ស្មាតហ្វូន LG មាន​កាមេរ៉ា​ខាង​ក្រោយ​ចំនួន 16 គ្រាប់ អាច​នឹង​កើត​ឡើង​ពិត​មែន?

Published Date: Tuesday, November 27, 2018 09:32 AM

នៅក្នុងឆ្នាំ 2019 នេះ យើងសង្គេតឃើញថា មាន​បណ្តា​ក្រុមហ៊ុ​នផលិត​ទូរសព្ទ​ធំៗ​មួយ​ចំនួន បាននាំគ្នា​បង្កើន​កាណុង​កាមេរ៉ា​ខាង​ក្រោយ យ៉ាងគំហុក ដើម្បីប្រកួតប្រជែងទីផ្សារ តម្រូវចិត្តរបស់អ្នកប្រើប្រាស់។ ជាក់ស្តែង មានម៉ូឌែលខ្លះ បាន​បំពាក់ភ្នែកកាមេរ៉ាត្រឹម 2 គ្រាប់ ហើយម៉ូឌែលខ្លះទៀត បន្តតម្លើងចំនួន កាមេរ៉ាដល់ 3 គ្រាប់ និងឈានទៅ 4 គ្រាប់​ក៏​មាន ដែលសឹងតែធ្វើអោយអ្នកតាមដានមិនតិចនាក់ឡើយ ភ្ញាក់ផ្អើលជាមួយបច្ចេកវិទ្យាទាំងនោះ។

លើសពីនេះ យើងក៏ធ្លាប់បានទទួលដំណឹងមួយផងដែរ ពាក់ព័ន្ធនិងស្មាតហ្វូន Nokia មួយម៉ូឌែលរបស់ក្រុមហ៊ុន HMD Global ដែលអាចនឹងមានភ្នែកកាមេរ៉ាខាងក្រោយ កើនដល់ទៅ 5 គ្រាប់ឯណោះ។ ក្នុងនោះ មុខងារនៃស៊េនស័រ​កាមេរ៉ា​នីមួយៗ គឺខុសៗគ្នាដូចជា លេនគោល សម្រាប់ថតធម្មតា, Telephoto សម្រាប់ពង្រីកចូល, Monochrome សម្រាប់​រូបភាព សខ្មៅ, Blur សម្រាប់ផលិតរូបព្រាល, និងចុងក្រោយគឺ Multi-lens Pixel សម្រាប់សំយោគ កាមេរ៉ាទាំងអស់ និងសម្គាល់ស្ថានភាព ដើម្បីថតបញ្ចូលគ្នា ហើយក៏ឃើញមានភ្លើង Flash និងមួយទៀត អាចជា Laser ចាប់ចំណុច Focus។

ឥលូវនេះ ស្រាប់តែមានប្រភពព័ត៌មានលេចធ្លាយថ្មីមួយទៀត បង្ហាញពីប៉ាតង់របស់ក្រុមហ៊ុន LG ដោយ​បញ្ជាក់​អោយ​ឃើញ​ពី​ចំនួនកាណុងកាមេរ៉ាខាងក្រោយ ត្រៀមបំពាក់នៅលើស្មាតហ្វូនជំនាន់ក្រោយ។ តាមរយៈប៉ាតង់នេះ បាន​បង្ហាញថា វាមិនមែនកាមេរ៉ា 2 គ្រាប់, មិនមែន 3 គ្រាប់, មិនមែន 4 គ្រាប់ ហើយក៏មិនមែន 5 គ្រាប់ ប៉ុន្តែចំនួនភ្នែក​លេន​កាមេរ៉ានោះ គឺមានដល់ទៅ 16 គ្រាប់ឯណោះ ដែលធ្វើអោយគ្រប់គ្នា រួមទាំងខ្ញុំ សឹងដាច់ចង្កេះតែម្តង។ សម្រាប់​ប៉ាតង់​ថ្មីនេះ ត្រូវបានផ្តល់អោយទៅក្រុមហ៊ុន LG តាមរយៈការិយាល័យប៉ាតង់ និងយីហោសហរដ្ឋអាមេរិច (USPTO) កាលពីដើមសប្តាហ៍កន្លងទៅ និងត្រូវបានរកឃើញដោយ LetsGoDigital  ទាក់ទងជាមួយរូបភាពកាមេរ៉ាទាំង 16 គ្រាប់ ជាមួយប្រវែង និងលក្ខណៈខុសៗគ្នា។ ខាងក្រោមនេះ ជារូបភាពប៉ាតង់៖

សរុបមក វាអាចជារឿងអស់សំណើចមួយ ចំពោះអ្នករាល់គ្នា សម្រាប់ប៉ាតង់តម្លើងភ្នែកកាណុងកាមេរ៉ាច្រើនគ្រាប់ ដល់​ថ្នាក់​នេះ នៅលើស្មាតហ្វូន LG ប៉ុន្តែបើយោងទៅតាម រូបប៉ាតង់មួយនេះ វាក៏អាចនឹងកើតឡើងពិតប្រាកដ ផងដែរ នៅក្នុង​ពេល​ណាមួយក៏ថាបាន។ យ៉ាងណា​ប្រិយមិត្ត គ្រាន់តែកត់ចំណាំទុកក្នុងចិត្តសិនទៅ ព្រោះគ្រប់យ៉ាង ស្ថិតនៅក្នុងចំនុចមិនទាន់​ផ្លូវការ និងទទួលបានការបញ្ជាក់ពីខាងក្រុមហ៊ុន LG នៅឡើយទេ។ ចុះមិត្តអ្នកអានទាំងអស់ យល់យ៉ាងម៉េចដែរ បើ​ស្មាតហ្វូន LG ក្នុងអនាគត មានកាមេរ៉ាខាងក្រោយចំនួន 16 គ្រាប់ មែននោះ?

ប្រភពៈ CAMBO REPORT