Huawei Mate 20 និង Mate 20 Pro បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ជា​មួយ ខួរ​ក្បាល​វៃឆ្លាត ល្បឿន​លឿន កាមេរ៉ា​កប់ និង​មាន​ថ្ម​កម្រិត​យក្ស!

Published Date: Wednesday, October 17, 2018 02:07 PM

កាលពីឆ្នាំមុន Huawei បាននាំយកស្មាតហ្វូនត្រកូល Mate មកកាន់ទីផ្សារបានយ៉ាងជោគជ័យ ដែលវាមានដល់ទៅ 2 ម៉ូឌែលគឺ Mate 10 និង Mate 10 Pro ជាមួយរូបរាងប្រហាក់ប្រហែលគ្នាច្រើន តែខុសត្រង់លក្ខណៈសម្បត្តិបន្តិចបន្តួច។ សម្រាប់ឆ្នាំ 2018 វិញ Huawei ក៏ទើបនឹងប្រកាសចេញ ជាផ្លូវការនូវសិស្សប្អូន ជំនាន់ថ្មីពីរគ្រឿងផ្សេងទៀតស្ថិតនៅ ក្នុងខ្សែស្រឡាយ Mate ដដែលគឺ Mate 20 និង Mate 20 Pro ដែលឆ្នាំនេះគឺខុសពីឆ្នាំមុន ជាមួយនឹងការកែប្រែ រូបរាងខុសប្លែកគ្នាច្រើនគួរសម គួបផ្សំនឹងមុខងារថ្មី ដែលស្មាតហ្វូនទាំង 2 នេះផ្ដល់ឲ្យ។ ហេតុនេះ តើស្មាតហ្វូនទាំងពីរ ពិតជាកំពូលស្មាតហ្វូន កម្រិតខ្ពស់របស់ Huawei សម្រាប់ចុងឆ្នាំ 2018 នេះមែនទេ? តើវាមានភាពទាក់ទាញត្រង់ចំនុចណាខ្លះ? ហើយអ្នកគួរតែពិចារណា ទិញមួយណា បើជ្រុលលង់ស្នេហ៍ចង់បានវា កាន់ប្រើទៅហើយនោះ?

 

រូបរាងរចនាបទ

ពិតដូចទៅនឹងរូបភាពដែលបានបែកធ្លាយ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ កន្លងទៅនេះ ជាមួយនឹង Mate 20 និង  Mate 20 Pro បានកែប្រែរូបរាង ថ្មីស្រលាង ជាមួយនឹងរចនាបទ ទាក់ទាញសម្រាប់មនុស្សសម័យថ្មី។ ខាងមុខ និងខាងក្រោយការពារ ដោយកញ្ចក់រឹងមាំ ដែល Huawei អះអាងថា វាមានភាពស្វិត មិនងាយបែកប្រេះស្រាំ ថែមទាំងកាត់បន្ថយ ស្នាមម្រាមដៃបាន ប្រសើរជាងជំនាន់មុនទៀតផង ដែលអមមកជាមួយ នឹងតួម៉ាស៊ីនរឹងមាំល្អ ផលិតឡើងពីលោហៈ ដែលច្របាច់ បញ្ចូលគ្នាជាមួយនឹង ខ្សែអង់តែនជំនាន់ថ្មី ធ្វើឲ្យ Mate 20 និង Mate 20 Pro មានសេវាទូរស័ទ្ទពេញ ជាងស្មាតហ្វូនកំពូលៗ នៅពេលបច្ចុប្បន្ន។

 

នៅខាងស្នាំមានប៊ូតុង Power និងប៊ូតុងសម្លេង មានរន្ធ USB ប្រភេទ C នៅខាងក្រោម អមមកជាមួយ នឹងរន្ធបំពងសម្លេង តែក៏ត្រូវលុបបំបាត់ រន្ធដោតកាសផងដែរ។ យ៉ាងណាក៏ដោយ ដូចបានបញ្ជាក់ខាងដើម  Mate 20 និង  Mate 20 Pro មានរចនាបទខុសគ្នា បន្តិចបន្តួច បើទោះបីជាខ្នងខងក្រោយ មានសភាពភ្លឺរលើបរលោង បែបកោង ងាយស្រួលចាប់កាន់ក្នុង ប្រអប់ដៃមែនដូចគ្នាក៏ពិតមែន តែម៉ូឌែល Mate 20 ត្រូវបានបំពាក់មក ជាមួយសេនស័រស្កេន ក្រយៅដៃនៅផ្នែក ខាងក្រោមកាមេរ៉ា ដែលអាចដោះសោរ បានរហ័សបំផុត ខណៈពេលដែល Mate 20 Pro មានមុខងារដោះសោរ នៅលើផ្ទៃអេក្រង់ខាងមុខ ដែលបង្កប់នៅលើអេក្រង់ផ្ទាល់ សម្គាល់ម្រាមដៃបានរហ័ស និងមានសុវត្ថិភាព។

