នេះ​ជា​ការ​វិវត្តន៍​រូប​រាង និង​គម្លាត​រយៈពេល​របស់ iOS ពី​ជំនាន់​ទី 1 រហូត​មក​ដល់​ជំនាន់​ទី 11

Published Date: Saturday, May 26, 2018 08:57 AM

បើគិតមកទល់ពេលនេះ វាមានរយៈពេល 10 ឆ្នាំហើយ ដែលក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធ ប្រតិបត្តិការណ៍ iOS ផ្ទាល់ខ្លួន សម្រាប់ ប្រើជាមួយ iDevice ដូចជា iPhone, iPad និង iPod Touch អោយមនុស្ស ទូទាំងពិភពលោក បានប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធប្រតិបត្តិការណ៍ iOS ពីមួយជំនាន់ ទៅមួយជំនាន់ កាន់តែមាន ការផ្លាស់ប្តូរ មិនថាជាផ្ទាំង icon និងការប្រើប្រាស់ផ្សេងៗ។ ហើយពេលនេះ យើងសូមបង្វែរ អារម្មណ៍មិត្តអ្នកអាន ទាំងអស់គ្នា អោយមកទស្សនា ការវិវត្តន៍រូបរាង និងគម្លាតរយៈពេលរបស់ iOS ពីជំនាន់ដំបូង រហូតមកដល់ ជំនាន់ទី 11 នាពេលបច្ចុប្បន្ន ថាតើវាមានការ ប្រែប្រួលយ៉ាងណាខ្លះ?

សម្រាប់ iOS ដែលបង្កើតមកដំបូង មានឈ្មោះថា iPhone OS ដោយត្រូវបាន ប្រើបាន 3 ជំនាន់ តែពេលមកដល់ ជំនាន់ទី 4 វាត្រូវបាន ក្រុមហ៊ុន Apple ហៅឈ្មោះខ្លីថា iOS តែម្តង។ អញ្ចឹង កុំអោយខាតពេលយូរ សូមទស្សនារូបភាព នៃការវិវត្តន៍រូបរាង និងគម្លាតរយៈពេល ពីជំនាន់ iPhone OS 1 រហូតមកដល់ ជំនាន់ iOS 11 ដូចខាងក្រោមនេះ៖

1. iPhone OS 1: ក្រុមហ៊ុនផ្លែប៉ោម បានប្រកាស iPhone OS 1 នៅថ្ងៃទី 9 ខែមករា ឆ្នាំ 2007 ហើយវាត្រូវបាន ចេញផ្សាយជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 2G នៅថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2007។ វាជា iPhone ដំបូងគេ ដែលបានដំណើរការ ដោយ iPhone OS 1 រួចក៏បន្តចេញកំណែ អាប់ដេតដល់ iPhone OS 1.1 អាច Support ការប្រើដល់ iPod Touch (ជំនាន់ទី 1)។ ចំណែក iPhone OS 1.1.5 គឺជាកំណែ អាប់ដេតចុងក្រោយនៃ iPhone OS 1 ហើយវាត្រូវ បានបញ្ចប់ លែងអោយ ប្រើប្រាស់ នៅក្នុងឆ្នាំ 2009។

2. iPhone OS 2: សម្រាប់ iPhone OS 1 ត្រួវបានក្រុមហ៊ុន Apple បានប្រកាស នៅក្នុងខែមីនា ឆ្នាំ 2008 ហើយវាត្រូវបានចេញផ្សាយ ជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 3G នៅថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2008 ។ iPhone 3G ជាស្មាតហ្វូនទី 2 ដែលបាន ដំណើរការដោយ iPhone OS 2 រួចវាក៏បន្តចេញ កំណែអាប់ដេតដល់ iPhone OS 2.1.1 អាច Support ការប្រើដល់ iPod Touch (ជំនាន់ទី 2)។ ចំណែក iPhone OS 2.2.1 គឺជាកំណែអាប់ដេត ចុងក្រោយនៃ iPhone OS 2 ហើយវាត្រូវ បានបញ្ចប់ លែងអោយប្រើប្រាស់ នៅក្នុងឆ្នាំ 2010។

3. iPhone OS 3: ចំពោះ iPhone OS 3 ត្រួវបានក្រុមហ៊ុន Apple បានប្រកាស នៅក្នុងខែមីនា ឆ្នាំ 2009 ហើយវាត្រូវ បានចេញផ្សាយជា សាធារណៈ ជាមួយនឹងទូរសព្ទ iPhone 3GS នៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2009។ iPhone 3GS ជាស្មាតហ្វូនទី 3 ដែលបានដំណើរការ ដោយ iPhone OS 3 រួចវាក៏បន្តចេញ កំណែអាប់ដេតដល់ iPhone OS 3.1.3 អាច Support ការប្រើដល់ iPod Touch (ជំនាន់ទី 2) ។ ចំណែក iOS 3.2 គឺជាកំណែអាប់ដេត ចុងក្រោយនៃ iPhone OS 3 អាច Support ការប្រើជាមួយ iPad ដំបូងគេ  ហើយវាត្រូវបានបញ្ចប់ លែងអោយ ប្រើប្រាស់ នៅក្នុងឆ្នាំ 2012។

