លេច​ធ្លាយ​រូបភាព​គម្រូ ថត​ចេញ​ពី​កាមេរ៉ា​ភ្លោះ Xperia XZ2 Premium! ទាក់​ចិត្ត​ឬអត់?

Published Date: Wednesday, June 20, 2018 09:09 AM

Xperia XZ2 Premium គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលក្រុមហ៊ុន Sony បាននាំយកមកបង្ហាញ អោយពិភពលោកបានឃើញ កាលពីថ្ងៃទី ១៦ មេសា កន្លងទៅ ដោយរូបរាងរបស់វា ប្រហាក់ប្រហែលគ្នា ទៅនឹង XZ2 ដែរ ប៉ុន្តែវាបានបន្ថែមចំណុច ពិសេសធំៗចំនួន 2 លើស Xperia XZ2 ធម្មតា។ ចំនុចទីមួយ គឺកម្រិតបង្ហាញរូបភាព និងចំណុចទីពីរ គឺកាមេរ៉ាខាងក្រោយ ជាកាមេរ៉ាភ្លោះ ដែលមានសមត្ថភាព ចាប់រូបភាព បានកាន់តែភ្លឺច្បាស់ ជាងមុនផងដែរ។

បើទោះជាស្មាតហ្វូននេះ មិនទាន់ដាក់លក់ជាផ្លូវការ ក៏ពិតមែន ប៉ុន្តែនៅពេលថ្មីៗនេះ យើងក៏បានប្រទះឃើញ រូបភាពចំនួន 8 សន្លឹក ចេញពីគេហទំព័រមួយ ហើយត្រូវបាន គេសន្មត់ថា វាជារូបភាព ដែលថតចេញ ពីកាមេរ៉ាភ្លោះ Xperia XZ2 Premium ម្យ៉ាងវិញនោះ វាអាចជាតម្រុយ គុណភាព នៃរូបភាព ដែលខាងក្រុមហ៊ុន អាចនឹងចង់ចែករំលែក ឬបង្ហើបអោយ អ្នកគ្រប់គ្នា បានដឹងខ្លះៗជាបណ្តើរៗផងដែរ។ យ៉ាងណា មុននឹងទស្សនារូបភាពទាំងនោះ យើងសូមរំលឹកពីលក្ខណៈសម្បត្តិកាមេរ៉ា ខាងក្រោយបន្តិចសិន ដោយកាមេរ៉ាភ្លោះ របស់វា ត្រូវបានគេហៅថា Motion Eye ដែលមួយគ្រាប់មានទំហំ 19 មេហ្គាភិចស៊ែល ប្រើប្រាស់ស៊េនស័រ Exmor RS RGB និងមានកម្រិត Aperture f/1.8 និងមួយគ្រាប់ទៀត មានទំហំ 12 មេហ្គាភិចស៊ែល គឺជាស៊េនស័រ Monochrome មានកម្រិត Aperture f/1.6  អមជាមួយ Flash LED មួយគ្រាប់។

 

កុំអោយខាតពេលយូរ ចង់ដឹងថា តើរូបភាពទាំងនោះ មានគុណភាពកម្រិតណា សូមទស្សនាដូចខាងក្រោម ទាំងអស់គ្នា៖

ក្រោយពីបានទស្សនារូបភាពនេះរួចហើយ យើងអាចពិចារណាមួយបានថា ប្រសិនបើរូបទាំងនោះ ថតចេញ ពីកាមេរ៉ាភ្លោះ Xperia XZ2 Premium ពិតមែន មានន័យថា ក្រុមហ៊ុន Sony ធ្វើការលើកាមេរ៉ាភ្លោះនេះ បានល្អមែនទែន ព្រោះថាគុណភាពនៃរូបភាព ទាំងការថត នៅពេលថ្ងៃ, រូបថត Bokeh (ទាំងពន្លឺគ្រប់គ្រាន់ & ពន្លឺទាប) និងរូបថតពេលយប់ គឺថតបានច្បាស់ល្អតែម្តង សឹងតែច្បាស់ជាងការ មើលដោយភ្នែក ផ្ទាល់ទៅទៀត សមនឹងពាក្យ Motion Eye ដែលគេបានហៅ ពិតមែន។ ចុះមិត្តអ្នកអាន មានមតិយ៉ាងណាដែរ លើរូបភាពទាំង 8 សន្លឹកនេះ កុំភ្លេចផ្តល់ជា Comments អោយយើងបាន ដឹងផងណា!

ប្រភពៈ CAMBO REPORT