លេច​ធ្លាយ​លក្ខណៈ​សម្បត្តិ Note 9 លើក​នេះ អាច​អោយ​ទុកចិត្ត​បាន​ច្រើន​ភាគរយ!

Published Date: Monday, August 6, 2018 08:44 AM

កាលពីម្សិលមិញ យើងបានចុះផ្សាយពីព័ត៌មាន ទាក់ទងទៅនឹងវីដេអូពាណិជ្ជកម្មខ្លីមួយ ទំនងជាវីដេអូផ្លូវការ ដោយបង្ហាញពីស្មាតហ្វូន Galaxy ត្រកូល Note ជំនាន់ទី 9 របស់ក្រុមហ៊ុន Samsung ដែលត្រៀមមានវត្តមាន ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំនុចដែល​សំខាន់ ក្នុងវីដេអូនោះ គឺនិយាយពីការបង្ហាញថា Note 9 នឹងមានទំហំផ្ទុកធំជាងមុន ដល់ទៅ 1 TB (ទំហំផ្ទុកក្នុងម៉ាស៊ីនដល់ 512GB និង​​អាច​បន្ថែម​ម៉េម៉ូរីបាន 512GB ទៀត សរុបទៅគ្រប់ 1 TB)។

យ៉ាងណា សម្រាប់​នៅថ្ងៃនេះ យើងក៏ប្រទះឃើញដំណឹងថ្មីមួយទៀត ដែលបង្ហាញពីរូបភាព កាន់ប្រអប់ទូរសព្ទ Galaxy Note 9 និង​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិមួយចំនួន នៅលើខ្នងប្រអប់ ដែលអាចអោយយើងទុកចិត្តបាន។ តាមរូបភាព បានបង្ហាញថា Note 9 មាន​បំពាក់​អេក្រង់លាត មានទំហំដល់ទៅ 6.4 អ៊ីញ (ធំជាងទំហំអេក្រង់ Note 8 បន្តិច) ជាប្រភេទ Super AMOLED អាចបង្ហាញ​រូបភាព​ក្នុងកម្រិត Quad HD+។ ចំពោះកាមេរ៉ា វាមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចស៊ែល ជាមួយមុខងារ Auto-Focus ចំណែក​កាមេរ៉ាភ្លោះខាងក្រោយរបស់វា គឺដូចទៅនឹងកាមេរ៉ាភ្លោះ S9+ អញ្ចឹងដែរ ដោយមានមួយគ្រាប់ទំហំ 12 មេហ្គាភិចស៊ែល មានកម្រិត Aperture f/1.5 និងកាមេរ៉ាមួយគ្រាប់ទៀត មានទំហំ 12 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.4។ ស្មាតហ្វូននេះ មានភ្ជាប់​ជាមួយ​ S-Pen (ជំនាន់ថ្មី), មាន RAM ទំហំ 6GB / អង្គផ្ទុក 128GB និង​មាន​ថ្ម​ធំ​ជាង​មុន ជាមួយ​ទំហំ​ដល់​ទៅ 4000mAh។ រន្ធ​បំពង​សំលេង សហការជាមួយ AKG ដដែល និងមានបំពាក់អាវក្រោះការពារទឹកកម្រិត IP68។

សរុប​មក​វិញ តាមរយៈ​លក្ខណៈសម្បត្តិសំខាន់ៗ ត្រួសៗមួយចំនួន ដែលយើងបានឃើញនេះ គឺអាចទុកចិត្តបាន ច្រើនភាគរយ។ យ៉ាងណា ដើម្បី​​ដឹង​អោយកាន់តែច្បាស់ សូមរង់ចាំតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ Samsung នឹងប្រសូត Note 9 ជាផ្លូវការហើយ។

ប្រភពៈ CAMBO REPORT