4. iOS 4: Apple បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការណ៍ iOS 4 នៅក្នុងខែមីនា ឆ្នាំ 2010 ហើយវាត្រូវបាន ចេញផ្សាយជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 4 នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2010។ iPhone 4 ជាស្មាតហ្វូនទី 4 ដែលបានដំណើរការ ដោយ iOS 4 ថែមទាំងអាច Support ការប្រើលើ iPhone ពីស៊េរី 3G និង iPod Touch (ជំនាន់ទី 2) ផងដែរ។ វាក៏បន្តចេញកំណែ អាប់ដេតដល់ iOS 4.2.1 ហើយកំណែចុងក្រោយគឺ iOS 4.3 អាច Support ការប្រើជាមួយ iPad 2 និងត្រូវ បានបញ្ចប់ លែងអោយ ប្រើប្រាស់ នៅក្នុងឆ្នាំ 2014។

5. iOS 5: ប្រព័ន្ធប្រតិបត្តិការណ៍ iOS 5 ត្រួវបានក្រុមហ៊ុនផ្លែប៉ោម ធ្វើការប្រកាសចេញ នៅថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2011 ក្នុងព្រឹត្តិការណ៍ WWDC ហើយវាត្រូវបានចេញ ផ្សាយជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 4S នៅថ្ងៃទី 12  ខែតុលា ឆ្នាំ 2011។ iPhone 4S ជាស្មាតហ្វូនទី 5 ដែលបានដំណើរការ ដោយ iOS 5 ថែមទាំងអាច Support ការប្រើលើ iPhone ពីស៊េរី 3GS និង iPod Touch (ជំនាន់ទី 3)។ វាក៏បន្តចេញ កំណែអាប់ដេតដល់ iOS 5.1 អាច Support ការប្រើជាមួយ iPad 3 ហើយ iOS 5.1.1 គឺជាកំណែចុងក្រោយ  ហើយវាត្រូវបានបញ្ចប់ លែងអោយ ប្រើប្រាស់ នៅក្នុងឆ្នាំ 2015។

6. iOS 6: Apple បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការណ៍ iOS 6 នៅថ្ងៃទី 11 ខែមិថុនា ឆ្នាំ 2012 ក្នុងព្រឹត្តិការណ៍ WWDC ហើយវាត្រូវបាន ចេញផ្សាយ ជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 5, iPod Touch (ជំនាន់ទី 5) និង iPad 4 នៅថ្ងៃទី 19  ខែ កញ្ញា ឆ្នាំ 2012។ iOS 6 ថែមទាំងអាច Support ការប្រើលើ iPad Mini (ជំនាន់ទី 1), iPhone ចាប់ពីស៊េរី 3GS , iPad  ចាប់ពីស៊េរី iPad 2 និង iPod Touch (ជំនាន់ទី 4)។ ហើយ iOS 6.1.6 គឺជាកំណែ ចុងក្រោយគេ  ហើយវាត្រូវបានបញ្ចប់ លែងអោយប្រើប្រាស់ នៅក្នុងឆ្នាំ 2016។

7. iOS 7: ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7 ត្រួវបានក្រុមហ៊ុនផ្លែប៉ោម ធ្វើការប្រកាសចេញ នៅថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2013 ក្នុងព្រឹត្តិការណ៍ WWDC ហើយវាត្រូវបានចេញ ជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 5C និង iPhone 5S នៅថ្ងៃទី 18  ខែកញ្ញា ឆ្នាំ 2013។ iOS 7 អាច Support ការប្រើលើ iPhone ចាប់ពីស៊េរី 4 , iPad Mini (ជំនាន់ទី 1), iPad  ចាប់ពីស៊េរី iPad 2 និង iPod Touch (ជំនាន់ទី 5)។ ហើយ iOS 7.0.3 វាអាច Support ការប្រើលើ iPad Air និង iPad Mini 2 ហើយកំណែចុងក្រោយគឺ 7.1.2 ដោយវាត្រូវបានបញ្ចប់ លែងអោយ ប្រើប្រាស់ នៅក្នុងឆ្នាំ 2016។

