អាជ្ញាធរអាល្លឺម៉ង់ថានាឡិកាឆ្លាត វៃប្រភេទនេះអាចមានគ្រោះថ្នាក់ដល់កុមារតូច
Published Date: Sunday, November 19, 2017 03:12 PMអាជ្ញាធរអាល្លឺម៉ង់ កាលពីពេលថ្មីៗនេះបានសម្រេចហាមឃាត់មិនឱ្យមានការលក់ដូរនាឡិកាឆ្លាតវៃសម្រាប់កុមារតូច (Smart Watch) ដោយបញ្ជាក់ថានាឡិកាទាំងអស់នោះអាចបំពាក់ប្រព័ន្ធសម្រាប់តាមដានក្មេងៗដែលពាក់វាហើយអាចឱ្យជនខិលខូចអាចធ្វើបាបកុមារតូចនោះដោយយថាហេតុ។
នាឡិកាឆ្លាតវៃដែលមានភ្ជាប់ជាមួយស៊ីមនិងប្រព័ន្ធGPS អាចអនុញាតិឱ្យមាតាបិតាកុមារតូច ស្តាប់សម្លេងពីបរិស្ថានជុំវិញរបស់កូនៗ បើទោះបីជាឪពុកម្តាយនោះមិននៅក្បែរកូនៗក៏ដោយ។ ជាងនេះទៅទៀត ឪពុកម្តាយកុមារតូចក៏អាចស្តាប់សូម្បីតែសម្លេងគ្រូបង្រៀននៅក្នុងថ្នាក់រៀនទៀតផង។
ដូច្នេះហើយទើប និយ័តករទូរគមនាគមន៍នៃ Federal Network Agency របស់ប្រទេសអាល្លឺម៉ង បានណែនាំឱ្យឪពុកម្តាយអាណាព្យាបាលកុមារដែលមាននាឡិកាខាងលើនេះគួរកំទេចនាឡិកានោះចោល។
បើយោងតាមលោកJochen Homann ប្រធាន Federal Network Agency របស់អាល្លឺម៉ង់បានបញ្ជាក់ថា “ការដែលឪពុកម្តាយអាចតាមដាននិងស្តាប់សម្លេងនានាដែលនៅក្បែរកូនៗរបស់ពួកគេនោះ គឺជាការរំលោភសិទ្ធិឯកជនរបស់អ្នកដទៃ។”
លោកបានបន្ថែមថា “សាលារៀនដែលមានកូនសិស្សពាក់នាឡិកាប្រភេទនេះ ក៏ត្រូវមានការប្រុងប្រយ័ត្នឱ្យមែនទែនផងដែរ”។
ឪពុកម្តាយអាចតាមដានកូនៗបាន ជនខិលខូចក៏អាចតាមដានសកម្មភាពរបស់កុមារតូចៗទាំងអស់នោះបានផងដែរ។ អ្នកជំនាញបានលើកឡើងថា នាឡិកាប្រភេទនេះ អាចធ្វើឱ្យជនទុច្ចរិត លួច(Hack)ចូលទៅតាមដាននិងទាញយកទិន្នន័យផ្សេងៗពីសកម្មភាពរបស់កុមារតូចៗ ហើយអាចធ្វើសកម្មភាពអាក្រក់ណាមួយដោយនឹកស្មានមិនដល់។
កាលពីខែតុលាកន្លងទៅ ក្រុមប្រឹក្សាអ្នកប្រើប្រាស់នៃប្រទេសន័រវេស បានរកឃើញថា នាឡិកាប្រភេទនេះ មានបំពាក់ទៅដោយស៊ីមកាត និងប្រព័ន្ធGPS ដែលអាចទទួលនិងបញ្ជូនទិន្នន័យបានដោយមិនចាំបាច់មានការព្រមព្រៀងពីម្ចាស់ខ្លួន។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពីមូលហេតុជាក់លាក់ដែលនៅពីក្រោយការសម្រេចចិត្តរបស់អាជ្ញាធរអាល្លឺម៉ងពាក់ព័ន្ធនឹងការបិទមិនឱ្យមានលក់នាឡិកាប្រភេទនេះនៅឡើយនោះទេ។
សូមបញ្ជាក់ដែរថា កាលពីពេលកន្លងទៅ អាជ្ញាធរអាល្លឺម៉ង់ក៏ធ្លាប់បិទមិនឱ្យមានការលក់ដូរនូវប្រភេទតុក្កតាម្យ៉ាងឈ្មោះថា My Friend Cayla របស់អាមេរិចផងដែរ។ តុក្កតាប្រភេទនេះមានបំពាក់ទៅដោយប្រព័ន្ធស្រូបសម្លេង ជាមួយបច្ចេកវិទ្យាBloutooth អាចភ្ជាប់ជាមួយនឹងទូរស័ព្ទស្មាតហ្វូន ហើយអាចនិយាយឆ្លើយឆ្លងជាមួយកុមារនោះបានទៀតផង៕
ប្រភពៈ BBC
ប្រែសម្រួលដោយ៖ KoungY Phone Shop