បំណក​ស្រាយ​ទូទៅ​ទាក់​ទិន​នឹង​ប្រភព​បែក​ធ្លាយ ជា​មួយ​នឹង​ប្រភព​ច្បាស់​ការ នៃ​ស្មាត​ហ្វូន​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Apple និង Samsung!

Published Date: Friday, May 11, 2018 09:36 AM

នៅក្នុងឆ្នាំ 2018 នេះ ដូចរាល់ដងមាន បណ្តាក្រុមហ៊ុនផលិត ស្មាតហ្វូនធំៗជាច្រើន បាននាំគ្នាបញ្ចេញកំពូល ស្មាតហ្វូនរបស់ខ្លួន ដើម្បីបង្ហាញអោយ ពិភពលោកបានឃើញ ក៏ដូចជាការប្រកួត ប្រជែងក្នុងទីផ្សារ។ យ៉ាងណា សម្រាប់កំពូលស្មាតហ្វូនមួយចំនួន ក៏មិនទាន់បានបង្ហាញ វត្តមានជាផ្លូវការនៅឡើយដែរ ប៉ុន្តែព័ត៌មានលេចធ្លាយ ហាក់ត្រូវបានគេចុះ ផ្សាយជាហូរហែរ ទាំងលក្ខណៈសម្បត្តិ និងរចនាបថរូបរាង។ ដូច្នេះឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំនឹងធ្វើការបកស្រាយ ជាក់លាក់ ពីចម្ងល់របស់អ្នកទាំងអស់គ្នា ថាតើប្រភពបែកធ្លាយ និងប្រភពច្បាស់ការនោះ វាខុសគ្នា និងអាចយកជាការបាន យ៉ាងណាខ្លះនោះ? តាមដានបន្ត ជាមួយខ្ញុំនៅខាងក្រោមនេះ!

 

ជាក់ស្តែងខ្ញុំនឹងលើកយក ក្រុមហ៊ុនយក្សចំនួន 2 គឺ Apple និង Samsung  មកចែករំលែកជា គំនិតពិចារណា និងជាឧទាហរណ៍តែម្តង ៖

1.    ប្រភពលេចធ្លាយ

•    ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Apple

រហូតមកដល់ពេលនេះ មានប្រភព និងបណ្តាព័ត៌មាន លេចធ្លាយជាច្រើន បាននាំគ្នាចុះផ្សាយថា Apple នឹងនាំយកវត្តមានស្មាតហ្វូន 3 ម៉ូឌែលទៀត ជាមួយអេក្រង់លាត ថ្ងាសឆក 3 ទំហំខុសគ្នា ដោយទំហំ 6.1 អ៊ីញ ត្រូវបំពាក់លើ iPhone ដែលជាប្រភេទ អេក្រង់ LCD  ចំណែកឯទំហំ 5.8 អ៊ីង និង 6.5 អ៊ីញវិញ គឺបំពាក់អេក្រង់ថ្លៃប្រភេទ OLED ដូច iPhone X អញ្ចឹងដែរ ហើយវាត្រូវបានគេអោយ ឈ្មោះហៅថា iPhone 9, X ជំនាន់ទី 2 និង iPhone X Plus ប៉ុន្តែយើងមិនទាន់ប្រាកដថា អាចវាឈ្មោះហៅដូចនេះ ឬយ៉ាងណានោះទេ។

 

មួយវិញទៀតនោះ ក៏មានប្រភពមួយចំនួន បានបង្ហាញថា នៅឆ្នាំក្រោយ Apple នឹងមាន iPhone មួយម៉ូឌែល បំពាក់កាមេរ៉ាដល់ទៅ 3 គ្រាប់ដូចស្មាតហ្វូន P20 Pro របស់ Huawei ដែរ។ ចំពោះរូបរាងមុខក្រោយរបស់ iPhone ក៏ត្រូវបានគេឌីហ្សាញ ជាមួយរចនាបថខុសៗគ្នា ដើម្បីអោយអ្នកបានមើល និងពិចារណាមុនបណ្តើរៗ ដោយរាងរាងខ្លះ ក៏ទទួលបានការពេញចិត្តពីអ្នកគាំទ្រផងដែរ។

 

•    ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung

សព្វថ្ងៃ ផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung គឺកំពុងទទួលបាន ការពេញនិយមខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ក្នុងនោះវាក៏ជាដៃគូរ ប្រកួតប្រជែងនឹង ក្រុមហ៊ុន Apple ផងដែរ។ សម្រាប់ត្រកូលស្មាតហ្វូន កំពូលរបស់ Samsung មានតែ 2 ម៉ូឌែលប៉ុណ្ណោះគឺ ត្រកូល S និងត្រកូល Note ដែលមានលក្ខណៈ សម្បត្តិល្អ ជាងគេក្នុងចំណោម ត្រកូលផ្សេងៗ រីឯតម្លៃក៏ថ្លៃជាងគេផងដែរ។

 

យ៉ាងណាមិញ មុននឹងស្មាតហ្វូនទាំងនេះ បង្ហាញខ្លួនជាផ្លូវការ គឺមានបណ្តាព័ត៌មាន លេចធ្លាយមិនតិចនោះទេ ដែលបានចុះផ្សាយ ទាំងរូបរាងគម្រូ, កម្លាំងម៉ាស៊ីន, សមត្ថភាពកាមេរ៉ា និងការកែប្រែ ចំនុចមួយចំនួន។ ជាទូទៅរាល់ចំនុចដែល បានលេចធ្លាយទាំងនោះ គឺតែងតែមានចំនុចខុសៗគ្នា ដែលធ្វើអោយអ្នកតាមដាន ចង់វិលមុខម្តងៗដែរ ហើយចំនុចខ្លះ ក៏មានអ្នកពេញចិត្ត ឯចំនុចខ្លះទៀត ក៏គ្មានអ្នកគាំទ្រថែមទៀតផង។