 

វាក៏បានបំពាក់មកជាមួយនឹងអាវក្រោះការពារទឹក និងធូលី កម្រិត IP53 សម្រាប់ម៉ូឌែល Mate 20 និងកម្រិត IP68 សម្រាប់ម៉ូដែល Pro ផងដែរ ហើយ Huawei មាន Case ពិសេសសម្រាប់វាទាំងពីរ ដើម្បីឲ្យអ្នកប្រើប្រាស់អាចថតរូប នៅក្នុងទឹកមិនថាទឹកសាប ឬទឹកប្រៃនោះទេ បានជម្រៅដល់ទៅ 5 ម៉ែត្រ តែត្រូវចំនាយប្រាក់ផ្សេងដើម្បីទិញក្រៅ។

អេក្រង់ដំណក់ទឹក និងក្បាលឆក

Huawei Mate 20 មានអេក្រង់បែប តំណក់ទឹកទំហំ 6.53 អ៊ិញ ដែលមានសមត្ថភាព បង្ហាញរូបភាពកម្រិត Full HD+ មានកម្រិត Ratio 18.7:9 ប្រើប្រាស់បន្ទះបង្ហាញប្រភេទ LCD ប៉ុណ្ណោះ តែវាជាអេក្រង់ល្អមួយ ជាមួយនឹងពណ៌ដុតច្បាស់ ពិសេសវាអាចជះពន្លឺ បានលោតដល់ 820nit ងាយស្រួលសម្រាប់ការ យកតាមខ្លួនប្រើប្រាស់នៅក្រោមពន្លឺខ្លាំង។ ចំនែកឯ Mate 20 Pro វិញ វាប្រើប្រាស់អេក្រង់ផ្សេង មួយបែបទៀតស្ដាយដូចទៅនឹង iPhone តែវាមានទំហំតូចជាង ជាមួយនឹងសមត្ថភាព បង្ហាញរូបភាពកម្រិត 2K ឬ 1440p ក្នុងទំហំអេក្រង់ 6.3 អ៊ិញ ប្រើប្រាស់បន្ទះបង្ហាញរូបភាព OLED ផ្ដល់ពណ៌បានល្អជាង មុដជាង ដុតជាង អេក្រង់ LCD នៅលើ Mate 20 ធម្មតា តែវាក៏ថ្លៃជាងដែរនៅ ពេលដែលយើងនិយាយ ទៅដល់តម្លៃ តែបើថ្លៃមែន តែវាក៏អាចឲ្យយើងទស្សនាវីដេអូ HDR កម្រិតខ្ពស់នៅលើ YouTube, Netflix និង File វីដេអូផ្សេងៗទៀតផង។

 

កម្លាំងម៉ាស៊ីន

លើកនេះ Huawei លេងធ្ងន់តែម្ដង ដោយស្មាតហ្វូនជំនាន់ថ្មី ទាំងពីរម៉ូឌែលរបស់ខ្លួន ត្រូវបានបំពាក់មកជាមួយ ខួរក្បាលវៃឆ្លាតជំនាន់ ចុងក្រោយគេទាំងអស់ ជាបន្ទះឈីប SoC ផលិត និងអភិវឌ្ឍន៍ឡើងដោយ Huawei ផ្ទាល់គឺ Kirin 980 មានទំហំត្រឹមតែ 7nm ដំបូងគេបំផុតលើលោក។ ឈីបថ្មីត្រូវបាន Huawei អះអាងថាវាមានល្បឿលឿន ខ្លាំងជាងជំនាន់មុន 20% បើធៀបទៅនឹង Kirin 970 មាន Core ចំនួន 8 គ្រាប់ ដែលបំពាក់មកជាមួយនឹង GPU ពពួក  Mali-G76 អមនឹង NPU ដល់ទៅ 2 គ្រាប់ដែលជាខួរក្បាល AI ថ្មី ធ្វើឲ្យស្មាតហ្វូននេះរស់រវើក និងមានភាពវៃឆ្លាត។

