Galaxy A90 នឹង​មាន​រចនាបថ​បែប​ហ្នឹង​មែន​ទេ! អេក្រង់​លាត​គ្មាន​ឆក U? កាមេរ៉ា​មុខ​បង្កប់​ក្នុង​តួ​ខ្លួន?

Published Date: Wednesday, March 13, 2019 01:45 PM

ក្រោយពេលក្រុមហ៊ុន Samsung បានប្រកាសចេញជាផ្លូវការ លើវត្តមានស្មាតហ្វូន Galaxy ត្រកូល A ម៉ូឌែល A30 និង A50 ដែលប្រើប្រាស់នូវអេក្រង់ម៉ូត Infinity-U ថ្មី រួចមក គឺស្រាប់តែមានព័ត៌មានលេចធ្លាយជាបន្តបន្ទាប់ បាន​បង្ហាញពី​លក្ខណៈ​សម្បត្តិ​ទូរសព្ទខ្សែស្រឡាយ A ចំនួន 2 ម៉ូឌែលទៀត រួមមានGalaxy A40 និង Galaxy A60។ តួយ៉ាង សម្រាប់ Galaxy A60 ត្រូវ​បាន​គេ​រំពឹងថា អាចនឹងបង្ហាញវត្តមាន នៅថ្ងៃទី 19 ខែមេសា ឆ្នាំ 2019 ខាងមុខ ចំណែក Galaxy A40 វិញ មិនទាន់​ការ​បញ្ជាក់​ណា​មួយ នៅឡើយទេ។

មិនទាន់អស់នោះទេ ព្រោះថានៅពេលថ្មីៗនេះ ស្រាប់តែគេបានប្រទះឃើញស្មាតហ្វូនត្រកូល A មួយម៉ូឌែលទៀត បង្ហាញ​ឈ្មោះ​នៅ​លើ Page ប្រូម៉ូតមួយរបស់ Samsung ក្នុងសហរដ្ឋអាមេរិច នៅលើហ្គេម ប្រណាំងឡានដ៏ល្បីល្បាញមួយ គឺ Asphalt 9 ហើយ​ចំពោះ​ម៉ូឌែលស្មាតហ្វូនត្រកូល A ដែលគេបានឃើញនោះ មានឈ្មោះថា Galaxy A90។ ប្រិយមិត្តអាច Zoom មើលបាន​ត្រង់​ប្រអប់​​ក្រហម ដែលបានគូសនោះ៖

នៅមានទៀត គឺថាសម្រាប់ Galaxy A90 ត្រូវបានគេចេញរូបរាងគម្រូមួយ ដើម្បីទុកជាការពិចារណា អ្នកនឹងពេញចិត្តទេ បើរចនាបថ​ហ្នឹង ក្លាយជាការពិត។ យោងតាមរូបភាព ស្មាតហ្វូននេះ មិនមានម៉ូត Infinity-U លើអេក្រង់ដូច Galaxy A ផ្សេងៗឡើង តែវាមាន​អេក្រង់​លាតធំ គែមខ្លី និងមានកាណុងកាមេរ៉ាខាងក្រោយ ចំនួន 3 គ្រាប់ ស្ថិតនៅកណ្តាល រាងបញ្ឈរចុះក្រោម។ អ្វីដែល​គួរ​អោយ​ចាប់អារម្មណ៍មួយទៀត គឺទៅលើកាមេរ៉ាមុខ ដោយវាបង្កប់លោតចេញពីតួខ្លួន ប្លែកពីទូរសព្ទ Galaxy ទាំងអស់ តែវាបែរជាដូចគ្នា ទៅនឹងស្មាតហ្វូនមួយចំនួន របស់ក្រុមហ៊ុនចិនទៅវិញ។

 

សរុបមក អ្វីដែលយើងអាចជឿជាក់បានច្រើន គឺវត្តមាន Galaxy A90 អាចនឹងមានលេចវត្តមាន ក្នុងពេលខាងមុខ ព្រោះឈ្មោះ​របស់​វា មានចេញមកហើយ។ ប៉ុន្តែចំពោះរូបរាង នឹងដូចរូបគម្រូខាងលើ ឬក៏អត់នោះ យើងនៅមិនទាន់ហ៊ានអះអាង ថានេះជាការពិតដែរ ដោយមានតែរង់ចាំតាមដានបន្តទៀត ទាំងអស់គ្នា។