លេច​ធ្លាយ​វីដេអូ​ថ្មី​បង្ហាញ​ពី​ស្មាតហ្វូន Redmi ដែល​មាន​អេក្រង់​ប្រជ្រុយ និង​កាម៉េរា 3 គ្រាប់!

Published Date: Thursday, April 11, 2019 11:48 AM

ចាប់តាំងពីប៉ុន្មានខែមុនមក ដែលមានរបាយការណ៍លេចធ្លាយ បញ្ជាក់ថាម៉ាកស្មាតហ្វូន Redmi របស់ក្រុមហ៊ុន Xiaomi កំពុងតែចង់ប្ដូរ ទៅសាកល្បង ផលិតស្មាតហ្វូន លំដាប់កំពូលវិញម្ដង ដោយប្រើប្រាស់សុទ្ធតែ បន្ទះឈីប Snapdragon 855 ហើយក៏អាចដាក់លក់ ក្នុងតម្លៃសមរម្យ ថែមទៀតផង។ ចំណែកឯពត៌មាន លេចធ្លាយ ទាក់ទងទៅនឹង ស្មាតហ្វូនលំដាប់ Flagship របស់ Redmi ថ្មីនេះ គឺហាក់បីដូចជា មានរបាយការណ៍មិនពិត ជាច្រើន ដែលបានចុះផ្សាយ ក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍មុននេះ ប៉ុន្ដែរហូតមកដល់ ពេលថ្មីៗនេះ យើងក៏ប្រទះឃើញមាន វីដេអូឃ្លីបថ្មីមួយ បង្ហោះទៅលើកម្មវិធី បណ្ដាញសង្គម និងថែមទាំងបានដាក់ ឈ្មោះថា “Redmi Pro 2” ផងដែរ។

កាលពីមុនៗមក ក៏មានសារពត៌មានមួយចំនួន ចុះផ្សាយឲ្យបានដឹងថា ស្មាតហ្វូនលំដាប់កំពូល ម៉ូឌែលដំបូងគេបង្អស់ របស់ម៉ាក Redmi By Xiaomi នឹងអាចមិនប្រើប្រាស់ កាម៉េរា Pop-Up ឬក៏ប្រើម៉ូទ័រ សម្រាប់លាក់ សេនស័រកាម៉េរាមុខនោះឡើយ ដោយពេលឥឡូវនេះ យើងបានដឹងពី មូលហេតុហើយ គឺប្រើប្រាស់ អេក្រង់ប្រភេទ Infinity-O ឬក៏ប្រជ្រុយ ដូចមាននៅលើ Galaxy S10/S10e អញ្ចឹងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មិនដូចទៅនឹងស្មាតហ្វូនដទៃ ដែលយើងបានឃើញ កាលពីមុនៗនោះឡើយ នៅលើស្មាតហ្វូន Redmi ម៉ូឌែលថ្មីនេះ គឺមានទីតាំង នៅចំពាក់កណ្ដាល នៃផ្ទៃអេក្រង់ ខាងលើទៅវិញ។

 

លើសពីនេះទៅទៀត នៅក្នុងវីដេអូឃ្លីបលេចធ្លាយថ្មីនេះ យើងក៏ឃើញថា ស្មាតហ្វូនម៉ូឌែល ថ្មីមួយនេះ នឹងមានគែមអេក្រង់ (Bezels) តិចតួចប៉ុណ្ណោះ នៅឯផ្នែកចំហៀង ក៏ប៉ុន្ដែនៅចង្ការខាងក្រោម ហាក់បីដូចជា មានទំហំក្រាស់បន្ដិចផងដែរ។ ក្រៅពីនេះ ចំពោះសន្ទះខាងក្រោយ គឺមានសេនស័រ កាម៉េរាចំនួន 3 គ្រាប់ និងមានការឌីហ្សាញ ស្រដៀងគ្នាទៅនឹង Mi 9 អញ្ចឹងដែរ ដោយមានភ្លើង LED Flash ជំនួយទុកថតពេលងងឹត នៅខាងក្រោមលេនកាម៉េរា ហើយកន្លែងស្កេនម្រាមដៃ នៅចំកណ្ដាលស្មាតហ្វូនតែម្ដង។

 

***សូមទស្សនាវីដេអូខាងក្រោម៖

 

 

សរុបមក ប្រសិនបើយោងទៅតាម វីដេអូឃី្លបលេចធ្លាយថ្មីនេះ គឺហាក់បីដូចជា មិនប្រទះឃើញមាន ស្លាកយីហោអ្វីនោះឡើយ នៅលើស្មាតហ្វូន មួយគ្រឿងនេះ ដូច្នេះយើងអាច សម្គាល់បានថា ជាស្មាតហ្វូនលក្ខណៈគម្រូ (Prototype) តែប៉ុណ្ណោះ។ ទោះបីជាយ៉ាង អ្វីៗដែលដាក់ បង្ហាញទាំងអស់នេះ គឺគ្រាន់តែជា ពត៌មានលេចធ្លាយនោះទេ ហេតុនេះហើយ យើងក៏មិនអាចប្រាកដ មួយរយភាគរយបានថាជា ស្មាតហ្វូនលំដាប់កំពូល របស់ម៉ាក Redmi ពិតឬក៏អត់ នោះឡើយ។

ប្រភព៖ CAMBO REPORT