របាយការណ៍​មួយ​បង្ហាញ​ថា Samsung Galaxy Note 10 ចុង​ឆ្នាំ​នេះ អាច​នឹង​ចេញ​មក 4 ម៉ូឌែល!

Published Date: Wednesday, April 10, 2019 08:53 AM

ទោះជាស្មាតហ្វូន Galaxy  ត្រកូល Note លេខ 10 ស្ថិតក្នុងរយៈពេលយ៉ាងយូរទៀត ទម្រាំដល់ថ្ងៃចេញប្រកាសក៏ពិតមែន ប៉ុន្តែ​បើ​គិត​មក​ត្រឹមពេលនេះ យើងសង្គេតឃើញថា បណ្តាព័ត៌មានលេចធ្លាយ ពាក់ព័ន្ធនឹង Note 10 ជំនាន់ថ្មី ត្រូវបានចុះផ្សាយ ជាបន្ត​បន្ទាប់។ តួយ៉ាង ដូចជាជាងមួយសប្តាហ៍ មានប្រភពបរទេសមួយ បានលើកឡើង និងសន្មត់ថា Galaxy Note 10 ឆ្នាំនេះ អាច​នឹង​មិន​មែន​ចេញមកតែម្នាក់ឯងនោះទេ ប៉ុន្តែនឹងមាន Note 10 ជាបងប្អូនមួយទៀត ចូលមកបង្ហាញខ្លួន ក្នុងថ្ងៃប្រកាស។

ចំពោះ Note 10 ទី 2 នោះ អាចមានឈ្មោះហៅថា Note 10+ ជាម៉ូឌែលធំជាង Note 10 ឬអាចមានឈ្មោះថា Note 10e ជា​ម៉ូឌែល​តូចជាង Note 10 ជាមួយការយកគម្រូឈ្មោះតាម S10e ក៏ប៉ុន្តែភាគច្រើន គេបានរំពឹងខ្ពស់ថា វាអាចមានម៉ូឌែល Note 10+ មិនមាន Note 10e ឡើយ។

 

មិនទាន់ចប់ទេ ព្រោះនៅពេលថ្មីៗនេះ ស្រាប់តែមានរបាយការណ៍មួយ ចេញពីកូរ៉េខាងត្បូង ដែលជាប្រទេសដើមកំណើតនោះ បាន​អះអាង និងសន្មត់ថា សម្រាប់វត្តមានបងប្អូន Galaxy Note 10 ដែលត្រៀមចេញចុងឆ្នាំ 2019 នឹងមែនមែនតែ 2 ម៉ូឌែលឡើយ យ៉ាង​តិចក៏ 4 ម៉ូឌែលដែរ។ ប្រភពនេះ បានបង្ហាញថា Galaxy Note 10 ចំនួន 4 Version នោះ គឺមានបែងចែកជា 2 ប្រភេទ​ផ្សេងៗ​ពីគ្នា ដោយ Galaxy Note 10 ចំនួន 2 ស៊េរី នឹងប្រើប្រាស់ប្រព័ន្ធសេវាឡើងដល់កម្រិត 5G ចំណែក Galaxy Note 10 ចំនួន 2 ស៊េរីទៀត នឹងប្រើប្រាស់ប្រព័ន្ធសេវាអ៊ីនធើណេត ត្រឹមកម្រិត 4G ប៉ុណ្ណោះ។ បើយើងងាកទៅមើល Galaxy S10 វិញ ក៏​មាន​ម៉ូឌែលប្រើប្រព័ន្ធ 5G រួចរាល់ហើយដែរ នោះគឺ Galaxy S10 5G ដោយក្រុមហ៊ុន Samsung បានប្រកាសបញ្ជាក់ ជា​ផ្លូវការ​តែ​ម្ដង​ថា នឹងចាប់ផ្ដើមធ្វើការចេញលក់ស្មាតហ្វូនម៉ូឌែលនេះ ជាលើកដំបូង នៅក្នុងប្រទេសកូរ៉េខាងត្បូង មុនគេ។

អញ្ចឹង បើនិយាយសរុបមក នេះវានៅត្រឹមជារបាយការណ៍មួយ ដែលមិនទាន់ស្ថិត ក្នុងប្រភពផ្លូវការ នៅឡើយ ប៉ុន្តែយើងអាចកត់​ចំណាំ​ទុក​បាន ឬជឿត្រឹម 50 ភាគរយសិនចុះ ព្រោះពេលខ្លះ ដំណឹងលេចធ្លាយ ក៏អាចក្លាយជាការពិតបានដែរ។ ចុះសម្រាប់​ប្រិយមិត្ត​អ្នកអាន ជាពិសេសហ្វេន Samsung យល់យ៉ាងណាដែរ បើសិន Galaxy Note 10 ប្រកាសចេញ 4 Version ដូច​ទៅ​នឹង​ការបង្ហាញក្នុងរបាយការណ៍ ខាងលើមែន?

ប្រភព៖ CAMBO REPORT