មាន​ដឹង​អត់​ថា Xperia XZ3 ជា​ស្មាតហ្វូន​ដំបូង​គេ​របស់ Sony ដែល​អាច​ប្រើ​សេវា 5G បាន?

Published Date: Friday, September 7, 2018 02:10 PM

មកដល់ពេលនេះសេវាអ៊ិនធឺណិត 5G បានកំពុងចាប់ផ្ដើមបណ្ដើរៗហើយ នៅឯប្រទេសជឿនលឿនមួយចំនួន តែវានៅមិនទាន់ ពេញលេញ ពេញលក្ខណៈសម្រាប់បំរើ ទៅដល់សេចក្ដីត្រូវការ របស់មនុស្សលោកនៅឡើយទេ ព្រោះវាត្រូវការផ្នែក បច្ចេកទេសច្រើន ដើម្បីផ្ដល់នូវល្បឿនលឿន ដល់ស្មាតហ្វូន ឆ្លងកាត់សេវាទៅវិញ ទៅមកតាមរយៈ ស៊ីមកាត។ យ៉ាងណាក៏ដោយ គម្រោង 5G នេះ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ កាន់តែទូលំទូលាយបំផុត នៅឆ្នាំ 2020 ខាងមុខ ហេតុដូច្នេះឆ្នាំក្រោយ 2019 យើងនឹងឃើញមាន ស្មាតហ្វូនជាច្រើន ពិសេសត្រកូល កំពូលស្មាតហ្វូន នឹងចាប់ផ្ដើមយក 5G ដាក់មុខហើយ ដើម្បីធានាទៅដល់ទីផ្សារ និងផ្គាប់ចិត្តអតិថិជន បើទោះបីជាប្រទេស មួយចំនួននៅឆ្នាំ 2021 ឬ 2022 នៅមិនអាចស្គាល់ រសជាតិ 5G នៅឡើយ។

សម្រាប់ក្រុមហ៊ុនជប៉ុន SONY វិញ ក៏បានប្រកាសឲ្យអតិថិជន និងពិភពលោក បានដឹងមុនផងដែរ នូវផលិតផល ដែលទើបនឹងបង្ហាញខ្លួន និងប្រកាសចេញ ជាផ្លូវការក្នុងព្រឹត្តិការណ៍ IFA 2018 កន្លងទៅ ជាអាវុធធំមួយផ្សេងទៀត ដែលត្រៀមនឹងមកដល់ ទីផ្សារឆាប់ៗខាងមុខនេះ នោះគឺ Xperia XZ3។ ជាមួយនឹងការ ប្រកាសចេញ XZ3 នេះដែរ SONY បានប្រកាសឲ្យដឹង ផងដែរថា XZ3 របស់ខ្លួន ដែលប្រើប្រាស់ឈីប ខួរក្បាលរបស់ Qualcomm លេខ Snapdragon 845 គឺជាស្មាតហ្វូនដំបូងគេ បង្អស់របស់ SONY ដែលមានសមត្ថភាពអាចរត់ និងទ្រទ្រង់ ផ្ដល់នូវបទពិសោធន៍ ទៅដល់អ្នកប្រើប្រាស់ ឲ្យស្គាល់ថាអ្វីទៅ ជាសេវា 5G ជាមួយល្បឿន Download បានខ្ពស់បំផុត លោតដល់ 2Gbps ឯណោះ។

គួរបញ្ជាក់ផងដែរថា Xperia XZ3 មិនមែន ជាស្មាតហ្វូនទីមួយ ដែលចេញចុងឆ្នាំ 2018 មានភ្ជាប់មកជាមួយនឹង សមត្ថភាពប្រើប្រាស់ អ៊ិនធឺណិត 5G នោះទេ ក្នុងនោះមានក្រុមហ៊ុន Xiaomi ដែលនឹងចេញ Mi Mix 3 ដែលអាចប្រើប្រាស់សេវា 5G ហើយក្រុមហ៊ុន Oppo, Lenovo និងមួយចំនួនផ្សេងទៀត បានកំពុងត្រៀមតម្លើងកាណុងរបស់ខ្លួន បាញ់ឈ្មោះទៅទីផ្សារ 5G ដែរហើយនាឆ្នាំ ក្រោយនេះ រួមមាន Galaxy S10 ផងដែរ ដែលអាចនឹងមានសមត្ថភាព ប្រើប្រាស់សេវាអ៊ីនធឺណិត កម្រិតលឿនបែបនេះ។ តែសម្រាប់ស្រុកខ្មែរយើង វាអាចនឹងមិនមានអ្វី អស្ចារ្យនៅឡើយទេ ខណៈក្រុមហ៊ុនផ្គត់ផ្គង់ សេវាអ៊ិនធឺណិត នៅមានកម្រិត នៅឡើយ!

 

ប្រភពៈ CAMBO REPORT