លេចចេញ​វីឌីអូបង្ហាញ​រូប​រាង​របស់ Nokia 5 Plus កាន់​តែ​ស្អាត ជា​មួយ​អេក្រង់​ឆក!

Published Date: Tuesday, June 12, 2018 09:01 AM

កាលពីប៉ុន្មានសប្ដាហ៍មុននេះ ក្រុមហ៊ុន HMD Global បានបង្ហាញនូវ ទូរសព្ទស៊េរីឆ្នាំ ២០១៨ លំដាប់ថវិការជាច្រើនម៉ូឌែលដូចជា Nokia 2,3,5 ជាដើម ដែលជំនួសដំណែង Nokia 2,3,5 ស៊េរីឆ្នាំ ២០១៧ ហើយក៏បានបន្ថែមនូវ លក្ខណៈប្រសើរជាងមុន ច្រើនផងដែរ ពិសេសគឺអេក្រង់តែម្ដង។ ការបោះជំហ៊ានរបស់ Nokia បានមកដល់ជំនាន់ថ្មីទៀតហើយ ដោយយើងបានឃើញរូបរាង Render ទូរសព្ទមួយម៉ូឌែលរបស់ Nokia បានបំពាក់នូវអេក្រង់ឆក ដូចជា iPhone X អញ្ចឹងថែមទាំងមាន កាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយទៀតផង ដែលគេរំពឹងថា នេះគឺជា Nokia 5 Plus ស៊េរីឆ្នាំ ២០១៨ ដែលត្រៀមនឹងបង្ហាញ ខ្លួននៅពេលឆាប់ៗខាងមុខនេះ។

 

តាមពិតទៅ នេះអាចជាស្មាតហ្វូនទី ២ ដែលបំពាក់នូវ អេក្រង់ឆករបស់ Nokia បន្ទាប់ពី Nokia X6 ហើយការបង្ហាញរបស់វា ក៏ច្បាស់ផងដែរ ដោយបង្ហាញអំពី រូបរាងទំហំ ថែមទាំងចេញជា វីឌីអូថែមទៀតផង។ រូបរាង និងព័ត៌មាននេះត្រូវបានបង្ហាញដោយ TigerMobiles ដែលបញ្ចាក់ថា Nokia 5 Plus ស៊េរី ២០១៨ នេះត្រូវបានស្រោបខ្លួន ដោយកញ្ចក់ទាំងសងខាង នៅខាងមុខ និងក្រោយ និងមានស៊ុមជាលោហៈធាតុ ដែលមានវិមាត្រ សរុបបណ្ដោយ ១៤៩.៥ x ទទឹង ៧២ x កម្រាស់ ៨ មីលីម៉ែត្រប៉ុណ្ណោះ និងមានអេក្រង់ខាងមុខទំហំ ៥.៧ អ៊ីញ ស្ថិតនៅក្នុងរូបរាងយ៉ាងតូច ដោយសារតែគែមអេក្រង់ខ្លី និងលាតធំមានថ្ងាងឆក ប៉ុន្តែឆកនេះដូចជា iPhone X អញ្ចឹង មិនមែនតូចដូចជា Nokia X6 ឡើយ។

 

រូបរាងទាំងនេះ យើងឃើញថា Nokia 5 Plus មានបំពាក់រន្ធបំពងសម្លេង នៅខាងក្រោម និងរន្ធសាកថ្មប្រភេទ USB-C និងមានរន្ធដោតកាស នៅខាងលើ ហើយនៅខាងក្រោយ ពិតជាគួរឲ្យចាប់អារម្មណ៍ ដោយកាមេរ៉ាភ្លោះនៅខាង ក្រោយរៀបបញ្ឈរគ្នា ជាមួយភ្លើង Flash ដែលយើងអាច រំពឹងច្រើនអំពីកាមេរ៉ានេះ ព្រោះយើងបានឃើញ គុណភាពកាមេរ៉ារបស់ Nokia 8 និង Nokia 7 Plus រួចមកហើយ ឃើញថាគួរឲ្យសរសើរ ថែមទាំងទើបតែទទួល កំណែអាប់ដេតថ្មី ពីក្រុមហ៊ុនក្ដៅៗនេះទៀតផង។ អញ្ចឹងកាមេរ៉ាភ្លោះនៅលើ Nokia 5 Plus នេះអាចនឹងគុណភាពកាន់តែប្រសើរ។

 

យ៉ាងណាមិញ យើងមិនទាន់ដឹងអំពី កម្លាំងម៉ាស៊ីនខាងក្នុង និងតម្លៃរបស់វានៅឡើយទេ ហើយក៏មិនទាន់ដឹងថ្ងៃបង្ហាញ របស់វាពិតប្រាកដនៅឡើយដែរ ប៉ុន្តែវានឹងជាទូរសព្ទទី ៩ របស់ក្រុមហ៊ុន HMD ដែរបញ្ចេញក្នុងឆ្នាំនេះ ដោយនៅក្នុងឆមាសទី ២ នេះតែម្ដង។

ទស្សនាវីឌីអូខាងក្រោម៖

ប្រភពៈ CAMBO REPORT