Galaxy Note 10 អាច​នឹង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​សាក​ថ្ម​លឿន លោត​ដល់ 50 វ៉ាត់

Published Date: Saturday, May 11, 2019 09:11 AM

បន្ទាប់ពីដាក់បង្ហាញ នូវស្មាតហ្វូនម៉ូឌែលបង្គួរ ជាច្រើនស៊េរី ដូចជាត្រកូល Galaxy A និង Galaxy M មួយរយៈធំហើយ បើគិតទៅ មានតែ Galaxy S10 បីស៊េរីប៉ុណ្ណោះ ដែល Samsung ប្រឹងបំពាក់ដោយបច្ចេកវិទ្យាថ្មីៗ។ អញ្ចឹងឥឡូវដល់ពេល បងធំត្រកូល Galaxy Note ម្តងហើយ ដោយពេលនេះមាន ប្រភពពត៌មានក្រៅប្រទេស បានបង្ហើបជាបណ្តើរៗហើយ។ លើកនេះ ម៉ូឌែលកំពូលត្រកូល Galaxy Note 10 នឹងមកជាមួយ បច្ចេកវិទ្យាសាកថ្ម កាន់តែលឿន ដែលនេះមិនមែន 25W ដូចមាននៅលើ Galaxy S10 5G ឫ Galaxy A70 នោះទេ។

Galaxy Note 10 លើកនេះ អាចនឹងបញ្ចេញមក ដល់ទៅបីម៉ូឌែល ដូចត្រកូល Galaxy S ជំនាន់ថ្មីនេះដែរ ពោលគឺគេអាចបន្ថែម ម៉ូឌែល 5G មួយទៀត។ បើនិយាយពីក្រុមហ៊ុន កូរ៉េមួយនេះ គឺមានបច្ចេកវិទ្យាថ្មីៗជាច្រើន ដែលគេរំពឹងថានឹងមាន បំពាក់មកជាមួយនឹង Galaxy Note 10 តែចំណុចមួយដែល មានអ្នកគាំទ្រមិនតិចទេ សូម្បីតែខ្ញុំក៏ដូចគ្នា កាន់តែចំហមាត់នោះ គឺបច្ចេកវិទ្យាសាកថ្មលឿន។ Fast Charge ក៏ជាបច្ចេកវិទ្យា ដែលត្រូវការប្រើនិងចាំបាច់បំផុត សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូនក្នុងពេល បច្ចុប្បន្ន។ ប្រាកដណាស់ គ្មានអ្នកប្រើណា ចូលចិត្តអង្គុយរង់ចាំទូរស័ព្ទ សាកបញ្ចូលថ្មរាប់ម៉ោង ឫ អង្គុយចុចដោយទូរស័ព្ទ បណ្តោកសេរ៉ូមនោះទេ។ អញ្ចឹងអាឆ្នាំងសាក មានមកជាមួយនឹងបច្ចេកវិទ្យា សាកថ្មកម្លាំង 15W ចាស់របស់ Samsung ហ្នឹង គឺល្មមឈប់ប្រើលើ ម៉ូឌែលកំពូលទៀតទៅ ដោយនេះ ជាអ្វីដែលអ្នកប្រើ គ្នាយើងសង្ឃឹម។

 

សព្វថ្ងៃនេះ សម្រាប់ស្មាតហ្វូនដែល មានចរាចរណ៍លើទីផ្សារ ភាគច្រើនគឺគេក៏គិតគូរ លើចំណុចនេះច្រើន។ ជាក់ស្តែង ក្រុមហ៊ុន Huawei គេមាន Super M Charge ដែលមានកម្លាំងសាក 40W និង SuperVOOC របស់ Oppo ដែលមានកម្លាំងសាកដល់ 50W ដែលវាចំណាយពេល ជិត 40 នាទី ដើម្បីសាកថ្មពីសូន្យ ឡើងដល់មួយរយភាគរយពេញ។ អញ្ចឹង តាមរយៈពត៌មាន ចុងក្រោយ ដែលយើងទើបតែ ទទួលបាន Galaxy Note 10 នឹងមិនឱ្យចាញ់គេ នោះទេ ដោយលើកនេះស្មាតហ្វូន កំពូលថ្មីនេះ អាចនឹងគាំទ្របច្ចេកវិទ្យា សាកថ្ម ដែលមានកម្លាំងដល់ទៅ 50W ឯណោះ។1

 

វាជាដំណឹងល្អ តែមិនទាន់ជាពត៌មានផ្លូវការនៅឡើយ ដែលយើងនៅ មិនទាន់អាចជឿជាក់ បាននៅឡើយទេ។ យ៉ាងណាក្តី បច្ចេកវិទ្យាសាកថ្មកម្លាំង 50W វានៅមិនទាន់ ខ្លាំងដាច់គេនៅឡើយ ហើយបើចង់អោយ Galaxy Note ជំនាន់ថ្មី អាចនឹងមានការគាំទ្រច្រើន គិតថាក្រុមហ៊ុន ត្រូវមានបច្ចេកវិទ្យាល្អៗ មកបំពាក់បន្ថែម ទើបបាន។

ប្រភព៖ CAMBO REPORT