រូបភាព Teaser ស្មាតហ្វូន​របស់ Lenovo នេះ​បាន​ពិត​ជា​អេក្រង់​លាត​ស្ទើរ​អស់​គែមមែន!

Published Date: Saturday, May 12, 2018 08:53 AM

ដូចដែលប្រិយមិត្តទាំងអស់គ្នា បានដឹងស្រាប់ហើយថា បច្ចុប្បន្ននេះ ស្មាតហ្វូនអេក្រង់លាត គឺទទួលបានការពេញនិយមខ្លាំង ជាមូលហេតុ ធ្វើអោយក្រុមហ៊ុន ទូរសព្ទភាគច្រើន បានព្យាយាម ផលិតស្មាតហ្វូន ដែលមានចំនុចមួយ ផ្នែកនេះ ជាមួយនឹង តម្លៃផ្សេងៗគ្នា ប៉ុន្តែសមត្ថភាពរបស់វា ក៏ទៅតាមហ្នឹងដែរ។ អ្វីដែលគួរអោយ ចំឡែកនោះ គឺថាស្មាតហ្វូន Android ជំនាន់ថ្មី របស់ក្រុមហ៊ុនជាច្រើន បាននាំគ្នាចូលបក្ស ឆក ជាហូរហែ ទោះបីដឹងថា អ្នកគាំទ្រាំភាគច្រើន មិនសូវចូលចិត្ត ក៏ដោយ។

យ៉ាងណា កាលពីពេលថ្មីៗនេះ ក្រុមការងារយើង បានធ្វើការចុះផ្សាយពាក់ព័ន្ធ រូបភាពមួយសន្លឹក ដែលខាងក្រុមហ៊ុន Lenovo បានបង្ហោះឲ្យអតិថិជន និងអ្នកគាំទ្ររបស់ខ្លួន បានឃើញនូវ ស្មាតហ្វូនជំនាន់ថ្មីមួយ ជាមួយនឹង រូបមួយចំហៀង បង្ហាញឲ្យឃើញអំពី ភាពស៊ិចស៊ី របស់ផ្ទៃអេក្រង់ខាងមុខ ដែលសឹងតែ គ្មានគែមនៅសល់ ដោយផ្ទៃអេក្រង់របស់វា លាតដល់ទៅ 95% សម្រាប់ផ្ទៃខាងមុខ ហើយ 5% ទៀត គឺជាគែមអេក្រង់ ប៉ុន្តែយើងមិនទាន់បាន ស្គាល់ឈ្មោះរបស់វា នៅឡើយទេ។ ប៉ុន្តែសម្រាប់ពេលនេះ យើងក៏ឃើញរូបភាពបង្អួត Teaser ថ្មីមួយទៀត នៃស្មាតហ្វូន Lenovo នេះ នៅក្នុង Weibo របស់ចិន ដែលមានអមមកជាមួយឈ្មោះ ម៉ូឌែលផងដែរគឺ Lenovo Z5។ បើតាមរូបភាព ដែលបានបង្ហាញមក ស្មាតហ្វូននេះ មានអេក្រង់លាត ពាសផ្ទៃខាងមុខ តែគ្មានក្បាលឆកឡើយ ហើយក៏មិនឃើញមាន កន្លែងកាមេរ៉ា សម្រាប់ថត Selfie ក៏ដូចជារន្ធ ស្ដាប់សម្លេង នោះដែរ មិនដឹងថានឹងត្រូវយក ទៅដាក់កន្លែងណាឡើយ។ ក្នុងនោះ ក៏មានប្រភពមួយ បាននិយាយថា បើបំពាក់អេក្រង់លាត គ្មានកាមេរ៉ាថត Selfie និងរន្ធស្ដាប់សម្លេង គឺមិនអាចទៅរួចទេ ហើយប្រភពនោះ ក៏បានបង្កើតរូបគម្រូ 2 ផ្ទឹមគ្នា ដោយមួយជារូប អេក្រង់លាត ដូចរូបក្នុង Teaser និងមួយទៀត ជាអេក្រង់លាតដែរ តែមានលយថ្ងាសឆកបន្តិច ជាកន្លែងសម្រាប់ដាក់ កាមេរ៉ាថត Selfie និងរន្ធស្ដាប់សម្លេង។

សរុបមកវិញ យើងនៅមិនទាន់បានដឹងប្រាកដ ពីស្មាតហ្វូនអេក្រង់លាតនេះ ថានឹងក្លាយជា ទៅជាយ៉ាងណានោះទេ សូម្បីតែលក្ខណៈសម្បត្តិ ក៏នៅស្ងាត់ឈឹងដែរ ប៉ុន្តែគ្រប់គ្នា អាចនឹងដឹងច្បាស់ នៅពេលចេញប្រកាសពី Lenovo នៅក្នុងពាក់កណ្តាល ខែមិថុនា ឆាប់ៗខាងមុខ។

ប្រភពៈ CAMBO REPORT