Hongmeng OS អាច​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់ Huawei សម្រាប់​ស្មាតហ្វូន​ជំនាន់​ក្រោយ​ៗ បន្ទាប់​ពី​មាន​បញ្ហា​នៅ​អាមេរិច!

Published Date: Tuesday, May 21, 2019 08:29 AM

ត្រឡប់ទៅកាន់ខែមីនា នៃឆ្នាំ 2019 លោក Richard Yu ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន Huawei បាននិយាយទៅកាន់ អ្នកសារពត៌មានថា ក្រុមការងាររបស់ខ្លួន បានត្រៀមខ្លួនជាស្រេច ដោយកំពុងធ្វើការបង្កើត ប្រព័ន្ធ ប្រតិបត្តិការថ្មីផ្ទាល់ខ្លួន ក្នុងករណី បើសិនក្រុមហ៊ុន Google ឈប់ផ្ដល់ប្រព័ន្ធប្រតិបត្តិការ Android ទៅឲ្យស្មាតហ្វូនរបស់ខ្លួន ប្រើប្រាស់ជាបន្ដទៀត។ រហូតមកដល់ពេលថ្មីៗនេះ ក្រុមហ៊ុន Google គឺពិតជាបានចាប់ផ្ដើម ព្យួរ អាជ្ញាប័ណ្ណប្រព័ន្ធប្រតិបត្តិការ Android និងផ្អាកការសហការគ្នា ជាមួយនឹងក្រុមហ៊ុន Huawei ដោយទាក់ទងនឹងច្បាប់ថ្មី ចេញពីសហរដ្ឋអាមេរិក។

ប្រសិនបើយោងទៅតាម ប្រភពពត៌មានមួយ ចេញពីប្រទេសចិន ប្រាប់ទៅដល់សារពត៌មាន HuaweiCentral ឲ្យបានដឹងថា ប្រព័ន្ធប្រតិបត្តិការថ្មីផ្ទាល់ខ្លួន របស់ក្រុមហ៊ុន Huawei គឺមានឈ្មោះថា “Hongmeng OS” ដែលបានចាប់ផ្ដើម ធ្វើការអភិវឌ្ឍន៍ តាំងពីឆ្នាំ 2012 មកម្ល៉េះ។ ប្រភពដដែលក៏បាន និយាយបន្ថែមថា ក្រុមហ៊ុន Huawei បានចាប់ផ្ដើមសាកល្បង ដាក់ឲ្យប្រើប្រាស់លើ ស្មាតហ្វូនរបស់ខ្លួន អស់រយៈពេលប្រហែល រៀងយូរណាស់មកហើយ ដោយនៅក្នុងស្ថានភាព លាក់បាំងសិនប៉ុណ្ណោះ។

ទោះបីជាយ៉ាងណា ចំពោះឈ្មោះថា “Hongmeng OS” គឺនៅមិនទាន់ប្រាកដថា ជាឈ្មោះប្រើប្រាស់ផ្លូវការ ឬក៏ជាឈ្មោះកូដប្រើប្រាស់ បណ្ដោះអាសន្ននោះឡើយ ដោយគ្រាន់តែបានបញ្ជាក់ថា ឈ្មោះមួយនេះ ពិតជាមាន ទំនាក់ទនងជាមួយនឹង ប្រព័ន្ធប្រតិបត្តិការថ្មីនេះ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei នៅមិនទាន់បញ្ជាក់ ជាផ្លូវការនៅឡើយ អំពីប្រព័ន្ធប្រតិបត្តិការ ផ្ទាល់ខ្លួនថ្មីមួយនេះ ក៏ប៉ុន្ដែគ្រាន់តែបានដឹងថា ស្មាតហ្វូនជំនាន់ក្រោយៗ របស់ខ្លួន នឹងត្រូវបានផ្អាក ការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android ចាប់ពីពេលនេះតទៅហើយ។

 

សរុបមក សម្រាប់អ្នកកំពុងប្រើប្រាស់ ស្មាតហ្វូនពីក្រុមហ៊ុន Huawei គឺនៅតែអាចដំណើរការ ប្រព័ន្ធប្រតិបត្តិការ Android ជំនាន់ពីមុនៗ បានដដែល ដោយគ្រាន់តែមិនអាច អាប់ដេតទៅកាន់ជំនាន់ថ្មីៗ ហើយសម្រាប់កម្មវិធី Google Play Store នឹងប្រហែលជាអាច ឈប់ដំណើរការ នៅពេលខាងមុខនេះ។

ប្រភព៖ CAMBO REPORT