រូបរាងពិតប្រាកដ​របស់ Galaxy S10e ត្រូវ​បាន​លេច​ខ្លួន​មក​ហើយ!

Published Date: Friday, February 8, 2019 01:54 PM

សម្រាប់ក្នុងឆ្នាំនេះ ហាក់បីដូចជាមានភាពខុសគ្នាច្រើន បើប្រៀបធៀបទៅឆ្នាំមុនៗ សម្រាប់ស្មាតហ្វូនលំដាប់កំពូលត្រកូល S របស់​ក្រុមហ៊ុន Samsung ដោយរូបភាពលេចធ្លាយជាច្រើន បានដាក់បង្ហាញចេញទៅលើអ៊ីនធឺណិត និងរហូតមកដល់ពេលនេះ ត្រូវ​បាន​អ្នកទាំងអស់​គ្នា​ដឹង​នូវ​លក្ខណៈសម្បត្តិ ថែមទាំងរូបរាងរួចអស់ទៅហើយ ដោយគ្រាន់​តែ​រង់ចាំ​ថ្ងែ​ដាក់​បង្ហាញ​ជា​ផ្លូវការ​ប៉ុណ្ណោះ​។ ដោយកាលពីប៉ុន្មានសប្ដាហ៍មុន រូបភាពនៃ Galaxy S10/S10+ នៅខាងក្រៅផ្ទាល់ត្រូវបានមានអ្នកលួចថតបាន ហើយទើប​តែ​ថ្មីៗ​នេះ Galaxy S10e ក៏ត្រូវបាន​គេ​លួច​ថត​មក​បានផងដែរ ថែមទាំងបានបង្ហាញអំពីរូបរាងទាំងមូល ដូចទៅនឹងរូបភាព Render ដែលបានលេចធ្លាយកាលពីមុនៗអញ្ចឹងដែរ។

កាលពីដំបូងមក ស្មាតហ្វូនម៉ូឌែលចុងក្រោយនេះ ត្រូវបានគេសង្ឃឹមថាក្រុមហ៊ុន Samsung នឹងដាក់ឈ្មោះឲ្យថា Galaxy S10 Lite ក៏​ប៉ុន្ដែ​បើ​យើងមើលទៅលើរូបភាពលេចធ្លាយថ្មីនេះ តាមពិតទៅគឺជា Galaxy S10e នោះទេ ក៏ប៉ុន្ដែមកដល់ពេលនេះ នៅ​មិន​ទាន់​ដឹងច្បាស់​នៅ​ឡើយ​ថា “e” ជាអក្សរតំណាងឲ្យអ្វីនោះទេ។ រូបភាពលេចធ្លាយទាំងអស់នេះ ត្រូវបាន​បង្ហោះ​ទៅ​លើ​កម្មវិធី​បណ្ដាញ​សង្គម Twitter ដោយ​លោក Ishan Agarwal ក៏ប៉ុន្ដែគាត់មិនបានបញ្ចាក់ប្រាប់ថាប្រភពមកពីណានោះទេ ហើយគាត់​ក៏​បាន​បង្ហាញចំណាប់អារម្មណ៍ថាទំហំរបស់ Galaxy S10e គឺពិតជាស្រស់ស្អាតផងដែរ។ បើសិនជាប្រិយមិត្តអ្នកអានសង្កេតមើល ទៅ​លើផ្នែកខាងក្រោមនៃអេក្រង់  នោះអ្នកទាំងអស់​គ្នានឹងឃើញថា ចង្ការបស់ស្មាតហ្វូននេះគឺមានទំហំតូចតែប៉ុណ្ណោះ ហើយដោយ​សារតែ Galaxy S10e មានអេក្រង់លាតស្មើធម្មតា ដូច្នេះ​យើង​ក៏​ឃើញមានគែមបន្ដិចនៅផ្នែកចំហៀងៗផងដែរ ដោយសម្រាប់ Galaxy S10/S10+ វិញគឺស្ទើរតែគ្មានគែមចំហៀងតែម្ដង។

 

សរុបមក រូបរាងដែលបានលេចធ្លាយពីមុនៗមក គឺសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយចំពោះស្មាតហ្វូនម៉ូឌែល Galaxy S10e ថ្មីនេះ គឺជា​ស្មាតហ្វូន​លំដាប់កំពូលរបស់ Samsung ដែលនឹងមានតម្លៃទាបជាងម៉ូឌែលដទៃទៀត  ដូចទៅនឹងម៉ូឌែល iPhone XR របស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។

 

ប្រភព៖​ CAMBO REPORT