អាចទេ ដែល iPhone ទាំង 3 ស៊េរី ត្រៀម​ចេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ មាន​ឈ្មោះ​ហៅ​បែប​នេះ?

Published Date: Friday, August 3, 2018 10:23 AM

ពេលវេលាចេះតែរំកិលទៅមុខ ឯក្រុមហ៊ុន Apple ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង​មែន ក្នុង​ការ​ពន្លើន​ផលិត​ទូរសព្ទ iPhone ជំនាន់​ថ្មី របស់​ខ្លួន អោយ​ហើយ​រួចរាល់ ដើម្បី​ត្រៀមប្រកាស​ជាផ្លូវ​ការ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ក្នុង​នោះ យើង​ក៏​បាន​ចុះផ្សាយព័ត៌មានមួយ បង្ហាញពីថ្ងៃដែលគេរំពឹងទុក (ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ 2018) ថាជាថ្ងៃដែលក្រុមហ៊ុន Apple បញ្ចេញ iPhone ទាំង 3 ម៉ូឌែល​ផង​ដែរ។

អ្វីដែលសំខាន់នោះ គឺថាទូរសព្ទ iPhone ទាំង 3 ស៊េរីនេះ ត្រូវបានគេហៅឈ្មោះជាច្រើន ខុសៗគ្នា ជាហេតុធ្វើអោយអ្នកតាមដាន ចង់​​វង្វងវង្វាន់តាម។ តាមប្រភពលេចធ្លាយ កន្លងមក បានបង្ហាញហើយថា iPhone ដែល Apple ត្រៀមបញ្ចេញនោះ គឺមាន​ទំហំ​អេក្រង់​ខុសគ្នា ដោយចំពោះអេក្រង់ iPhone តូចជាងគេ មានទំហំ 5.8 អ៊ីង ប្រើប្រាស់អេក្រង់ប្រភេទ OLED ត្រូវបានគេ​ហៅ​ឈ្មោះ​ថា iPhone Xs ឬ iPhone X ជំនាន់ទី 2 ចំណែក iPhone មានទំហំ 6.1 អ៊ីង បំពាក់អេក្រង់ LCD ត្រូវបានគេហៅឈ្មោះថា iPhone 9 ឬ iPhone SE ជំនាន់ទី 2 និងចុងក្រោយ iPhone មានអេក្រង់ធំជាងគេ ទំហំ 6.5 អ៊ីង ប្រើប្រាស់អេក្រង់ប្រភេទ OLED ត្រូវបានគេហៅឈ្មោះថា iPhone Xs Plus ឬ iPhone X Plus។

ប៉ុន្តែនៅក្នុងពេលនេះ មានប្រភពថ្មីមួយបានចេញឈ្មោះហៅថ្មីហើយ ដោយគេបានរំលឹកថា iPhone អេក្រង់លាតថ្ងាសឆក ម៉ូឌែល​ចុង​ក្រោយ ចេញកាលពីឆ្នាំមុនហ្នឹង ត្រូវបាន Apple ហៅឈ្មោះថា iPhone 10 ខណៈប្រិយមិត្តនៅក្នុងប្រទេសមួយចំនួន បាន​ហៅ​ថា iPhone X ព្រោះអក្សររ៉ូម៉ាំង X គឺតំណាងអោយលេខ 10។ អញ្ចឹងសម្រាប់ iPhone ជំនាន់ថ្មី ទាំង 3 ម៉ូឌែល ត្រូវបានគេហៅ​ឈ្មោះ​ថ្មីថា៖

•    iPhone 11 សម្រាប់ទូរសព្ទអេក្រង់ 5.8 អ៊ីញ ជាប្រភេទ OLED
•    iPhone 11 Plus សម្រាប់ទូរសព្ទអេក្រង់ 6.5 អ៊ីញ ជាប្រភេទ OLED
•    iPhone SE Plus សម្រាប់ទូរសព្ទអេក្រង់ 6.1 អ៊ីញ ជាប្រភេទ LCD

0

សរុបមកវិញ នេះគ្រាន់តែជាឈ្មោះ ដែលគេបានដាក់អោយ សម្រាប់ហៅថ្មីមួយទៀតប៉ុណ្ណោះ មិនមែនជាឈ្មោះហៅផ្លូវការ​នៅ​ឡើយ​ទេ។ ចុះមិត្តអ្នកអានទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះឈ្មោះ iPhone 11, iPhone SE Plus និង iPhone 11 Plus នេះ?

ប្រភពៈ​ CAMBO REPORT