iPhone ដែល​ត្រៀម​ចេញ​ចុង​ឆ្នាំនេះ អាច​នឹង​មាន​ភ្ជាប់​ដុំ​សាក​ថ្ម​លឿន​នៅ​ក្នុង​ប្រអប់​ស្រាប់! មិន​ចាំបាច់​ទិញ​ក្រៅ​ទៀតទេ

Published Date: Saturday, May 5, 2018 08:54 AM

កាលពីខែតុលា ឆ្នាំ 2017 ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួន ចំនួន 3 ស៊េរី រួមមាន iPhone 8 & 8 Plus និងចុងក្រោយគឺស្មាតហ្វូន អេក្រង់លាត ថ្ងាសឆក iPhone X។ យ៉ាងណា សម្រាប់ នៅជិតចុងឆ្នាំ 2018 នេះវិញ មានបណ្តាប្រភពជាច្រើន បានបញ្ជាក់ថា Apple នឹងនាំយកវត្តមានស្មាតហ្វូន 3 ម៉ូឌែលទៀត ជាមួយអេក្រង់លាត ថ្ងាសឆក ទាំងអស់ មកបង្ហាញអោយពិភពលោក បានឃើញ ដោយវាត្រូវបាន គេអោយឈ្មោះហៅថា iPhone 9, Xs និង iPhone Xs Plus (មិនទាន់ប្រាកដថា វាឈ្មោះហៅដូចនេះ ឬយ៉ាងណា នោះទេ)។

ដូចដែលប្រិយមិត្តបានដឹងស្រាប់ហើយថា iPhone 8 & 8 Plus និង iPhone X គឺវាមានមុខងារ Support ការសាកថ្មបានលឿន ដែលភាគច្រើន គេតែងតែនិយម ហៅថា Fast Charging។ ការសាកថ្មបានលឿនបែបនេះ ក៏អាស្រ័យ ទៅលើដុំសាកថ្ម ដែលមានកម្លាំង ថាមពលធំ ជាមួយខ្សែ សាកប្រភេទ USB-C Lightning ផងដែរ ទើបឧបករណ៍របស់អ្នក អាចសាកបានឆាប់ពេញ ជាពិសេស ចំពោះ iPhone ហ្នឹងតែម្តង។ បើនិយាយពីដុំសាកថ្ម របស់ក្រុមហ៊ុន Apple គឺមានដល់ទៅ 5 ប្រភេទ និងទំហំថាមពល ខុសគ្នា ដោយ Adapter កម្លាំង 5W សម្រាប់សាកជាមួយ iPhone, Adapter កម្លាំង 10W & 12W សម្រាប់សាកជាមួយពពួក iPad (តែវាអាស្រ័យ ទៅតាមម៉ូឌែល និងកម្លាំងថាមពល ដូចជាស៊េរី Mini, 9.7 អ៊ីញ, 10.5 អ៊ីញ និង Pro 12.9 អ៊ីញ), Adapter កម្លាំង 29W សម្រាប់សាកជាមួយ MacBook និង Adapter កម្លាំង 87W សម្រាប់សាកជាមួយ MacBook Pro 15 អ៊ីញ ជាដើម។ ជាទូទៅ រាល់ពេលអ្នកទិញ iPhone ថ្មីពីប្រអប់ ដុំសាកដែលទទួល បានគឺជា Adapter កម្លាំង 5W ហើយបើទោះជាឥលូវ ចេញដល់ iPhone X ក៏ Apple នៅតែបន្តដាក់ដុំ សាកថ្មដដែលនេះ ភ្ជាប់មកក្នុងប្រអប់ ស្រាប់អញ្ចឹង ខណៈពេលដែលក្រុមហ៊ុនផ្សេងៗ បានដាក់ ឆ្នាំងសាកថ្មលឿន នៅក្នុងប្រអប់ស្មាតហ្វូន ជាយូរឆ្នាំមក ហើយនោះ។

យ៉ាងណា ថ្មីៗនេះ យើងក៏ទទួលបាន ដំណឹងលេចលឺមួយ បានបង្ហើបថា សម្រាប់ស្មាតហ្វូនដែលត្រៀម បង្ហាញវត្តមាន ជិតចុងឆ្នាំ 2018 នេះ នឹងមានភ្ជាប់ជាមួយ ដុំសាកថ្មលឿន មកស្រាប់នៅក្នុង ប្រអប់តែម្តង ដោយមិនចាំបាច់ចំណាយលុយ ទិញក្រៅទៀតនោះទេ ប៉ុន្តែយើង មិនទាន់ដឹងថា វានឹងមានកម្លាំងថាមពល ប៉ុន្មាននៅឡើយ។

ជាការពិតណាស់ បើអ្នកចង់សាកថ្មបានលឿនជាងធម្មតា ទៅកាន់ iPhone នោះគឺ ទាមទារអោយអ្នក ជ្រើសរើសទិញ ដុំសាកថ្មណា ដែលមានកម្លាំង ថាមពលធំ ដូចជា 10W ឬ 12W ជាដើម។ សរុបមកវិញ ប្រសិនបើ ដំណឹងលេចធ្លាយនេះ ក្លាយជាការពិតមែន វាគឺជារឿងមួយ ដែលរីករាយ និងល្អតែម្តង សម្រាប់អ្នកគាំទ្រ ផលិតផល Apple ហើយយើង ជឿជាក់ថា មានអ្នកប្រើប្រាស់ មិនតិចនាក់នោះទេ ដែលរង់ចាំចំនុច ពិសេសមួយនេះ។

 

នេះជាវីដេអូបង្ហាញពីដុំសាកថ្មរបស់ Apple៖

 

ប្រភពៈ CAMBO REPORT