Galaxy A70 បង្ហាញវត្តមានជាផ្លូវការ មាន​អេក្រង់​ធំ 6.7 អ៊ីញ ជាមួយ​កម្រិត Aspect Ratio 20:9 និង​មាន​កាមេរ៉ា​ខាង​ក្រោយ 3 គ្រាប់

Published Date: Tuesday, March 26, 2019 01:17 PM

ក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងសម្រុកមែនទែនទៅលើ Galaxy A ជំនាន់ថ្មី ដែលមានលេខគត់ពីរខ្ទង់ ដើម្បី​ចូល​មក​ប្រកួត​ប្រជែង​ដណ្តើម​យកទីផ្សារមកវិញ ស្របពេលដែលស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយចំនួន បានចេញលក់ក្នុងតម្លៃទាប ជាង​តម្លៃ​គ្រោង​ទុក។ ជាក់ស្តែង Samsung បានបញ្ចេញមកជាផ្លូវការលើទូរសព្ទចំនួន 5 ម៉ូឌែលហើយ រួមមាន Galaxy A10, Galaxy A20, Galaxy 30, Galaxy A40 និង Galaxy A50 ដោយម៉ូឌែលខ្លះប្រើប្រាស់ម៉ូតអេក្រង់ Infinity-U ឯម៉ូឌែលខ្លះទៀត ប្រើម៉ូតអេក្រង់ Infinity-V។

ក្នុងនោះ យើងធ្លាប់បានទទួលដំណឹងខ្លះៗ បញ្ជាក់ថា Samsung នៅមានវត្តមាន Galaxy A Series ជាច្រើន ដែលនឹងបង្ហាញ​វត្តមាន ក្នុងពេលខាងមុខ ដូចជា Galaxy A60, Galaxy A70 និង Galaxy A90 ជាដើម។

ដំណឹងនេះ ពិតជាមិនខុសទេ ព្រោះថានៅពេលថ្មីៗនេះ Samsung បានប្រកាសចេញ Galaxy A70 ជាផ្លូវការ មកមួយហើយ ដែល​វា​គឺជាម៉ូឌែលទី 6 ក្នុងត្រកូល Galaxy A Series លេខគត់ពីរខ្ទង់នោះ។ ចំពោះរចនាបថរូបរាង និងចំនុចខ្លះៗ នៅលើ Galaxy A70 មិនសូវគ្នាប៉ុន្មានពី Galaxy A50 ទេ ទាំងម៉ូតអេក្រង់ខាងមុខ និងចំនួនកាណុងកាមេរ៉ាខាងក្រោយ តែវាក៏មានចំនុចពិសេសផ្សេងៗ ដែលគ្រាន់បើជាង ផងដែរ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ យើងនឹងបង្ហាញពីលក្ខណៈសម្បត្តិ រួមទាំងកម្លាំងម៉ាស៊ីនរបស់វា នៅខាងក្រោមនេះ៖

–    អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ Infinity-U)

–    ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED

–    កម្រិតបង្ហាញរូបភាព Full HD+

–    កម្រិត Aspect Ratio 20:9

–    ស្រោបខ្នងខាងក្រោយដោយ 3D Glasstic

–    ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប (មិនទាន់បញ្ជាក់)

–    រ៉េមទំហំ 6GB / 8GB

–    អង្គចងចាំ 128GB អាចបន្ថែមមេម៉ូរីបាន 512GB

 

 

–    កាមេរ៉ាខាងមុខទំហំ 32 មេហ្គាភិចសែល

–    កាមេរ៉ាខាងក្រោយ 3 គ្រាប់ មានទំហំ 32 មេហ្គាភិចសែល ជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra-wide angle (ថតប្លង់ទូលាយ 123 ដឺក្រេ) + 5 មេហ្គាភិចសែល ជាសេនស័រថតព្រាល

–    ថាមពលថ្ម 4500mAh

–    ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W

–    អាចស្កេនម្រាមដៃនៅលើអេក្រង់បាន

–    ដំណើរការដោយ Android 9 Pie

–    ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ជាដើម។

 

ចំនុចចុងក្រោយនោះ គឺថាសម្រាប់ទូរសព្ទ Galaxy A70 ថ្មីនេះ មានជម្រើស 4 ពណ៌ សម្រាប់ជ្រើសរើស រួមានពណ៌ខ្មៅ, ពណ៌ស, ពណ៌ខៀវ និងពណ៌ Coral។ យ៉ាងណា Samsung ទំនងនឹងធ្វើការបញ្ចេញលក់ទូរសព្ទនេះ ជាផ្លូវការ នៅថ្ងៃទី 10 ខែមេសា ឆាប់ៗ​ខាង​មុខ តំណាលជាមួយ Galaxy A40 ដែរ ប៉ុន្តែចំពោះតម្លៃវិញ យើងនៅមិនទាន់ដឹងនៅឡើយទេ។

ប្រភព៖ CAMBO REPORT