ឧបករណ៍​បំពង​សម្លេង​ស៊េរី​ថ្មី​របស់ Sony បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ!

Published Date: Saturday, June 16, 2018 11:16 AM

ការរង់ចាំនូវឧបករណ៍បំពងសម្លេងជំនាន់ថ្មីរបស់ Sony បានដល់ហើយ ដែលកាលពីឆ្នាំមុន យើងបានឃើញត្រកូល Extra Bass XB40 និង XB30 ជាដើម ប៉ុន្តែក្នុងឆ្នាំនេះ យើងបានឃើញវត្តមាន XB41, XB31 និង XB21 បានបង្ហាញខ្លួន ជាមួយនឹងលក្ខណៈសម្បត្តិ កាន់តែប្រសើរ មានការចនាប្លែក ជាងមុន ពិសេសគឺ គុណភាពផលិតតែម្ដង។ ហើយពេលនេះ វាបានមកដល់ទីផ្សារប្រទេស កម្ពុជាយើងហើយ ដែលលោកអ្នក អាចរកជាវបានតាម បណ្ដាហាងចែកចាយ របស់ Sony ទាំងអស់។

ចំពោះម៉ូឌែលដែលស្ថិតក្នុងលំដាប់លើគេនោះគឺ XB41 ដែលវាមានរូបរាងធំប្រវែង ៥៨ មីលីម៉ែត្រ ស្រោបដោយជ័រ កៅស៊ូស្អិត និងទំងន់ ១.៥ គីឡូក្រាម។ អ្វីដែលពិសេស គឺវាមាន Woofer សងខាង ដែលមានភ្លើងព្រាក ដេញបំភ្លឺបាន ចង្វាក់ភ្លេង និងមានភ្លើង RGB មួយខ្សែ ដែលព័ទ្ធជុំវិញតួខ្លួនតែម្ដង។ លើសពីនេះ វាមានថ្មធំ ដែលសាកប្រើប្រាស់ បានដល់ ២៤ ម៉ោងឯណោះ អាចប្រើប្រាស់ដើម្បីសាកថ្ម ឲ្យទូរសព្ទក៏បាន និងក៏មានអាវក្រោះ ការពារកម្រិត IP67 ផងដែរ។ ប្រសិនបើប្រិយមិត្តមាន ចំណាប់អារម្មណ៍ទៅលើវា អ្នកអាចស្វែងរកទិញ ក្នុងតម្លៃ ១៩៩ ដុល្លារ ជាមួយនឹងជម្រើស ពណ៌ផ្កាឈូក, ខៀវ, និងខ្មៅ។

ចំណែកឯ XB31 វិញគឺជាបាសលំដាប់កណ្ដាល ដែលមានតម្លៃ ១៤៩ ដុល្លារ មានប្រវែង ៤៨ មីលីម៉ែត្រ ទំងន់ ៨៩០ ក្រាមមានភ្លើង RGB និងភ្លើងបុកតាមបាស ដូចគ្នា។ វាក៏មានគុណភាពផលិត ខ្ពស់ដែរ ដោយមានថ្ម អាចប្រើបានដល់ ២៤ ម៉ោង មាន USB អាចសាកថ្ម ឲ្យទូរសព្ទបាន និងមានអាវក្រោះការពារ កម្រិត IP67 ដូចគ្នា។

ចុងក្រោយគឺម៉ូឌែល XB21 ដែលមានរូបរាងតូច តម្លៃទាបត្រឹមតែ ៩៩ ដុល្លារប៉ុណ្ណោះ ជាមួយថាមពលថ្មអាចប្រើប្រាស់ បានដល់ ១២ ម៉ោង។ គួរបញ្ជាក់ផងដែរថា បាសទាំង ៣ ប្រភេទនេះ សុទ្ធតែបានបំពាក់ជាមួយនឹង ការធន់នៃការធ្លាក់ បានកម្ពស់ ១.២ ម៉ែត្របានយ៉ាងល្អ និងមាន Bluetooth 4.2 ល្បឿនលឿន ក្នុងការបញ្ជូន និងភ្ជាប់បាន ប្រវែងឆ្ងាយ ថែមទាំងមាន NFC ផងដែរ។

ប្រភពៈ CAMBO REPORT