CEO របស់ Samsung បាន​បញ្ជាក់​ហើយ​ថា Galaxy Fold នឹង​មិន​យឺត​ពេល​ចេញ​លក់​នោះ​ឡើយ!

Published Date: Saturday, May 11, 2019 09:03 AM

ក្រុមហ៊ុន Samsung កំពុងតែមានគម្រោង ប្រកាសចេញនូវ ថ្ងៃដាក់លក់ថ្មី សម្រាប់ស្មាតហ្វូនអេក្រង់បត់ Galaxy Fold បន្ទាប់ពីត្រូវបានពន្យារពេល ប្រសិនបើយោងទៅតាម ប្រភពសារពត៌មានពី The Korea Herald ដែលបានចុះផ្សាយ នាពេលថ្មីៗនេះ។ លោក DJ Koh ដែលជានាយកប្រតិបត្តិ ខាងទទួលខុសត្រូវ សម្រាប់ផ្នែកអាជីវកម្ម ស្មាតហ្វូន របស់ក្រុមហ៊ុន Samsung ផ្ទាល់តែម្ដង ទើបបានប្រាប់ដល់ ក្រុមសារពត៌មានថា ក្រុមហ៊ុនរបស់ខ្លួន បានធ្វើការ ត្រួតពិនិត្យ បញ្ហាទាំងអស់នោះ ដែលមាននៅលើ ស្មាតហ្វូនអេក្រង់បត់ Galaxy Fold រួចមកហើយ ដោយក្នុង ពេលឆាប់ៗនេះ យើងនឹងប្រកាសប្រាប់ អំពីការសន្និដ្ឋាន ចុងបញ្ចប់តែម្ដង។

 

ចំណែកឯការនិយាយដូច្នេះ គឺអាចមានន័យថា ក្រុមហ៊ុន Samsung ប្រហែលជាបាន រកដំណោះស្រាយ ចំពោះបញ្ហា ដែលមាននៅលើ Galaxy Fold ទាំងអស់នោះរួចហើយ ប៉ុន្ដែយើងត្រូវរង់ចាំ បន្ដិចទៀត ទើបក្រុមហ៊ុន Samsung សម្រេចចិត្តប្រកាសប្រាប់ ថាតើបញ្ហាទាំងនោះ អាចកើតឡើងដោយសារអ្វី។ បើយោងទៅតាម ប្រភពសារពត៌មានដដែល ក៏បានបន្ថែមទៀតថា ក្រុមហ៊ុន Samsung កំពុងតែមានគម្រោង ធ្វើឲ្យតំបន់គន្លឹះកណ្ដាល មានភាពរឹងមាំជាងមុន ហើយក៏កាត់បន្ថយ គម្លាតរវាងគែមអេក្រង់ និងស្រទាប់ស្គ្រីនការពារ ដែលមានបំពាក់នៅលើ អេក្រង់ស្រាប់ផងដែរ។

 

លើសពីនេះទៅទៀត លោក DJ Koh ក៏បាននិយាយប្រាប់ទៅ ក្រុមសារពត៌មានថា “យើងនឹងមិនយឺត ពេលនោះទេ” ដែលជាការឆ្លើយតបអំពី ថាតើស្មាតហ្វូនអេក្រង់បត់ Galaxy Fold អាចនឹងដឹងជញ្ជូន ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ទាន់ពេលកំណត់ដែរឬទេ។ កាលពីពេលមុននេះបន្ដិច ក៏មានពត៌មានចុះផ្សាយថា ក្រុមហ៊ុន Samsung អាចនឹងលុបចោលការ Pre-Order ទាំងអស់តែម្ដង បើសិនជាស្មាតហ្វូន Galaxy Fold មិនអាចចេញលក់ ទាន់ពេលកំណត់ ដែលចំនឹងថ្ងែទី 31 ខែឧសភា ឆ្នាំ 2019 ផងដែរ។ ទោះបីជាយ៉ាងណា នាពេលឥឡូវនេះ ហាក់បីដូចជា ក្រុមហ៊ុន Samsung មានគម្រោងចង់បញ្ចេញ ស្មាតហ្វូនអេក្រង់បត់ ជំនាន់ដំបូងរបស់ខ្លួន លឿនជាងការរំពឹងទុក ថែមទៀតផង។

សរុបមក ចុងក្រោយនេះ លោក DJ Koh បានបញ្ជាក់ជាថ្មីម្ដងទៀតថា ស្មាតហ្វូនម៉ូឌែល Galaxy Fold របស់ខ្លួន គឺតាមពិតទៅ មិនមានគម្រោងបោះបង់ចោល ដូចទៅនឹងពត៌មានចុះផ្សាយ កាលពីពេលថ្មីៗនេះឡើយ។ សម្រាប់គម្រោងចេញលក់ Galaxy Fold ជាថ្មីម្ដងទៀតវិញ គឺអាចនឹងធ្វើឡើង នៅក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ឆាប់ៗខាងមុខនេះ។

ប្រភព៖ CAMBO REPORT