Galaxy S10E បាន​លេច​ខ្លួន​សា​ជា​ថ្មី​ម្ដង​ទៀត និង​បាន​បង្ហាញ​រូប​រាង​ឲ្យ​កាន់​តែ​ច្បាស់!

Published Date: Friday, February 8, 2019 11:06 AM

ស្របកាលពីពេលចេញ ព័ត៌មានលេចធ្លាយអំពី Galaxy S10/S10+ ក៏មានពាក្យចចាមអារ៉ាម មួយចំនួនបង្ហាញថា ក្រុមហ៊ុន Samsung ក៏នឹងមានគម្រោងបង្កើត ម៉ូឌែលថ្មីមួយទៀត ចូលរួមជាមួយស្មាតហ្វូនស៊េរីថ្មី នៃត្រកូល S របស់ខ្លួនផងដែរ និងត្រូវបានលេចឈ្មោះមកថា Galaxy S10e ដោយមកដល់ពេលថ្មីៗនេះ រូបរាងទាំងមូលនៃស្មាតហ្វូននេះ ក៏ត្រូវបានលេចចេញមកតែម្ដង។

រូបភាពទាំងអស់នេះ ត្រូវបានបង្ហោះឡើង ដោយគេហទំព័រ WinFuture ហើយក៏បានដាក់បង្ហាញ អំពីការឌីហ្សាញនៃ Galaxy S10E នេះជាមួយនឹងអេក្រង់ទំហំ 5.8 អ៊ីញលាតស្មើធម្មតា (មិនកោងដូច Galaxy S10/S10+) ដោយកន្លែងស្កេនម្រាមដៃ ស្ថិតនៅប៊ូតុងចាក់សោរ ហើយមានបំពាក់សេនស័រកាម៉េរាខាងក្រោយ ត្រឹមតែ 2 គ្រាប់ប៉ុណ្ណោះ។ បើមើលទៅហាក់បីដូចជា ព័ត៌មានលេចធ្លាយ ពីមុនៗមក បានរាយការណ៍មកត្រូវល្អ ដោយ Galaxy S10E គឺពិតជាគ្មានបច្ចេកវិទ្យាស្កេនម្រាមដៃ លើផ្ទៃអេក្រង់មែន និងមូលហេតុដោយសារតែក្រុមហ៊ុន Samsung ចង់រក្សាតម្លៃរបស់ស្មាតហ្វូនម៉ូឌែលមួយនេះ ឲ្យស្ថិតនៅក្នុងកម្រិតមួយ ដែលសមរម្យ ទៅនឹងសមត្ថភាពរបស់វាផងដែរ។ លើសពីនេះទៅទៀត នៅក្នុងរូបភាពទាំងអស់នេះ យើងបានឃើញថា Galaxy S10E ដូចជាមានទំហំគែមក្រាស់ជាង Galaxy S10/S10+ បន្ដិច ក៏ប៉ុន្ដែស្មាតហ្វូនម៉ូឌែលនេះ ក៏នៅតែមានការរចនាបថ អេក្រង់បែប Infinity-O ផងដែរ ដូច្នេះប្រាកដណាស់ គឺនៅតែរក្សាបានរូបរាងទំនើប ដូចម៉ូឌែលដទៃទៀតដែរ។

 

សរុបមក ស្មាតហ្វូនម៉ូឌែល Galaxy S10E នេះត្រូវបានរំពឹង ទុកថាក្រុមហ៊ុន Samsung នឹងដាក់ប្រកាសជាមួយ Galaxy S10/S10+ អញ្ចឹងដែរ នៅព្រឹត្តិការណ៍ Unpacked ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ ដោយតម្លៃក៏បាន ព្យាករណ៍រួចមកហើយថា នឹងប្រហាក់ប្រហែល $859 ដុល្លារអាមេរិក នៅក្នុងពេលដាក់ចេញលក់។

 

 

ប្រភព៖​ CAMBO REPORT