 

Kirin 980 បើកសិទ្ធិឲ្យល្បឿនប្រើប្រាស់អ៊ីនធើណែតរលូនបំផុត ដែលអាចធ្វើការ Upload បានដល់ 200Mbps និង Download បានល្បឿន 1400Mbps ប្រើប្រាស់ Modem ពពួក Cat.21។ ជាងនេះទៅទៀតឈីប Kirin 980 អាចប្រើប្រាស់ជាមួយនឹងមុខងារ Dual GPS អំណោយផលទៅដល់ ការកំណត់ទីតាំង បើទោះបីជានៅផ្លូវក្រោមដី ក្នុងអគារ ឬនៅតាមផ្លូវអាកាសក្ដី ម្ចាស Mate 20 ទាំងពីរម៉ូឌែលអាចមើលទីតាំងរបស់ខ្លួនបានច្បាស់បំផុត។

កាមេរ៉ា 3 គ្រាប់វៃឆ្លាត

មិនខុសពីម៉ូឌែល P20 Pro ចេញដើមឆ្នាំនេះនោះទេ Mate 20 និង 20 Pro បំពាក់កាមេរ៉ាដល់ទៅ 3 គ្រាប់ ផលិតឡើងក្រោម កិច្ចសហការណ៍ជាមួយ Leica ដែលពួកវាដំណើរការ ខុសៗគ្នាទៅតាមការកំណត់ដោយ៖

Mate 20

•    កាមេរ៉ាទី1 ជាប្រភេទ Ultrawide ទំហំ 16 មេហ្គាភិចសែល មានកម្រិត Aperture f/2.2

•    កាមេរ៉ាទី 2 ជាប្រភេទ Wide Angle ទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/1.8

•    កាមេរ៉ាទី 3 ជាប្រភេទ Telephoto ទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.4

Mate 20 Pro

•    កាមេរ៉ាទី1 ជាប្រភេទ Wide Angle ទំហំលោតដល់ 40 មេហ្គាភិចសែល មានកម្រិត Aperture f/1.8

•    កាមេរ៉ាទី 2 ជាប្រភេទ Ultrawide  ទំហំ 20 មេហ្គាភិចសែល មានកម្រិត Aperture f/2.2

•    កាមេរ៉ាទី 3 ជាប្រភេទ Telephoto ទំហំ 8 មេហ្គាភិចសែល មានកម្រិត Aperture f/2.4

ជាមួយនឹងលក្ខណៈសម្បត្តិរបស់ កាមេរ៉ានៃស្មាតហ្វូនទាំងពីរខាងលើ យើងអាចនិយាយបានថា Mate 20 Pro មានកាមេរ៉ាប្រសើរជាង មានមុខងារថតវៃឆ្លាត ជាងជាមួយនឹង AI ដែលអាចសម្រួលទៅដល់ពណ៌ ការថតប្រើប្រាស់ប្រព័ន្ធពន្លឺ ISO លោតដល់ 102400 មានមុខងារ AIS សម្រាប់ថតរូបនៅ ពេលយប់ងងឹតខ្លាំងបានប្រសើរ និងមានកម្រិត Noise តិច ថែមទាំងមាន សមត្ថភាពអាចថតរូបបែប Close Up ទៅកាន់ Object នៅជិតបានប្រសើរជាងស្មាតហ្វូនដទៃ។

 

កាមេរ៉ាខាងក្រោយក៏មានមុខងារ Super HDR Technology ដែលថតរូប 10 សន្លឹកផ្គុំចូលគ្នាតែមួយដើម្បី ទទួលបាននូវគុណភាព ច្បាស់បំផុត ផ្ដល់ពណ៌ដុត និងអាចថតបែប Portrait ព្រាលផ្ទៃខាងក្រោយ និងជាច្រើនផ្សេងៗទៀត។ ចំនែកកាមេរ៉ាខាងមុខវិញទំហំ 24 មេហ្គាភិចសែល ថតរូបបានច្បាស់ត្រជាក់ភ្នែក មានបន្ថែមមកជាមួយនឹងមុខងារ 3D Live Emoji ដែលអាចធ្វើការស្កេន នូវរបស់របរនៅជុំវិញខ្លួន ដាក់បញ្ចូលឲ្យវាមាន ជីវិតនៅក្នុងកម្មវិធីរបស់ Huawei ថែមទាំងអាចធ្វើការ ដោះសោរដោយប្រើ ផ្ទៃមុខតាមរយៈ 3D Face Unlock ដែលមានជំនួយពី IR Camera អាចដោះសោរ បានគ្រប់ស្ថានការណ៍។

