Huawei បញ្ចេញនាឡិកា​វៃ​ឆ្លាត Huawei Watch 2 ដែល​មាន​តម្លៃ​ចាប់​ពី ២៤០ ដុល្លារ​ឡើង​ទៅ!

Published Date: Monday, June 4, 2018 09:19 AM

កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei បានដាក់បង្ហាញជា ផ្លូវការនូវនាឡិកាវៃឆ្លាត Huawei Watch ជំនាន់ទី ២ របស់ខ្លួន ដើម្បីជំនួសដំណែង Huawei Watch កាលពីឆ្នាំមុន ប៉ុន្តែម្ដងនេះ គេបញ្ចេញម្ដង ៣ គ្រឿងតែម្ដង ដែលមានដូចជា ម៉ូឌែលមានតែ Bluetooth, ម៉ូឌែលប្រើស៊ីម 4G, និង ម៉ូឌែលប្រើប្រាស់ eSIM 4G ដូចជា Apple Series 3 អញ្ចឹងដែរ។

 

ទៅលើរចនាបថ វាមិនបានផ្លាស់ប្ដូរអ្វីនោះទេ ដោយវានៅតែប្រើប្រាស់ តួខ្លួនជាលោហៈ Stainless Steel ពណ៌ខ្មៅដដែល ជាមួយខ្សែកៅស៊ូស្វិត ដែលតួខ្លួនរបស់នាឡិកាគឺប្រវែង ៤៥ x បណ្ដោយនៃគន្លឹះភ្ជាប់ ខ្សែ ៤៩ x និងកម្រាស់ ១២.៦ មីលីម៉ែត្រ និងមានទម្ងន់សរុប ៥៧ ក្រាម ហើយវាក៏បានបំពាក់នូវអាវក្រោះការពារទឹកកម្រិត IP58 ផងដែរ។ នៅផ្នែកខាងលើ Huawei Watch 2 (2018) ប្រើប្រាស់នូវបន្ទះបង្ហាញប្រភេទ OLED ទំហំ ១.២ អ៊ីញដែលមានកម្រិត បង្ហាញរូបភាព ៣៩០ x ៣៩០ ភិចស៊ែល និងបានការពារដោយកញ្ចក់ផុស Gorilla Glass ពីលើផងដែរ។ ចំណែកឯផ្នែកខាងក្នុង វាបានប្រើប្រាស់នូវបន្ទះឈីប Snapdragon 210 អមជាមួយនឹងរ៉េម ៧៦៨ មេហ្គាបៃ និងអង្គផ្ទុកទិន្នន័យ ៤ ជីហ្គាបៃ ហើយនាឡិកានេះ ត្រូវបានដំណើរកាដោយ Google Android Wear ជំនាន់ ២.០។

 

ទៅលើផ្នែកស៊េនស័រ ក្រុមហ៊ុន Huawei បានសហការ ជាមួយក្រុមហ៊ុន Galvanic Skin ដែលផលិតស៊េនស័រសម្រាប់តាមដាន នូវសុខភាពរបស់អ្នកប្រើប្រាស់ ដូចជាស៊េនស័រវាស់ស្ទង់សុខភាព ដូចជាចង្វាក់បេះដូង, សម្ពាធឈាម, រង្វាស់កាឡូរី, រង្វាស់ដង្ហើម, រយៈពេលដំណេក និងជំហ៊ាននៃការដើរ -ល-។ វាក៏បានប្រើប្រាស់នូវបច្ចេកវិទ្យា Beidou ជាមួយ GPS ព្រមទាំងត្រីវិស័យ សម្រាប់ចាប់យកទីតាំងបានត្រឹមត្រូវ និងងាយស្រួលក្នុងការបង្ហាញផ្លូវផងដែរ។ លើសពីនេះទៅទៀត វាបានបំពាក់ជាមួយបច្ចេកវិទ្យា NFC ផងដែរ កាន់តែងាយស្រួលដើម្បីភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិចនានា ពិសេសគឺវាអាចធ្វើការជាមួយនឹងការទូទាត់សាច់ប្រាក់តាមរយៈ NFC ផងដែរដូចជា Huawei Pay, Ali Pay, WeChat Pay ជាដើម។

 

ចំពោះថាមពលថ្មរបស់ Huawei Watch 2 ទាំងបីនេះ ក្រុមហ៊ុនមិនបានបញ្ជាក់ អំពីទំហំច្បាស់លាស់នោះទេ ប៉ុន្តែបានអះអាងថា ថាមពលថ្មរបស់វាសាកម្ដង អាចប្រើប្រាស់បាន ១ ថ្ងៃកន្លះទៅ ២ ថ្ងៃបានយ៉ាងងាយ គ្រាន់តែការសាកថ្មចូលពី ០ ទៅ ១០០% វាប្រើពេល ១០០ នាទី។ Huawei Watch 2 ត្រូវបានដាក់លក់នៅ ក្នុងប្រទេសចិនហើយ ដែលមានជម្រើស ៣ ពណ៌ដូចជា ពណ៌ខ្មៅ, ពណ៌ទឹកក្រូចលាយ, និងពណ៌ប្រផេះ ជាមួយនឹងតម្លៃ ២៤០ ដុល្លារឡើងទៅ ហើយចំពោះម៉ូឌែលប្រើប្រាស់ eSIM មានតម្លៃចាប់ពី ៣១០ ដុល្លារឡើង។

ប្រភពៈ CAMBO REPORT