Apple ប្រាប់​ថ្ងៃ​ប្រកាស WWDC ឆ្នាំ 2019 ជា​ផ្លូវការ​ហើយ ចំណែក​មុខងារ Dark Mode អាច​មាន​លើ iOS 13 ពិត​មែន!

Published Date: Tuesday, March 19, 2019 08:48 AM

កាលពីអំឡុងពាក់កណ្តាលខែកុម្ភៈ កន្លងទៅនេះ យើងធ្លាប់បានចុះផ្សាយព័ត៌មានមួយ ដែលទទួលបានពីប្រភពជិតស្និទជាមួយនឹង Apple បានបង្ហើបអោយដឹងថា ព្រឹត្តឹការណ៍ WWDC ឆ្នាំ 2019 នឹងប្រារព្ធឡើងនៅ ចន្លោះថ្ងៃទី 3 ដល់ទី 7 ខែមិថុនា នៅពេល​ខា​ង​មុខ នៅទីក្រុង San Jose រដ្ឋ California ក្នុងអាគារ McEnery Convention Center ដែលជាកន្លែងធ្លាប់ប្រារព្ធពិធីនេះ បាន​ពីរ​ឆ្នាំ​រួច​មក​ហើយ។ ត្រង់ចំនុចនេះ វាស្ថិតនៅក្នុងដំណឹងមួយ ដែលមិនទាន់ផ្លូវការ និងក៏មិនទាន់មានការបញ្ជាក់ទទួលស្គាល់ ពីខាង Apple នៅឡើយដែរ។

ទីបំផុត អ្វីដែលប្រិយមិត្តរបស់ក្រុមហ៊ុនផ្លែប៉ោមចង់ដឹងនោះ គឺបានមកដល់ហើយ ដោយនៅពេលថ្មីនេះ Apple បានបញ្ចេញ Poster មួយ ប្រាប់ពីកាលបរិច្ឆេទនៃព្រឹត្តិការណ៍ WWDC ឆ្នាំ 2019 ហើយ។ បើយើងតាមរូបភាព Poster ក៏ដូចជាលិខិតអញ្ជើញនេះ គឺ​ពិត​ជា​ដូចអ្វីដែលប្រភពលេចធ្លាយ ជិតស្និទជាមួយ Apple បានលើកឡើងមែន ដោយព្រឹត្តឹការណ៍ WWDC ឆ្នាំនេះ នឹងប្រារព្ធឡើងនៅ ចន្លោះថ្ងៃទី 3 ដល់ទី 7 ខែមិថុនា នៅពេលខាងមុខ នៅទីក្រុង San Jose រដ្ឋ California  ប្រាកដណាស់។ ក្នុងការប្រារព្ធពិធី​ធំ​មួយ​នេះ គឺ Apple នឹងបើកឱកាសអោយក្រុម Developer ចូលរួម ដើម្បីសិក្សាស្វែងយល់បន្ថែមពីការវិវឌ្ឍន៍ខ្លួន ជាមួយនឹងកម្មវិធីរបស់ Apple មួយចំនួន ដែលមានប្រើនៅលើផលិតផលអេឡិចត្រូនិចរបស់ខ្លួន ពិសេសពាក់ព័ន្ធទៅនឹងការបោះជំហ៊ានទៅមុខ នៃប្រព័ន្ធ​ប្រតិបត្តិការធំៗ ជំនាន់ថ្មី មានដូចជា iOS, macOS, watchOS និង tvOS ដែលជា Operating System ធំៗ មានអ្នកប្រើប្រាស់ រាប់រយលាននាក់ ឯណោះ។

 

ចំពោះប្រព័ន្ធប្រតិបត្តិការធំៗ ជំនាន់ថ្មីដែលខាងក្រុមហ៊ុន Apple នឹងលើកមកបង្ហាញនៅពេលនោះ ត្រូវបានគេបញ្ជាក់ថា វាមាន​ដូច​ជា iOS 13, tvOS 13, watchOS 6 និង macOS 10.15 ជាដើម។ លើសពីនេះ ក្រុមហ៊ុនផ្លែប៉ោម ក៏អាចនឹងនាំយកផលិតផល​ជំនាន់ថ្មីផ្សេងៗមកបង្ហាញ ដូចជា MacBook, MacBook Pro និង iMac ផងដែរ។

ចំនុចចុងក្រោយនោះ គឺយើងចាប់អារម្មណ៍ទៅលើផ្ទៃលើផ្ទាំង Poster ហ្នឹងតែម្តង ព្រោះតែវាមានពណ៌ខ្មៅ ដែលវាអាចសបញ្ជាក់ថា iOS 13 ជំនាន់ថ្មី នឹងមានមុខងារ Dark Mode ពិតមែន ដោយមុខងារនេះ វានឹងជួយបំពេញបន្ថែមទៅដល់ការសម្រួល នៃការ​ប្រើប្រាស់ iDevice ជាមួយ UI ពណ៌ប្រផេះ ឬខ្មៅស្រាល ប្លែកពី iOS 12 ផងដែរ។ បើអ្នកចង់ដឹងថាថ្ងៃនោះ Apple បង្ហាញអ្វី​ពិសេស​ខ្លះ គួរតែកត់ចំណាំថ្ងៃខាងលើទុកទៅ!

ប្រភព៖​​ CAMBO REPORT