Google ​ចេញ​កំណែ​អាប់​ដេត​ថ្មី​សម្រាប់ Pixel 3 ​អាច​ថត​រូប Selfie ដោយ​ស្វ័យ​ប្រវត្តិ

Published Date: Friday, April 19, 2019 08:23 AM

ក្រុមហ៊ុន Google តែងតែធ្វើការដាក់ចេញកំណែអាប់ដេតជាបន្តបន្ទាប់ សម្រាប់ទូរសព្ទ Pixel ជំនាន់ចុងក្រោយរបស់ខ្លួនម៉ូឌែល Pixel 3 និង Pixel 3 XL ដើម្បីអោយអតិថិជនដែលជាអ្នកកំពុងប្រើប្រាស់អាចទទួលបាននូវភាពទាន់សម័យ។ ជាក់ស្តែង នា​ពេល​កន្លងមក យើងសង្គេតឃើញថា ចំនុចគោលមួយដែល Google ផ្តោតសំខាន់ខ្លាំងជាងគេ គឺទៅលើផ្នែកកាមេរ៉ាហ្នឹងតែម្តង ដែល​នេះ​ជា​មូលហេតុទាក់ចិត្ត ធ្វើអោយអ្នកប្រើមិនដាច់អាល័យ ដោះដៃចេញបាន។

ឥលូវនេះ ការបន្ថែមកំណែអាប់ដេតថ្មីពី Google បានមកដល់ទៀតហើយ សម្រាប់ប្រិយមិត្តដែលកំពុងកាន់ Pixel 3 & Pixel 3 XL ទៅលើផ្នែកកាមេរ៉ាដដែល ជាមួយនឹង Photobooth Mode ព្រោះថាកន្លងមក មុខងារនេះអាចធ្វើការថតរូប Selfie ដោយខ្លួនវាបាន មិនចាំបាច់ប៉ះបញ្ជាអីឡើយ គឺគ្រាន់តែថតរូបបែបថើប នោះវានឹងចុចថតដោយស្វ័យប្រវត្តិ តាមរយៈការសម្គាល់ពី AI របស់ Google ហ្នឹងឯង។ សម្រាប់ការផ្តល់មកលើកនេះ គឺកាន់តែពិសេសជាងមុន ទៅលើការបញ្ជាការថតរូបបែប Selfie ដោយស្វ័យប្រវត្តិនោះ ដោយ​គ្រាន់​តែសារ៉េអោយចំមុខរបស់អ្នក រួចប្រិចភ្នែកទៅ វានឹងថតភ្លាម ឬគ្រាន់តែងាកមុខ ធ្វើដូចហុចថ្ពាល់អោយគេថើប ក៏ថត​បាន​ដូចគ្នា ជាមួយការពឹងផ្អែកលើ AI ទាំងស្រុង។

លើសពីនេះ បើមិនចង់ប្រើការថតតាមវិធីខាងលើ ដើម្បីអោយថត Selfie ដោយស្វ័យប្រវត្តិ គឺអាចបើកយកជម្រើសមួយផ្សេងទៀត ដោយគ្រាន់តែញញឹមនៅចំមុខកាមេរ៉ាទៅ នោះវានឹងធ្វើការថតរូបអូតូ ជាក់ជាមិនខាន។ នេះជាការបន្ថែមរបៀប​ថត​ដោយ​ស្វ័យ​ប្រវត្តិ​លើ​ជម្រើសខុសគ្នា ដែលខាង Google បានដាក់ចេញមកអោយអ្នកប្រើប្រាស់ Pixel 3 & Pixel 3 XL។

ជាចុងក្រោយ សម្រាប់មុខងារ Photobooth Mode ដែលខាង Google បានបញ្ចេញជាកំណែអាប់ដេតមកនេះ គឺអាចប្រើប្រាស់​បាន​តែនៅ​លើកម្មវិធីរបស់ Pixel ជំនាន់ទី 3 ប៉ុណ្ណោះ។ ដូច្នេះ អ្នកអាចបើកស្វែងរកកំណែអាប់ដេតលើទូរសព្ទរបស់អ្នកភ្លាមទៅ ក្រែង​វាធ្លាក់មកដល់ ជាមួយភាពទាន់សម័យមួយនេះ។

ប្រភព៖ CAMBO REPORT