Galaxy A ស៊េរី 2019 នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី ១០ ខែ​មេសា​​ខាង​មុខ!

Published Date: Tuesday, March 19, 2019 09:37 AM

Galaxy A បើនិយាយមកដល់ឆ្នាំ 2019 នេះឃើញថា មានការអាប់ដេតអស់ជាច្រើនជំនាន់មកហើយ ដែលជាប្រភេទស្មាតហ្វូន​ធុន​កណ្ដាល​របស់ Samsung ហើយពីមួយឆ្នាំទៅមួយឆ្នាំស្មាតហ្វូនត្រកូល A ទទួលបានការអភិវឌ្ឍន៍ខ្លួនបានយ៉ាងប្រសើរ ថែមទាំង​មាន​សមត្ថភាព​មិន​ចាញ់ពពួក Flagship ប៉ុន្មាននោះទេ។ មកដល់ឆ្នាំ 2019 នេះ ក្រុមហ៊ុនអេឡិចត្រូនិច Samsung ក៏នឹងត្រៀមប្រកាស​ចេញ​ជា​ផ្លូវការនូវស្មាតហ្វូនធុនមធ្យមរបស់ខ្លួនផងដែរ ដើម្បីដេញស៊េរី Galaxy A Series ចេញឆ្នាំ 2018 កន្លងទៅ។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា ឆ្នាំនេះ Samsung នឹងលេងធ្ងន់បន្តិចសម្រាប់ត្រូល A របស់ខ្លួន ដោយ Galaxy A ស៊េរី 2019 នឹងមាន 3 ម៉ូឌែលសម្រាប់ជ្រើសរើសរួមមានដូចជា៖

•    Galaxy A20

•    Galaxy A40

•    និង Galaxy A90

ទាំង 3 ស៊េរីខាងលើ នេះមានលក្ខណសម្បត្តិខុសៗគ្នា ក៏ដូចជាកម្លាំងខុសគ្នាទៅតាមស៊េរី តែក៏ខុសទឹកលុយគ្នា ដែលម្ចាស់របស់​វា​ត្រូវ​ចំនាយ​ទិញផងដែរ។ Samsung ក៏បានសម្រេចជាផ្លូវការថា Galaxy A Series 2019 នឹងប្រកាសចេញ​ក្នុង​ព្រឹត្តិការណ៍​ដាច់​ដោយ​ឡែករបស់ខ្លួន ត្រៀមធ្វើឡើងនៅថ្ងៃទី 10 ខែមេសា ខាងមុខឆាប់ៗនេះ។

ប្រភពដដែលបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតផងដែរថា លក្ខណៈពិសេសនៃ Galaxy A ស៊េរីឆ្នាំ 2019 លើកនេះ គឺផ្ដោតទៅ​លើ​អេក្រង់ ដែលពិសេសជាងជំនាន់មុនៗច្រើន ដែលជាអេក្រង់មានគែមតិចបំផុត ពុំមានក្បាលឆក គ្មានស្ទាយដំណក់ទឹក ហើយ​ក៏​គ្មាន​ស្ទាយ​ប្រជ្រុយ​ដែរ នឹងធ្វើឲ្យការប្រើប្រាស់ពេញភ្នែកតែម្ដង។ ប្រិយមិត្តអាចនឹងគិតថា ប្រហែលជាគ្មានកាមេរ៉ាហើយមើលទៅ តែ​កាមេរ៉ា​របស់​វាអាចនឹងលានចេញពីតួម៉ាស៊ីនដូចត្រកូល vivo ដែរ។ យ៉ាងណាក៏ដោយសម្រាប់រូបរាងផ្លូវការ ក៏ដូចជាលក្ខណសម្បត្តិ ពុំបានលាតត្រដាងនោះទេ ហើយតម្លៃក៏មិនធូរថ្លៃដែរ!

ប្រភព៖ CAMBO REPORT