8. iOS 8: Apple បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 នៅថ្ងៃទី 02 ខែមិថុនា ឆ្នាំ 2014 ក្នុងព្រឹត្តិការណ៍ WWDC ហើយវាត្រូវបានចេញ ផ្សាយជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 6 & 6 Plus នៅថ្ងៃទី 17  ខែកញ្ញា ឆ្នាំ 2014។ iOS 8 អាច Support ការប្រើលើ iPhone ចាប់ពីស៊េរី 4S , iPod Touch (ជំនាន់ទី 5), iPad Mini (ជំនាន់ទី 1) និង iPad ចាប់ពីស៊េរី iPad 2។ ហើយ iOS 8.1 វាអាច Support ការប្រើលើ iPad Air 2 និង iPad Mini 3  ហើយកំណែអាប់ដេត iOS 8.4 Support ការប្រើជាមួយ iPod Touch (ជំនាន់ទី 6) ចំណែក កំណែចុងក្រោយគឺ  iOS 8.4.1 ហើយវាត្រូវបានបញ្ចប់ លែងអោយ ប្រើប្រាស់ នៅក្នុងឆ្នាំ 2017។

9. iOS 9: ចំពោះប្រព័ន្ធប្រតិបត្តិការណ៍ iOS 9 ត្រួវបានក្រុមហ៊ុន Apple ធ្វើការប្រកាសចេញ នៅថ្ងៃទី 08 ខែមិថុនា ឆ្នាំ 2015 ក្នុងព្រឹត្តិការណ៍ WWDC ហើយវាត្រូវបានចេញ ផ្សាយជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 6S & 6S Plus នៅថ្ងៃទី 16 ខែកញ្ញា ឆ្នាំ 2015។ iOS 9 អាច Support ការប្រើលើ iPhone ចាប់ពីស៊េរី 4S, iPod Touch (ជំនាន់ទី 5), iPad Mini (ជំនាន់ទី 1) និង iPad ចាប់ពីស៊េរី iPad 2 ជាមួយរយៈពេល មានកំណត់ ប៉ុន្តែសម្រាប់ម៉ូឌែល លើសពីហ្នឹង គឺមិនអីនោះទេ។ កំណែអាប់ដេតចុងក្រោយ នៃ iOS 9 គឺ iOS 9.3.5។

10. iOS 10: Apple បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការណ៍ iOS 10 នៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2016 ក្នុងព្រឹត្តិការណ៍ WWDC ហើយវាត្រូវបាន ចេញជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 7 & 7 Plus នៅថ្ងៃទី 13  ខែកញ្ញា ឆ្នាំ 2016។ iOS 10 អាច Support ការប្រើលើ iPhone ចាប់ពីស៊េរី 5 , iPod Touch (ជំនាន់ទី 6), iPad Mini ចាប់ពីជំនាន់ទី 2 និង iPad  ចាប់ពីស៊េរី iPad 4 ហើយកំណែអាប់ដេត បន្ទាប់នៃ iOS 10 គឺ iOS 10.3.2 វាអាច Support ការប្រើលើ iPad Pro (10.5 អ៊ីញ & 12.9 អ៊ីញ ទាំង 2 ជំនាន់) ចំណែកឯកំណែ អាប់ដេតចុងក្រោយនៃ iOS 10 គឺ  iOS 10.3.3។

11. iOS 11:  សម្រាប់ iOS 11 គឺជាប្រព័ន្ធប្រតិបត្តិការណ៍ ចុងក្រោយគេបង្អស់ ដោយវាត្រូវបាន Apple បានប្រកាសចេញ នៅថ្ងៃទី 05 ខែមិថុនា ឆ្នាំ 2017 ក្នុងព្រឹត្តិការណ៍ WWDC ហើយវាត្រូវបានចេញផ្សាយ ជាសាធារណៈ ជាមួយនឹងទូរសព្ទ iPhone 8 & 8 Plus និង iPhone X នៅថ្ងៃទី 19 ខែកញ្ញា ឆ្នាំ 2017។ iOS 11 អាច Support ការប្រើលើ iPhone ចាប់ពីស៊េរី 5S , iPod Touch (ជំនាន់ទី 6), iPad Air ឡើង, iPad Mini ចាប់ពីជំនាន់ទី 2 ឡើង និង iPad ចាប់ពីស៊េរី iPad 5 ជាមួយ iDevice មួយចំនួនទៀត ដូចដែលខាងក្រុម ការងារយើង ធ្លាប់បានចុះផ្សាយ កន្លងមកអញ្ចឹង។  ហើយកំណែអាប់ដេត ចុងក្រោយបង្អស់ នាសព្វថ្ងៃនេះគឺ iOS 11.3.1 និងត្រៀមចូល iOS 11.4 ផងដែរ។

ក្រោយពីបានសូមទស្សនារូបភាព នៃការវិវត្តន៍រូបរាង និងគម្លាត រយៈពេលរបស់ iOS ពីជំនាន់ទី 1 រហូតមកដល់ ជំនាន់ទី 11 រួចមក តើអ្នកមានចំណាប់អារម្មណ៍ យ៉ាងណាដែរ? ហើយមាន នៅចាំថា iOS ជំនាន់ណាមួយ ដែលអ្នកបានចាប់ផ្តើមស្គាល់ និងប្រើប្រាស់ លើកដំបូង? យើងនឹងរង់ចាំ មើលការ Comment ពីអ្នកទាំងអស់គ្នា!

ប្រភពៈ CAMBO REPORT