 

2.    ប្រភពច្បាស់ការ

•    ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Apple

ចំពោះផលិតផល iPhone ជំនាន់ថ្មី ដែលក្រុមហ៊ុន Apple បានរៀបចំឡើង ដើម្បីបង្ហាញដល់ មនុស្សទូទាំងពិភពលោក គឺមានតែម្តងប៉ុណ្ណោះ នៅក្នុងមួយឆ្នាំ ប៉ុន្តែវត្តមាននៃស្មាតហ្វូននោះ វាអាចមានដល់ទៅ 2 ឬ 3 ម៉ូឌែលអញ្ចឹងដែរ។ ទោះបីឆ្លងកាត់ព្យុះភ្លៀង លេចធ្លាយច្រើនយ៉ាងណា ក៏ខាងក្រុមហ៊ុន Apple នឹងបញ្ចប់វានៅ ថ្ងៃប្រកាសជាផ្លូវការ ដោយជារៀងរាល់ឆ្នាំនោះ គឺរៀបចំដាក់បង្ហាញ iPhone នៅចុងខែកញ្ញា ឬក្នុងខែតុលា ហើយបញ្ចេញលក់ទៅកាន់ទីផ្សារ នៅអំឡុងខែវិច្ឆិកា រំលងក្រោយថ្ងៃប្រកាស 1 ខែ ឬយឺតជាង នេះតិចតួច។

 

•    ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung

ងាកមកកាន់ស្មាតហ្វូនកំពូលរបស់ Samsung ទាំង 2 ត្រកូលនេះវិញ គឺរៀបចំដាក់បង្ហាញនៅក្នុងពេលវេលាខុសគ្នា ដោយត្រកូល S បញ្ចេញវត្តមានមកមុនគេ ចំណែកត្រកូល Note បង្ហាញខ្លួនក្រោយគេ។ ជាទូទៅរៀងរាល់ឆ្នាំ ក្រុមហ៊ុន Samsung តែងតែធ្វើដាក់បង្ហាញ ស្មាតហ្វូនត្រកូល S នៅចុងខែកុម្ភៈ ឬនៅដើមខែមីនា និងដាក់លក់រំលង ក្រោយថ្ងៃប្រកាស 1 ខែ ឬយឺតជាងនេះតិចតួច ខណៈស្មាតហ្វូនត្រកូល Note វិញ គឺរៀបចំដាក់បង្ហាញ នៅក្នុងចុងខែសីហា ឬក្នុងខែកញ្ញា ហើយបញ្ចេញលក់ ទៅកាន់ទីផ្សារ នៅអំឡុងខែតុលា មុនក្រុមហ៊ុន Apple បន្តិច។

 

សរុបមក រាល់ព័ត៌មានដែល បានលេចធ្លាយ ពីកំពូលស្មាតហ្វូនស្មាតហ្វូន របស់ក្រុមហ៊ុនយក្សទាំង 2 នេះ មិនមែនសុទ្ធតែអត់ប្រយោជន៍នោះទេ មិនថារូបរាងគម្រូ ឬលក្ខណៈសម្បត្តិផ្សេងៗឡើយ ដោយពេលខ្លះ វាជាការបែកធ្លាយពីផ្ទៃក្នុង នៃផែនការរបស់ក្រុមហ៊ុន ផ្សេងមួយវិញទៀតវាជាការឌីហ្សាញលេងនៃអ្នកវិភាគ ហើយក៏អាចជាការរៀបចំ ឡើងពីពពួករកលុយតាម Internet ផងដែរ យ៉ាងណាមិញកញ្ចប់ បែកធ្លាយមួយចំនួន ក៏បានក្លាយជាការពិតផងដែរ។ កញ្ចប់បែកធ្លាយទូទៅ ដែលមានភាគរយអាចក្លាយជាការពិតច្រើននោះ អាចស្ថិតនៅក្នុងចន្លោះ មួយខែមុន ថ្ងៃដែលក្រុមហ៊ុន នីមួយៗប្រកាស ចេញជាផ្លូវការ។

 

ទោះយ៉ាងណា ក៏ដោយ គឺមានតែប្រភពពីខាងក្រុមហ៊ុនប៉ុណ្ណោះ ទើបអាចអោយយើង ប្រាកដក្នុងចិត្តបាន ជាមួយនឹងលក្ខណៈសម្បត្តិពិត និងរចនាបទរូបរាងពិតជាក់លាក់ ពេលដាក់បង្ហាញផ្លូវការ និងធ្វើការបង្ហាញដោយផ្ទាល់ពី CEO របស់ក្រុមហ៊ុននីមួយៗតែម្តង។

សង្ឃឹមថានេះអាចជាបំណកស្រាយមួយ ដល់ប្រិយមិត្តខេមបូទាំងអស់គ្នា ឲ្យបានយល់ថា ពេលដែលអ្នកឃើញរូបភាព iPhone ឬ Samsung អ្វីមួយមុនការកំណត់ ប្រកាសជាផ្លូវការ វាមិនមែនជារបស់ពិតនោះទេ វាគ្រាន់តែជា រូបភាពបែកធ្លាយ ឬជារូបភាពឌីហ្សាញ គម្រូតែប៉ុណ្ណោះ! របស់ពិតគឺមាន ជាក់ស្តែងក្រោយការ ប្រកាសជាផ្លូវការ តាមកាលបរិច្ឆេទ ដែលខ្ញុំបានបញ្ជាក់ នៅខាងលើនេះ។

ប្រភពៈ​ CAMBO REPORT