AppleនឹងចេញiPhone SEជំនាន់ទី២នៅមុនចូលឆ្នាំខ្មែរឆ្នាំ ក្រោយ

Published Date: Friday, November 24, 2017 07:48 AM

បើ​មិនមាន​អ្វីប្រែប្រួល​ទេ ក្រុមហ៊ុន​Apple​នឹង​បញ្ចេញ​iPhone SE 2ដែល​មាន​តម្លៃទាប នៅអំឡុង​ខែមីនា​ឆ្នាំ២០១៨​ខាងមុខ នេះ​បើ​យោងតាម​សារព័ត៌មាន​​Taiwan’s Economic Daily News​បាន​ចេញ​ផ្សាយ​នៅ​មុននេះ​បន្តិច។

រូបតំណាងiPhone SE2

សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា សង្វាក់​ផលិតកម្ម​iPhone SE ជំនាន់ទី២​នោះ​បាន​ចាប់​ផ្តើមជា​បណ្តើរៗ​ហើយដោយ​Apple បាន​ជ្រើសរើស​ក្រុមហ៊ុន​Wistron​របស់​តៃវ៉ាន់​ឱ្យធ្វើជាអ្នក​ទទួលខុស​ត្រូវ​ក្នុង​ការ​តម្លើង​ទូរស័ព្ទ​សេរី​នេះ​ដើម្បី​ធានាថា​iPhone SE2​នេះ​មាន​តម្លៃ​ទាប​អាច​ទទួល​យកបាន។

Taiwan’s Economic Daily News បាន​សរសេរ​ថា iPhone SE2 គឺនឹង​ផលិត​ឡើង​ដើម្បី​វាយលុក​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌូនេស៊ី និងឥណ្ឌា ហើយនិង​បណ្តា​ប្រទេស​ប៉ែក​អាស៊ី​អាគ្នេយ៍​ផងដែរ។ iPhone SE2​ជំនាន់​ក្រោយ​នោះ​អាច​នឹង​មាន​តម្លៃ​ប្រហាក់​ប្រហែល​៤៥០​ដុល្លា ដែលជាតម្លៃ​ទាប​ជាង​កាល​iPhone SE1​ចេញ​ដំបូង​ទៀត​ផង។​

iPhone SE1

ព័ត៌មាន​លេចលឺ​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា​iPhone SE​ជំនាន់ទី២​នោះ​នឹង​នៅ​រក្សា​រូបរាង​ស្រដៀងមុន ប៉ុន្តែ​វាមាន​កម្លាំង​ខ្លាំង​ជាង​មុន។ iPhone SE2 នឹង​បំពាក់​ទៅ​ដោយ​ឈីប​CPU​ប្រភេទ​A10 Fusion ដែល​ជា​ឈីប​របស់​iPhone 7 និង​iPhone 7Plus។ iPhone SE2​នឹង​ចាប់​កំណើត​មក​ជាមួយ​RAM​ទំហំ​2GB ដោយ​មាន​អង្គ​ចង​ចាំ​32GB និង​128GB។ ព័ត៌មាន​ខ្លះ​ថា iPhone SE2 នឹង​បំពាក់​ទៅ​ដោយ​កាំមេរ៉ា​ក្រោយ​ទំហំ​១២​មេហ្គាភិចសែល និង​កាំមេរ៉ា​មុខ​ទំហំ​៥មេហ្គាភិចសែល ដោយ​មាន​កម្លាំង​ថ្ម​1700mAh។

យ៉ាងណា​ក៏ដោយ ព័ត៌មាន​ដែល​លេចធ្លាយ​ខាង​លើនេះគឺ​នៅ​មិន​ទាន់​អាច​យក​ជា​ការ​បានទាំង​ស្រុង​នោះទេ ដោយ​គេត្រូវ​រង់​ចាំ​មើល​ការ​ចេញ​ផ្សាយ​ដោយ​ផ្ទាល់​ពីក្រុមហ៊ុន​Apple ជា​មុនសិន៕​

ប្រភព: Gadget.ndtv.com

ប្រែសម្រួលដោយ: KoungY Phone Shop