Galaxy Fit e ខ្សែដៃ​វៃ​ឆ្លាត សម្រាប់​អ្នក​ស្រលាញ់​សុខភាព​ចេញ​លក់​ក្នុង​ទីផ្សារ​ហើយ

Published Date: Friday, May 3, 2019 10:53 AM

ទីបំផុតក្រុមហ៊ុន Samsung ប្រកាសចេញលក់នូវខ្សែដៃវៃឆ្លាត មានតម្លៃធូរថ្លៃ ដែលផ្ដោតសំខាន់ទៅដល់ទីផ្សារអ្នកដែលស្រលាញ់​សុខភាព​ហើយ ជាមួយនឹងតម្លៃប្រកួតប្រជែង ថែមទៀតផង។ ខ្សែដៃសុខភាព ដែលមានភាពវៃឆ្លាតនេះមានឈ្មោះហៅជាផ្លូវការថា Galaxy Fit e មានរូបរាងរចនាបថស្រដៀងទៅនឹង Galaxy Fit ដែរ ខុសតែអេក្រង់មួយពណ៌ និងអេក្រង់មួយទៀតជាអេក្រង់​សខ្មៅ​ជាប្រភេទ OLED តែប៉ុណ្ណោះ ជាហេតុធ្វើឲ្យវារស់បានយូរ ធន់នឹងកម្ដៅ អាកាសធាតុជាអាទិ៍។

Galaxy Fit e ជាដៃគូ ដែលអាចទៅណាមកណាជាមួយអ្នកបានគ្រប់ពេលវេលា ព្រោះវាស្រាលតូច ងាយស្រួលពាក់ យកតាមខ្លួន ការពារទឹកមុជបាន 50 ម៉ែត្រ កាពារពីធូលី អាចផ្លាស់ប្ដូរខ្សែបាន ងាយស្រួលប្រើក្រោមពន្លឺថ្ងៃ អាចប្រើប្រាស់ជំនួសនាឡិកាបាន អាច​វាស់​ជំហ៊ាន ចង្វាក់បេះដូង ទទួលសារដំណឹងអំពីការ Call ក៏ដូចជាសារ ។ល។ ខ្សែដៃសុខភាពមួយនេះ បានចាប់ផ្ដើមចេញលក់នៅ​តាម​បណ្ដា​ប្រទេសនៅប៉ែកអឺរ៉ុបហើយ តែមិនទាន់អស់នោះទេ មានន័យថា Samsung នៅមិនទាន់ប្រកាសចេញវាលក់គ្រប់បណ្ដា​ទីផ្សាររបស់​ខ្លួន​នៅឡើយទេ ដូច្នេះទីផ្សារមួយចំនួនក៏នៅមិនទាន់អាចស្វែងរកទិញបានដែរ ខណៈដែល Galaxy Fit អេក្រង់ពណ៌​ចាប់​ផ្ដើមចេញលក់នៅចុងខែឧសភានេះ ក្នុងតម្លៃប្រហាក់ប្រហែល USD 99.99 ដោយឡែក Galaxy Fit e តម្លៃប្រហាក់ប្រហែល USD 45។