Huawei បាន​ប្រកាស​អោយ​ដឹង​ស្មាតហ្វូន​ម៉ូឌែល​ណា​ខ្លះ នឹង​ទទួល​បាន Android Q មុន​គេ!

Published Date: Saturday, May 11, 2019 09:08 AM

ពិតប្រាកដណាស់ នាពេលបច្ចុប្បន្ននេះ ហាក់បីដូចជានៅមាន ស្មាតហ្វូនជាច្រើនទៀត ដែលនៅមិនទាន់ ទទួលបាន កំណែអាប់ដេតទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie នៅឡើយទេ ក៏ប៉ុន្ដែនាពេលថ្មីៗនេះ ក្រុមហ៊ុន Google ក៏បានធ្វើការប្រកាសចេញ ជាផ្លូវការ រួចទៅហើយ ថាក្រុមការងាររបស់ខ្លួន កំពុងតែអភិវឌ្ឍន៍លើ Android Q ជាបន្ដទៀត។ ខណៈពេលដែលក្រុមហ៊ុន Google ប្រកាសចេញភ្លាមៗនោះ Huawei ក៏បានធ្វើការ បង្ហោះចេញអត្ថបទ ឆ្លើយតបបន្ដទៅលើ កម្មវិធីបណ្ដាញសង្គមចិន Weibo ឲ្យអ្នកគាំទ្រដឹងថា ស្មាតហ្វូនលំដាប់កំពូលៗ ចំនួនដល់ទៅ 8 ម៉ូឌែលឯណោះ ដែលនឹងទទួលបាន កំណែអាប់ដេតទៅកាន់ ប្រព័ន្ធប្រតិបត្តិការ Android Q មុនម៉ូឌែលដទៃៗទៀត។

ស្មាតហ្វូនរបស់ Huawei ដែលមានសំណាងទទួលបាន Android Q ដំបូងគេ ទាំងអស់នោះ គឺរួមមានដូចជា Mate 20/Mate 20 Pro/Mate 20 X/Mate 20 RS Porsche Design, P30/P30 Pro, Magic 2 ហើយនិង View 20/V20។ ក្រៅពីនេះ សម្រាប់ស្មាតហ្វូន ម៉ូឌែលផ្សេងៗទៀត ដែលមិនឃើញមាន នៅក្នុងបញ្ជីមួយនេះ គឺប្រហែលជាអាចត្រូវបាន Huawei ប្រកាសប្រាប់ជូនបន្ដ នៅពេលក្រោយៗផងដែរ។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ ស្មាតហ្វូន Mate 20 Pro នឹងអាចមានឱកាស ទទួលបានរសជាតិ ប្រព័ន្ធប្រតិបត្តិការ Android Q មុនគេបង្អស់ ដោយចូលរួមក្នុងប្រព័ន្ធ Beta (ជំនាន់ទី 3) ដែលនឹងធ្វើការចាប់ផ្ដើម នៅក្នុងសប្ដាហ៍នេះតែម្ដង។ ទោះបីជាយ៉ាងណា Google បានតម្រូវឲ្យអ្នកទាំងអស់គ្នា យ៉ាងហោចណាស់ ធ្លាប់បានបង្ហោះកម្មវិធី 1 ទៅក្នុង Google Play Store ទើបអាចធ្វើការ ចុះឈ្មោះប្រើប្រាស់ ក្នុងប្រព័ន្ធបែតា (Beta) បាន។

សរុបមក ក្រុមហ៊ុន Google កំពុងតែមានគម្រោង ធ្វើការប្រកាសចេញ ប្រព័ន្ធប្រតិបត្តិការ Android Q ជំនាន់ចុងក្រោយជាផ្លូវការ នៅប្រហាក់ប្រហែល ចុងខែកញ្ញា ឆ្នាំ 2019 ឯណោះ ហើយក្រុមហ៊ុន Huawei គ្រាន់តែបញ្ជាក់ប្រាប់ថា ខ្លួននឹងបញ្ចេញ កំណែអាប់ដេត ទៅឲ្យអ្នកប្រើប្រាស់ ក្នុងពេលភ្លាមៗតែម្ដង ប៉ុន្ដែយើងមិនទាន់ដឹងថា គឺនៅចំថ្ងែណា ឲ្យប្រាកដ នៅឡើយទេ។

ប្រភព៖ CAMBO REPORT