ប្រព័ន្ធប្រតិបត្តិការណ៍

ទាំង Mate 20 និង Mate 20 Pro ដំណើរការដោយ Android Pie ជំនាន់ 9.0 ចេញពីប្រអប់តែម្ដង ដោយវាក្រាលដោយស្បែក UI ជំនាន់ចុងក្រោយគេ​ បង្អស់គឺ EMUI9 ជាការវិវឌ្ឍន៍ខ្លួនថ្មី ផ្ដល់នូវមុខងារច្រើន សំបូរបែបក្នុងការប្រើប្រាស់ កំណត់មុខងារ និងបញ្ចាជាមួយនឹង Gesture ដូចទៅនឹង iPhone ដែលគ្រាន់តែ ប្រើម្រាមដៃអូសពីស្ដាំ ពីឆ្វេង ឬពីក្រោមឡើងលើ នៃផ្ទៃអេក្រង់ជាការស្រេច។

ថាមពល និងការសាកថ្ម

Mate 20 មានកម្លាំងថ្មយក្សកម្រិត 4000mAh ខណៈពេលដែលម៉ូឌែល Pro លោតដល់ 4200mAh ពិតជាធំ គឺធំជាង Note 9 និង Razer Phone ទៀត។ ម្យ៉ាង អ្នកអាចនឹងគិតថា ស្មាតហ្វូនដែលអាចសាកថ្ម បានរហ័សនៅពេលបច្ចុប្បន្នគឺ OnePlus 6 ឬ OnePlus 6T ដែលត្រៀមនឹង ចេញឆាប់ៗនេះ តែ Huawei បានឆក់យកតំណែងនោះ ជាមួយនឹងមុខងារ Supercharge របស់ខ្លួនបាត់ទៅហើយ ដោយ Huawei អះអាងថា 1% នៃកម្លាំងថ្ម ប្រើពេលសាកត្រឹមតែ 30 វិនាទីប៉ុណ្ណោះ តាមរយៈដុំសាកថ្មល្បឿនលឿនកម្លាំង 40W។

 

ជាងនេះទៅទៀត Mate 20 និង Mate 20 Pro អាចធ្វើការសាកថ្ម ដោយឥតខ្សែបាន ជាមួយនឹងមុខងារសាកថ្មលឿនដូចគ្នា តែជាមួយនឹងកម្លាំង អគ្គិសនីកម្រិត 15W និងអ្វីដែលរឹតតែ ពិសេសនោះ ម្ចាស់ Mate 20 អាចប្រើស្មាតហ្វូនខ្លួន ដើម្បីសាកថ្មឲ្យ ស្មាតហ្វូនផ្សេងៗទៀត ដែលមានមុខងារ សាកថ្មឥតខ្សែដូចគ្នាបានទៀតផង ជាក្រុមហ៊ុនដំបូង ដែលមានមុខងារថ្មីនេះ។

 

ថ្ងៃចេញលក់ និងតម្លៃទីផ្សារអន្តរជាតិ

ទាំង Mate 20 និង Mate 20 Pro នឹងចេញលក់ក្នុងទីផ្សារ ពិភពលោកនៅដើមខែវិច្ឆិកាខាងមុខ និងមានទីផ្សារមួយចំនួន នឹងទទួលបានមុន ដោយតម្លៃវារាងថ្លៃបន្តិចហើយ ព្រោះម៉ាស៊ីនទាំងពីរបាន វេចខ្ចប់មកជាមួយនឹងមុខងារល្អៗ កាមេរ៉ាកម្រិតខ្ពស់ ដោយតម្លៃសម្រាប់ ទីផ្សារអន្តរជាតិគឺ៖

•    Mate 20 លក់ក្នុងតម្លៃក្រោម USD 1,000 (នៅមិនទាន់មានតម្លៃពិតប្រាកទេ)

