ទីបំផុត OPPO Find X បង្ហាញ​វត្តមានជា​ផ្លូវ​ការ​នៅ​ក្នុងប្រទេសកម្ពុជា​យើង​ហើយ!

Published Date: Friday, July 20, 2018 03:54 PM

ប្រិយមិត្តរបស់ OPPO ប្រាកដជាបានស្គាល់ ត្រកូល Find របស់ក្រុមហ៊ុននេះហើយ ដែលកាលពីឆ្នាំ 2012, OPPO Finder ជាប់ឈ្មោះជាស្មាតហ្វូន ដែលមានកម្រាស់ស្តើងជាងគេ ក្រោយមកគឺ Find 5 ជាស្មាតហ្វូនដែលមាន បំពាក់ដោយអេក្រង់កម្រិត FullHD 1080P និងក្រោយគេជា Find 7 ដែលចេញក្នុងឆ្នាំ 2014 ជាស្មាតហ្វូនដែលប្រើនូវមុខងារ Skyline Notification ហើយវាក៏ជាម៉ូឌែលដំបូង ដែលប្រើប្រាស់នូវ បច្ចេកវិទ្យាសាកថ្មលឿន VooC។

 

រយៈពេល 4 ឆ្នាំបន្តមកទៀត គឺនៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវ ស្មាតហ្វូនត្រកូល Find ចុងក្រោយរបស់ខ្លួន ដែលវាក៏ជាអាវុធធំ សម្រាប់ក្រុមហ៊ុនផងដែរ វាមានឈ្មោះថា OPPO Find X។ ស្មាតហ្វូននេះត្រូវ បានទទួលការគាំទ្រ និងរង់ចាំច្រើនពីសំណាក់អ្នកប្រើប្រាស់ ក្រោយពីបានទស្សនាវីដេអូ ពាណិជ្ជកម្មដំបូងរបស់វា។ នេះអាចជាដំណឹងល្អមួយ ដែលពេលនេះការរង់ចាំ របស់លោកអ្នក ក៏ត្រូវបានបញ្ចប់ ទីបំផុត OPPO Find X បានបង្ហាញវត្តមានផ្លូវការ នៅក្នុងប្រទេសយើងហើយ។

 

ការប្រកាសបង្ហាញពី OPPO Find X ជាផ្លូវការដោយក្រុមហ៊ុន OPPO ប្រចាំនៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី 20 កក្កដានេះ នៅឯសណ្ឋាគារ “The Great Duke Cambodia” ដោយមានការចូលរួមពី សំណាក់តារាលល្បីៗជាច្រើន ដូចជា អ្នកនាង ពេជ្រ សោភា លោក Step កញ្ញា រ៉េត សូហ្សាណា ដែលជាតារាតំណាងរបស់ OPPO។ បន្ថែមពីលើនេះមានដូចជា លោក ជា វណ្ណារិទ្ធ កញ្ញា ហិន ចន្ទនីរ័ត្ន លោក ឆឹម សក្កដា និង ស្ថាប័នសារព័ត៌មានជាច្រើនទៀត។

ងាកមកដល់លក្ខណៈសម្បត្តិ និងមុខងារពិសេសៗ ដែលមានបំពាក់នៅក្នុង OPPO Find X វិញម្តងៈ

–    មានវិមាត្រ (156.7 x 74.2 x 9.4) មម និងទម្ងន់ 186 ក្រាម

–    ស្រោបដោយកញ្ចក់ទាំងមុខ ទាំងក្រោយ និងមានវ័ន្ធព័ទ្ធជុំវិញជាអាលុយមីញ៉ូម

–    មានអេក្រង់ទំហំ 6.42 អ៊ីញ បែប Panoramic ជាប្រភេទ AMOLED ជាមួយ Resolution (1080 x 2340) pixels, មាន Aspect Ratio 19.5:9 មានដង់ស៊ីតេអេក្រង់ 401 ppi និងភ្ជាប់មកជាមួយនឹង ស្រទាប់ការពារប្រភេទ Gorilla Glass 5

 

–    មាន CPU Octa-Cores រត់បានល្បឿន 2.8 GHz, GPU Adreno 630, Chipset Snapdragon 845 និងដំណើរការដោយ Android Oreo 8.1 ជាមួយនឹង UI ប្រភេទ Color OS 5.1

 

–    មានរ៉េមទំហំ 8GB និងផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 256 GB

 

–    កាមេរ៉ាក្រោយទំហំ 16MP + 20MP និងកាមេរ៉ាមុខមានទំហំ 25MP។ កាមេរ៉ារបស់ Find X កើតមកជាមួយបច្ចេកវិទ្យា AI, 3D Light Structure, Stealth 3D និងមុខងារជំនួយសមត្ថភាព កាមេរ៉ាជាច្រើនទៀត ដែលឲ្យការថតរូបកាន់តែ Professional និងស្រស់ស្អាត។

 

–    មានថ្មទំហំ 3730 mAh ជាមួយមុខងារសាកថ្មបានលឿន VooC

 

–    មុខងារ 3D Face Recognition
–    ជម្រើសពណ៌ក្រហម និងខៀវ

ក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្ហើបពី OPPO Find X (Automobili Lamborghini Edition) ដែលវាជាប្រភេទ Special Edition។ ម៉ូឌែលនេះមានការឌីហ្សាញ ជាមួយនឹងរចនាបថ រួមបញ្ចូលរវាង OPPO និង Lamborghini ប៉ុន្តែវាមានកាមេរ៉ា ថ្ម និងកម្លាំងម៉ាស៊ីនដូចទៅនឹង Find X ធម្មតាដែរ ខុសត្រង់វាមានអង្គផ្ទុកទិន្នន័យ ទំហំ 512GB និងភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Super VooC ដែលអាចសាកថ្មបានមួយពេញ ចំណាយពេលត្រឹមតែ 35នាទីប៉ុណ្ណោះ។

សម្រាប់តម្លៃដែលក្រុមហ៊ុន OPPO គ្រោងនឹងដាក់លក់ Find X ជាផ្លូវការនៅក្នុងថ្ងៃទី 5 សីហាខាងមុខនេះគឺ $899 ជាមួយនឹងការបន្ថែមកាដូជា ស៊ុមរូបថតឌីជីថលដ៏ទាន់សម័យមួយផងដែរ។ ប៉ុន្តែសម្រាប់ OPPO Find X (Automobili Lamborghini Edition) វិញ វាពុំមានវត្តមាននៅ ក្នុងប្រទេសយើងឡើយ។

 

ប្រភពៈ CAMBO REPORT