ស្មាតហ្វូនដំបូងរបស់ Oppo “Reno” នឹង​មាន​ជម្រើស 4 ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស!

Published Date: Thursday, March 14, 2019 03:06 PM

នាពេលថ្មីៗនេះ ក្រុមហ៊ុន Oppo ផ្ទាល់តែម្ដងបានប្រកាសថា កំពុងតែមានគម្រោង ដាក់បញ្ចេញស្មាតហ្វូនដំបូង សម្រាប់ម៉ាក Reno ថ្មីរបស់ខ្លួន នៅក្នុងរយៈពេលខ្លីខាងមុខ ដោយពេលឥឡូវការមានរូបភាពលេចធ្លាយជាច្រើនសន្លឹក ដែលបានដាក់បង្ហាញ​អំពី​ផ្នែក​ខាង​ក្រោយ នៃស្មាតហ្វូនម៉ូឌែលថ្មីមួយនេះ និងព្រមទាំងជម្រើសពណ៌ថែមទៀតផង។

បើយោងទៅតាមរូបភាព ដែលលេចធ្លាយទាំងអស់នោះ គឺបានបង្ហាញឲ្យយើងដឹងថា ស្មាតហ្វូនដំបូងរបស់ម៉ាក Oppo “Reno” នឹងត្រូវបានបំពាក់ដោយ សេនស័រកាម៉េរាថ្មីជាប្រភេទ Periscope ដោយអាចធ្វើការ Zoom បានចម្ងាយឆ្ងាយ ឬក៏ Zoom បាន​ដល់​ទៅ 10 ដងឯណោះ។ ក្រៅពីនេះ នៅក្នុងរូបភាពទាំងអស់នោះ ក៏បានបង្ហាញយ៉ាងច្បាស់ថា នៅផ្នែកខាងក្រោយនៃ ស្មាតហ្វូនម៉ូឌែល Reno ថ្មីមួយនេះ នឹងមានបំពាក់ដោយសេនស័រកាម៉រាចំនួន 3 គ្រាប់ ព្រមទាំងមានភ្លើង Flash LED ជំនួយពីក្រោម ដែលមាន​លក្ខណៈ​តម្រៀប ជាជួរឈរថែមទៀតផង។ ចំណែកឯឈ្មោះឲ្យពិតប្រាកដ និងកម្លាំងម៉ាស៊ីនខាងក្នុង របស់ស្មាតហ្វូន​ម៉ូឌែលថ្មីមួយ​នេះ គឺនៅមិនទាន់មានពត៌មានលេចធ្លាយមកនៅឡើយទេ ដោយយើងគ្រាន់តែដឹងថា អាចនឹងប្រើប្រាស់បន្ទះឈីប Snapdragon 710 ឬក៏ Snapdragon 855 ហើយរួមជាមួយថ្មទំហំធំដល់ទៅ 4,000mAh ជាងផងដែរ។

 

សរុបមក ជម្រើសពណ៌នៃស្មាតហ្វូនដំបូងរបស់ Oppo Reno ត្រូវបានលេចចេញមកហើយ និងព្រមទាំងការឌីហ្សាញផ្នែកសន្ទះ​ខាង​ក្រោយ ដោយពិនិត្យមើលទៅ ក៏ហាក់បីដូចជាស្មាតហ្វូនម៉ូឌែល Oppo R17 បន្ដិចថែមទៀតផង។ លើសពីនេះទៅទៀត ក្រុមហ៊ុន Oppo នឹងដាក់បង្ហាញស្មាតហ្វូនម៉ូឌែល Reno ថ្មីនេះជាផ្លូវការ នៅក្នុងថ្ងៃទី 10 ខែមេសា ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

ប្រភព៖ CAMBO REPORT