏ដូចជាលក្ខណៈសម្បត្តិផ្សេងៗ ទៀតដូចទៅនឹង Galaxy Watch អញ្ចឹងដែរ តែអ្វីដែលខុសធំបំផុតគឺ ការប្រើប្រាស់ជាមួយមុខងារ Bixby បានជាលើកដំបូង។

 

 

ប្រភព៖​ CAMBO REPORT