Google Pixel 3a និង 3a XL ​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី 8 ខាង​មុខ​នេះ

Published Date: Friday, May 3, 2019 10:55 AM

បន្ទាប់ពីរបាយការណ៍ លេចធ្លាយជាច្រើន បានចេញផ្សាយពេញអ៊ីនធឺណិត តាំងពីយូរណាស់មកហើយ ទីបំផុតក្រុមហ៊ុន Google បានចាប់ផ្ដើមកំណត់ចេញ ថ្ងែប្រកាសជាផ្លូវការ សម្រាប់ស្មាតហ្វូនកម្រិតមធ្យម ជំនាន់ដំបូងរបស់ខ្លួនហើយ ដោយរំពឹងទុកថាជា Pixel 3a និង Pixel 3a XL ផងដែរ។ ខណៈពេលថ្មីៗនេះ ក្រុមហ៊ុន Google បានកំណត់ពេល រួចជាស្រេចនូវ ព្រឹត្តិការណ៍ថ្មីរបស់ខ្លួន ដោយចាប់ផ្តើមនៅថ្ងៃទី 7 ខែឧសភា ឆ្នាំ 2019 ក្នុងសន្និសីទ Google I/O (Annual Developers Conference) ហើយក៏ជាកន្លែង ដែលគេរំពឹងថា នឹងបង្ហាញចេញស្មាតហ្វូនថ្មីៗ ទាំងអស់នេះតែម្ដង។

 

នាពេលបច្ចុប្បន្ននេះ ហាក់បីដូចជា ក្រុមហ៊ុន Google មានគម្រោងចេញលក់ ស្មាតហ្វូនកម្រិតមធ្យម ទាំងពីរម៉ូឌែលនេះ (Pixel 3a និង Pixel 3a XL) នៅក្នុងទីផ្សារ ប្រទេសឥណ្ឌា ជាមុនសិន ហើយបន្ទាប់មក ទើបសម្រេចចិត្តនាំចេញទៅកាន់ ទីផ្សារសកលលោក តាមក្រោយផងដែរ។ ខណៈពេលដែល ក្រុមហ៊ុនលក់ស្មាតហ្វូន តាមរយៈអនឡាញ ដ៏ល្បីល្បាញក្នុងប្រទេសឥណ្ឌា ដែលមានឈ្មោះថា Flipkart ក៏បានបង្ហើបថា ស្មាតហ្វូនត្រកូល Pixel ទាំងពីរម៉ូឌែល នឹងមកដល់ទីផ្សារប្រទេសខ្លួន នៅថ្ងែទី 8 ខែឧសភា ឆ្នាំ 2019 ឆាប់ៗនេះ។

 

សម្រាប់របាយការណ៍ លេចធ្លាយពីមុនៗមក ក៏បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូនកម្រិតមធ្យម Google Pixel 3a នឹមានអេក្រង់ទំហំ 5.6 អ៊ីញ អាចបង្ហាញគុណភាពបាន Full HD+ ហើយដំណើរនៅលើបន្ទះឈីប Snapdragon 670 ជាមួយនឹងរ៉េមទំហំ 4GB + ទំហំផ្ទុក 64GB ផងដែរ។ ម៉្យាងទៀតសម្រាប់ម៉ូឌែលធំ ដែលមានឈ្មោះថា Google Pixel 3a XL នឹងមានអេក្រង់ទំហំ 6 អ៊ីញ ជាអេក្រង់ប្រភេទ Full HD+ និងប្រើប្រាស់បន្ទះឈីប Snapdragon 710 ដែលមានលក្ខណៈសម្បតិ្ត ល្អជាងបន្ដិចបន្ដួច ហើយព្រមទាំងមានរ៉េមទំហំ 4GB + ទំហំផ្ទុក 64GB ដូចគ្នាអញ្ចឹង។

 

សរុបមក ចំពោះតារាងតម្លៃវិញ ស្មាតហ្វូនម៉ូឌែល Google Pixel 3a គឺត្រូវបានរំពឹងទុកថា អាចនឹងមានតម្លៃ ប្រហាក់ប្រហែល $500 ដុល្លារអាមេរិក រីឯម៉ូឌែល Google Pixel 3a XL អាចនឹងឡើង ដល់ត្រឹម $600 ដុល្លារអាមេរិក (តម្លៃព្យាករណ៍ទុក) ហើយលើសពីនេះទៅទៀត ស្មាតហ្វូនទាំងពីរម៉ូឌែល នឹងមានជម្រើសពណ៌ចំនួន 3 សម្រាប់ឲ្យជ្រើសរើស ដោយរួមមានដូចជា ពណ៌ស, ពណ៌ខ្មៅ និងពណ៌ស្វាយ ហើយប៊ូតុង Power នឹងមានពណ៌ខុសៗគ្នា ផងដែរ។