សិស្សសាលាចំនួន 16 នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​ពួក​គេ​លេង​ហ្គេម PUBG នៅក្នុង​ប្រទេស​ឥណ្ឌា!

Published Date: Monday, March 18, 2019 08:38 AM

ប្រិយមិត្តអ្នកអានទាំងអស់គ្នា ប្រាកដជាស្គាល់ហ្គេមប្រភេទ “Battle Royale”  ដែលមានភាពល្បីល្បាញខ្លាំង និងមានអ្នក​ពេញ​និយម លេងគ្រប់គ្នា មិនថាក្នុងកុំព្យូទ័រ ឬក៏ក្នុងស្មាតហ្វូនឡើយ ហើយពិសេសគឺហ្គេម PUBG ដែលមានឈ្មោះពេញ ថា PlayerUnknown’s Battlegrounds ដោយឡែកក៏មានមនុស្យជាច្រើនទៀត ដែលមិនសូវ ជាពេញចិត្តនឹង ភាពជោគជ័យរបស់​ហ្គេម​នេះ​ប៉ុន្មាននោះឡើយ។ ហេតុនេះហើយ ទើបត្រូវបានសារពត៌មាន រាយការណ៍មកថា សិស្សសាលានៅក្នុងប្រទេសឥណ្ឌាចំនួន 16 នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេកំពុងតែលេងហ្គេម PUBG Mobile ផងដែរ។

 

បើយោងទៅតាមសារពត៌មាន Indian Express បានចុះផ្សាយថា នៅក្នុងសប្ដាហ៍ដំបូង ក្រោយពីហ្គេម PUBG Moblie ត្រូវបាន​ហាម​ឃាត់​មិនឲ្យលេង សម្រាប់រដ្ឋ Gujarat ក្នុងប្រទេសឥណ្ឌា ក៏បានប្រទះឃើញថា មាននិស្សិតសាកលវិទ្យាល័យដល់ទៅ 10 នាក់ត្រូវបានចាប់ខ្លួន ដោយសារតែនៅបន្ដលេងហ្គេមមួយនេះ។ ដោយមិនបានយូរប៉ុន្មានផង ក៏មានរបាយការណ៍ថ្មីចេញផ្សាយថា សិស្សសាលាចំនួន 6 នាក់ទៀត (មានអាយុពី 18 ឆ្នាំទៅ 22 ឆ្នាំ) ក៏ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ដែលពាក់ព័ន្ធនៅក្នុងករណីដដែល ប៉ុន្ដែឥឡូវនេះសិស្សសាលាទាំងអស់នោះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំរួចមកហើយ។

 

ចំណែកឯមន្រ្តីប៉ូលីសក៏បាន ចេញសេចក្ដីប្រកាសប្រាប់អំពី មូលហេតុចម្បង ដែលបណ្ដាលឲ្យមានការចាប់ខ្លួននេះ គឺមកពីហ្គេម PUBG Mobile អាចធ្វើឲ្យអ្នកលេងមានការញៀនខ្លាំង, អាចបង្កើតឥរិយាបទមិនល្អ, ឈានទៅដល់ការប្រព្រឹត្តអំពីមិនល្អ និងថែម​ទាំងប្រើប្រាស់ភាសាអាក្រក់ផ្សេងៗថែមទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះរដ្ឋជាច្រើនទៀត ក្នុងប្រទេសឥណ្ឌា នៅ​អាច​បន្ដ​ធ្វើការលេខហ្គេម PUBG Mobile បាននៅឡើយទេ ប៉ុន្ដែនាពេលខាងមុខក៏អាចប្រឈម នឹងការហាមឃាត់ដូចគ្នាផងដែរ។

 

សរុបមក ពត៌មានទាក់ទងអំពីការចាប់ខ្លួននេះ គឺគ្រាន់តែជាអំពើល្អមួយប៉ុណ្ណោះ ដែលត្រូវបានកើតឡើង នៅរដ្ឋ Gujarat ក្នុង​ប្រទេស​ឥណ្ឌា ដោយបន្ទាប់ពីហ្គេម PUBG Mobile បានបង្កើតឡើងមក ក៏ហាក់បីដូចជាមានមនុស្យជាច្រើនញៀនយ៉ាងខ្លាំង និង​អាចធ្វើឲ្យសិស្សសាលា បោះបង់ការរៀនសូត្រតែម្ដង។

ប្រភព ៖ CAMBO REPORT