•    ចំនែក Mate 20 Pro លក់ក្នុងតម្លៃចាប់ផ្ដើមពី USD 1,000 ឡើងទៅ

អ្នកអាចជ្រើសរើសបាន 5 ពណ៌គឺ បៃតង ខៀវ ខ្មៅ ផ្កាឈូកទឹកមាស និង Twilight ដែលមានពីរពណ៌ ច្របាច់បញ្ចូលគ្នាតែមួយ ដែលប្រែពណ៌ទៅតាម ពន្លឺនៅជុំវិញតួខ្លួនរបស់វា។ គួរបញ្ជាក់ផងដែរថា តម្លៃខាងលើគឺស្ថិតនៅបណ្ដា ប្រទេសនៅបែកអឺរ៉ុបតែប៉ុណ្ណោះ ដូច្នេះសម្រាប់ទីផ្សារស្រុកខ្មែរ ក្រុមហ៊ុន Huawei អាចនឹងមាន តម្លៃពិសេសជូន។

មតិយោបល់ពីខេមបូរីផត

សម្រាប់ការវិវឌ្ឍន៍ខ្លួនរបស់ Mate 20 និង Mate 20 Pro នៅពេលនេះ យើងអាចធ្វើការសន្និដ្ឋានបានថា ក្រុមហ៊ុន Huawei បានខិតខំ និងបានដាក់បញ្ចូលនូវ មុខងារសំខាន់ៗ ដែលម្ចាស់ស្មាតហ្វូន នីមួយៗត្រូវការនៅពេលបច្ចុប្បន្ន ថែមទាំងមានមុខមាត់ ដើម្បីប្រជែងនឹងដៃគូធំៗ ផ្សេងទៀតរបស់ខ្លួន។ វាមិនត្រឹមតែជាស្មាតហ្វូន ល្បឿនលឿន មានខួរក្បាលវៃឆ្លាតប៉ុណ្ណោះទេ វាបានវិចខ្ចប់មកជាមួយ នឹងមុខងារសុវត្ថិភាពជំនាន់ថ្មី ដូចជាដោះសោរលើផ្ទៃអេក្រង់ កាមេរ៉ា 4 គ្រាប់សម្រាប់ថតរូបបានស្អាតល្អ អមមកជាមួយនឹង សមត្ថភាពគ្រប់គ្រាន់ក្នុងការ ថតវីដេអូកម្រិតខ្ពស់ 4K ល្បឿន 60fps និងវីដេអូ Slo-Mo ល្បឿន 960fps។

 

តាមពិតទៅ Mate 20  និង Mate 20 Pro នៅមានចំនុចពិសេសៗ ច្រើនបន្ថែមទៀត ដែលយើងនៅមិនទាន់ លើកឡើងមកនិយាយអស់ ដោយក្រុមការងារ យើងលើកឡើងតែចំនុចសំខាន់ៗ សម្រាប់ឲ្យប្រិយមិត្ត អ្នកអាចទទួលបានព័ត៌មានរហ័ស ហើយខ្ញុំជឿជាក់ថា មានប្រិយមិត្តមួយចំនួនបានលង់ស្នេហ៍ វាបាត់ទៅហើយជាមួយនឹងអ្វី ដែលវាអាចផ្ដល់ឲ្យយើងបាន។ យ៉ាងណាមិញគ្រាន់តែអាន ស្ដាប់ ហើយនឹងបានដឹងនៅ មិនទាន់គ្រប់គ្រាន់នោះទេ ហេតុដូច្នេះនៅពេលវា ទាំងពីរគ្រឿងនេះហោះ ដល់ការិយាល័យ Cambo Report ក្រុមការងារយើង នឹងចាត់ការ ធ្វើការ Review ឲ្យបានលម្អិតបន្ថែម ដើម្បីបកស្ថាយនូវ ចំនុចពិសេសៗ និងអ្វីដែលវាអាចធ្វើទៅបាន។

 

សម្រាប់ខ្ញុំ ខ្ញុំជ្រើសរើសយក Mate 20 Pro ជាជាង Mate 20 ព្រោះវាមានអេក្រង់ តូចជាងបន្តិច ងាយស្រួលក្នុងការចាប់កាន់ ថែមទាំងមានកាមេរ៉ាល្អជាង អេក្រង់ច្បាស់ជាង ថ្មធំជាង មានមុខងារស្កេនក្រយៅដៃ លើអេក្រង់ និងស្កេនមុខ តែក៏ត្រូវចំណាយ ប្រាក់ច្រើនជាងផងដែរ។

ប្រភពៈ CAMBO REPORT