Black Shark 2 ជា​ការ​ឆ្លើយ​តប​ទៅ​កាន់ Razer Phone 2 និង ROG Phone ត្រៀម​នឹង​ចេញ​ឆាប់​ៗ​នេះ

Published Date: Monday, October 15, 2018 08:39 AM

ស្មាតហ្វូនដែលផ្ដោតទៅលើការលេងហ្គេមរបស់ក្រុមហ៊ុនចិន Xiaomi គឺជាម៉ូឌែល Black Shark ដែលយើងអាចហៅ បានថាឆ្លាមខ្មៅ វាត្រូវបានបង្កើតឡើង យ៉ាងពិសេសសម្រាប់ Gamer ដែលចង់បានស្មាតហ្វូន ល្បឿនលឿនកប់ជាងគេ អេក្រង់ច្បាស់ មុត ថែមទាំងមានរចនាបថប្លែកផងដែរ ដែលស្មាតហ្វូនជំនាន់ទី 1 នេះ វាបានឈរនៅលើតារាងកំពូល ជាច្រើនខែរួចមកហើយ បើទោះបីជាដៃគូប្រជែង របស់ខ្លួនចេញមកថ្មីៗ ទៀតក៏ដោយ។ តែវាក៏បានដាំក្បាល ចុះបន្តិចម្ដងៗ នៅពេលស្មាតហ្វូនខ្លាំង ជំនាន់ថ្មីបានចេញមក តែនោះគឺជា Specs សម្រាប់ដើមឆ្នាំ 2018 ប៉ុណ្ណោះ ហើយមកដល់ចុងឆ្នាំ 2018 ក្រុមហ៊ុន Xiaomi បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបញ្ចេញឆ្លាមខ្មៅទីពីរ ដែលជាការឆ្លើយតប ទៅនឹង Razer Phone 2 និង ROG Phone ដែលមានតម្លៃថ្លៃ ជាង 800$ នោះផងដែរ។

យោងតាមប្រភពព័ត៌មានផ្លូវការ ដែល Xiaomi បានចេញផ្សាយនៅលើ គេហទំព័រផ្លូវការ របស់ខ្លួនតែម្ដង បានបង្ហាញ ឲ្យដឹងថា Black Shark 2 នឹងមកដល់ឆាប់ៗ ខាងមុខនេះ ដែលវានឹងមានការ កែប្រែរូបរាងប្លែក តែនៅបន្ត ប្រើប្រាស់ឈីប Qualcomm Snapdragon 845 និង GPU Adreno 630 ដដែល គ្រាន់តែវាអាចនឹង ពង្រីកទំហំ RAM ឲ្យធំជាងមុន ឡើងដល់ 8GB ទាំងអស់ និងលុបបំបាត់ RAM ទំហំ 6GB ចោល ហើយមានអង្គចងចាំ ធំជាងមុន លោតដល់ 256GB ក៏ថាបាន ពិសេសគឺអេក្រង់ ដែលអាច ឬមិនអាចទទួលបាន ល្បឿន Refresh Rate ខ្ពស់ ខណៈពេលដែល Black Shark 1 មានល្បឿនត្រឹម 60Hz ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ក៏ដោយ Xiaomi ពុំបានបញ្ជាក់ប្រាប់ថា តើឆ្លាមខ្មៅទីពីរ នេះនឹងបង្ហាញមុខមាត់ នៅថ្ងៃណានោះទេ តែច្បាស់ណាស់ ដឹងតែចេញក្នុងខែ តុលានេះហើយ ហើយយើងនឹងរង់ចាំមើល ទាំងអស់គ្នា ថាតើវាមានអ្វីប្លែកខ្លះ ពីជំនាន់ទី 1 កន្លងទៅ!

ប្រភពៈ CAMBO REPORT